ពីមនុស្សធ្លាប់បាក់ទឹកចិត្ត ទៀន គីមចេង ពុះពាររហូតក្លាយជាម្ចាស់មកុដរាជិនីដើរម៉ូដកម្ពុជារដូវកាលទី១

  • 2024-07-08 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុតការប្រកួតផ្តាច់ព្រ័ត្រកម្មវិធីដើរម៉ូដដ៏ធំអស្ចារ្យ Cambodia's Queen of The Catwalk រដូវកាលទី១ បានបញ្ចប់ទៅយ៉ាងរលូន កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ដោយជយលាភីដំបូងបង្អស់់បានទៅលើ តារាម៉ូដែល ទៀន គីមចេង។

អំឡុងពេលនៃការប្រកួត តារាម៉ូដែល និងជាគ្រូបង្រៀនដើរ Catwalk រូបនេះបានហែលឆ្លងវិញ្ញាសារដ៏គ្រោះថ្នាក់ជាច្រើន ទម្រាំអាចទម្លាក់បេក្ខភាពជើងខ្លាំងដ៏ទៃក្លាយជាម្ចាស់មកុដដ៏មានតម្លៃនេះ។

រូបភាព៖ ផ្តល់ដោយ អូលីវ៉ា គង់

មែនទែនទៅ មុនក្លាយជាម្ចាស់ជយលាភី Cambodia’s Queen of The Catwalk រដូវកាលទី១ គីមចេង ធ្លាប់ប៉ះទង្គិចផ្លូវចិត្តជាខ្លាំងពេលត្រឡប់ពីចូលរួមដើរម៉ូដកម្មវិធី Milan Fashion Week នៅអ៊ីតាលី ដោយសារតែនាងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចំណាយទាំងថវិកា និងពេលវេលាផ្ទាល់ខ្លួន តែបែរជាមិនសូវមានការគាំទ្រទៅវិញ ជាហេតុធ្វើឱ្យនាងមានអារម្មណ៍អន់ចិត្តខ្លួនឯងជាខ្លាំង។

ប៉ុន្តែយ៉ាងណា ម៉ូដែលរឹងមាំរូបនេះនៅតែក្រោកឈរឡើងមកបានដោយក្តីក្លាហាន ដោយនាងបានប្តូរភាពបាក់ទឹកចិត្តនោះទៅជាកម្លាំងជំរុញចិត្តដ៏រឹងមាំ ដើម្បីបន្តធ្វើការងារដែលខ្លួនស្រលាញ់ ក៏ដូចជាប្រឹងជំរុញផ្សព្វផ្សាយពីសិល្បៈ និងវប្បធម៌ដ៏ផូរផង់របស់ខ្មែរឱ្យពិភពលោកស្គាល់កាន់តែច្បាស់។

គេជឿជាក់ថា គីមចេង នឹងយកភាពជោគជ័យដែលទទួលបាននាពេលនេះ ជាគំរូភាព និងជាកម្លាំងជំរុញចិត្តឱ្យប្អូនៗជំនាន់ក្រោយ ដើម្បីពួកគេក្លាហានហ៊ានឈោងចាប់ក្តីស្រមៃខ្លនឯង ទោះតាមផ្លូវឆ្ពោះទៅរកភាពជោគជ័យវាលំបាក តែយើងត្រូវតែជម្នះឱ្យបាន។

រូបភាព៖ ផ្តល់ដោយ អូលីវ៉ា គង់

ក្នុងរាត្រីដ៏មានអត្ថន័យនេះ អូលីវ៉ា គង់ ស្ថាបនិកកម្មវិធី Cambodia’s Queen of The Catwalk បានសម្តែងក្តីត្រេកអរចំពោះ គីមចេង ដែលបានឈ្នះមកុដការដើរម៉ូដដ៏ធំអស្ចារ្យនេះ។ វាពិតជាមានអត្ថន័យណាស់ ព្រោះលោកចំណាយពេលជាង ២ឆ្នាំ ដើម្បីរៀបចំការប្រកួតនេះឡើង ដោយផ្អែកលើកបទពិសោធន៍ការចូលរួមកម្មវិធីអន្តរជាតិកន្លងមក។

លោកជឿជាក់លើការវាយតម្លៃយ៉ាងល្អិតល្អន់របស់គណកម្មការជំនាញ ដែលមានភាពសុក្រិតទៅតាមសមត្ថភាពពិតប្រាកដរបស់បេក្ខភាពដែលបង្ហាញនៅចំពោះមុខ។ ម្ចាស់មកុដ Cambodia’s Queen of The Catwalk រដូវកាលទី១ នឹងចូលរួមបំពេញសកម្មភាពផ្សេងៗជាច្រើនតាមការរៀបចំរបស់ស្ថាប័ន ដែលផ្តល់ផលវិជ្ជមានដល់សង្គមតែម្តង។

រូបភាព៖ ផ្តល់ដោយ អូលីវ៉ា គង់

ផ្តល់កិច្ចសម្ភាសន៍ក្នុងរាត្រីផ្តាច់ព្រ័ត្រ អូលីវ៉ា ថា គោលដៅធំរបស់លោក គឺចង់បង្កើតកម្មវិធីប្រកួតថ្នាក់ជាតិដ៏អស្ចារ្យមួយ ដែលអាចផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរយើងបង្ហាញឱ្យពិភពលោកបានស្គាល់។

រូបភាព៖ ផ្តល់ដោយ អូលីវ៉ា គង់

ក្រោយបង្ហាញសក្កានុពលកម្មវិធីថ្នាក់ជាតិនេះ អូលីវ៉ា ក៏មានបំណងចង់រៀបចំកម្មវិធីលំដាប់អន្តរជាតិ ដើម្បីគៀងគរអ្នកច្នៃម៉ូដអន្តរជាតិឱ្យធ្វើដំណើរមកកម្ពុជា ដូចដែលអ្នកច្នៃម៉ូដកម្ពុជាយើងធ្លាប់ធ្វើទៅចូលរួមនៅអន្តរជាតិផងដែរ។ ដូច្នេះ ទើបលោកខំប្រឹងពង្រឹងសមត្ថភាព និងប្រមូលធនធានល្អៗទុកសម្រាប់គម្រោងទៅថ្ងៃអនាគត៕

អត្ថបទ៖ Ah Mouy

អត្ថបទពេញនិយម