ខេត្តព្រះសីហនុនឹងប្រែក្លាយជាទេសចរណ៍ឆ្នេរ និងប្រជុំកោះលំដាប់ពិភពលោក

  • 2024-07-12 03:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងអនុម័តផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ច​ពិសេស​គំរូពហុបំណង នាពេលខាងមុខ ក្នុងចក្ខុវិស័យរយៈវែងដើម្បីឱ្យខេត្តនេះ ក្លាយទៅជា៖

១ -ច្រកទ្វារអន្តរជាតិ ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីក, មជ្ឈមណ្ឌលពាណិជ្ជកម្ម​ និងមជ្ឈមណ្ឌល​ហិរញ្ញវត្ថុអន្តរជាតិ

២-ប៉ូលអភិវឌ្ឍជាតិ ដោយប្រែក្លាយជាគោលដៅ​ទេចរណ៍​ឆ្នេរសមុទ្រ និងប្រជុំកោះ​លំដាប់​សកលលោក, មជ្ឈមណ្ឌល​ជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់​នវានុវត្តន៍បច្ចេកវិទ្យា។

៣-ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយ​នឹង​កិត្តិតាមជាទីក្រុងគំរូបៃតង​ប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន​ស្តីពីកិច្ចប្រជុំ​លើកទី៣ នៃគណៈកម្មាធិការសម្របសម្រួល​អន្តរក្រសួងរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២៤ បាន​ឱ្យដឹងថា ផែនការមេនេះ គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់​មួយ​សំដៅរុញ​កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព។

ផែនការមេនេះ នឹងអនុវត្តជា២ដំណាក់កាលគឺ៖

-ដំណាក់កាលទី១ ២០២៥-២០២៨៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុ ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់ ការពង្រីកមុខងារ​ភស្តុភារកម្ម និងវិស័យ​ទេសចរណ៍ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងការអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញ​ការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។

-ដំណាក់កាលទី២ ២០២៩-២០៣៨៖ ខេត្តព្រះសីហនុ នឹងពង្រឹង​តួនាទីរបស់​ខ្លួន​ជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌល​ក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្រប​សម្រាប់​សហគ្រិនភាព និងទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់​ប្រកបដោយវិបុលភាព៕

អត្ថបទ៖ សំភី

អត្ថបទថ្មី