ឱ្យតែបានផ្សព្វផ្សាយកម្ពុជាទៅពិភពលោក អេនណា លះបង់សាច់ស្រស់ឈាមស្រស់ក៏ពុំសោកស្តាយ

  • 2024-07-16 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបីជាពេលនេះ កញ្ញា កុយ អេនណា បានបញ្ចប់តួនាទីជាម្ចាស់ជយលាភីលំដាប់រងទី ១ Miss Grand Cambodia 2023 ទៅហើយក្តី តែនាងនៅតែមានចិត្តស្រលាញ់ និងមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយអ្នគាំទ្ររបស់នាងជានិច្ច។

រូបភាព៖ ហ្វេសប៊ុក Koy Anna

ដើម្បីជាអនុស្សាវរីយ៍ និងជាការចងចាំល្អផ្តល់ទៅឱ្យហ្វេនៗ បវរកញ្ញារូបស្រស់នេះបានចំណាយពេលវេលា និងប្រាក់កាក់ផ្ទាល់ខ្លួនធ្វើដំណើរទៅតំបន់ទេសចរណ៍សំខាន់ៗចំនួន ៥ ទីតាំងនៅក្នុងប្រទេសកម្ពុជា រួមមាន៖ ខេត្តព្រះសីហនុ , ព្រះវិហារ (ប្រាសាទកោះកេរ និង ប្រាសាទព្រះវិហារ) , សៀមរាប (ភ្នំគូលេន) និង រាជធានីភ្នំពេញ។

អេនណា បានឱ្យប្រធានបទវីដេអូនោះថា «អេនណា និងប្រទេសរបស់ខ្ញុំ» ដោយកញ្ញាបានតាំងចិត្តផលិតវាឡើងយ៉ាងសម្រិតសម្រាំងបំផុត ទោះត្រូវលះបង់សាច់ស្រស់ឈាមស្រស់ក៏នាងសុខចិត្ត សូម្បីព័ណ៌សម្បុរ ឬរបួសក៏ពុំគិតដែល ឱ្យតែសមិទ្ធផលចេញមកល្អ ហើយអាចផ្សព្វផ្សាយទៅឱ្យប្រជាជនកម្ពុជា និងពិភពលោកស្គាល់ពីប្រទេសកម្ពុជាបានកាន់តែច្បាស់ឡើង។

គោលបំណងចម្បងនៃការរៀបចំផលិតវីដេអូនេះ គឺដើម្បីរួមចំណែកផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក ក៏ដូចជាអនុស្សាវរីយ៍ល្អៗរបស់នាងអំឡុងពេលកាន់តំណែងជា 1st Runner up Miss Grand Cambodia 2023 ផងដែរ។

រូបភាព៖ ហ្វេសប៊ុក Koy Anna

បវរកញ្ញាដែលហ្វេនៗឱ្យរហ័សនាមថា «រាជនីថតរូប» រៀបរាប់ឱ្យដឹងថា ក្នុងចំណោមទីតាំងទាំងអស់នាងដិតដាមប្លង់ថតនៅកំពូលប្រាសាទព្រះវិហារខ្លាំងជាងគេ ដោយសារនាងបាននាំយកគុនល្បុក្កតោខ្មែរទៅបង្ហាញ ដោយមានការចូលរួមសម្តែងពីក្រុមគុនល្បុក្កតោវត្តថាន់។

នាងពិតជាកោតស្ញប់ស្ញែងការខំប្រឹងប្រែង និងការលះបង់របស់ក្រុមគុនល្បុក្កតោវត្តថាន់ខ្លាំងណាស់ ដែលសុខចិត្តចំណាយពេលវេលាឡើងទៅលើកំពូលភ្នំព្រះវិហារ ដើម្បីថតវីដេអូនេះជាមួយគ្នា ព្រោះយើងដឹងស្រាប់ហើយថា ការឡើងភ្នំព្រះវិហារត្រូវជួបផលលំបាកច្រើន តែក្រុមគុនល្បុក្កតោវត្តថាន់លះបង់ទាំងកម្លាំងកាយចិត្តលីស្គរ និងសម្ភារៈឡើងដល់កំពូលភ្នំតែម្តង។ ចំនុចនេះ ពុំស្ងើចសរសើរពុំបានឡើយ។

រូបភាព៖ ហ្វេសប៊ុក Koy Anna

មែនទែនទៅ វាមិនមែនរឿងងាយស្រួលឡើយសម្រាប់នាង ដោយត្រូវលះបង់ពេលវេលាជាច្រើន ដើម្បីហាត់សមគុនល្បុក្កតោមុនទៅសម្តែងនៅកំពូលភ្នំ ថែមទាំងចំណាយពេលឡើងកំពូលភ្នំដើម្បីសម្តែងទៀត។

អ្វីដែលសំខាន់ គឺយើងថតផ្តិតយកទិដ្ឋភាពពិតៗមិនមានតួជំនួសអ្វីឡើយ ដូច្នេះការប៉ះទង្គិចស្នាមជាំ ហើម លើរូបរាងកាយជារឿងធម្មតាទេ។ ទោះជាយ៉ាងនេះក្តី ក៏ អេនណា មិនបោះបង់ស៊ូទ្រាំថតគ្រប់ទីកន្លែងរហូតផលិតវីដេអូដ៏ល្អឯកនេះឡើងមក។

រូបភាព៖ ហ្វេសប៊ុក Koy Anna

ទីតាំងសំខាន់មួយទៀតនោះ គឺទឹកជ្រោះភ្នំគូលេន ខេត្តសៀមរាប ព្រោះនាងបានគ្រងឈុតព្រះនាងឥន្ទ្រទេវី ជាស្ត្រីដ៏អង់អាចរបស់ខ្មែរយើង ជាមួយសម្រស់ព្រៃភ្នំដែលធម្មជាតិបានផ្តល់ឱ្យ។

រូបភាព៖ ហ្វេសប៊ុក Koy Anna

បវរកញ្ញារាងខ្ពស់ស្រឡះនេះសង្ឃឹមថា ទង្វើរតូចៗរបស់នាងនឹងអាចធ្វើឱ្យគ្រប់គ្នាថតចាំឈ្មោះនាងទុកក្នុងចិត្ត ហើយទន្ទឹងរង់ចាំមើលការត្រឡប់វិញរបស់នាងក្នុងឆ្នាំណាមួយ ព្រោះនាងបានដាក់គោលដៅច្បាស់លាស់ហើយថា នឹងត្រឡប់មកវិញប្រកួតកម្មវិធី beauty pageant ម្តងទៀត គ្រាន់តែពុំទាន់អាចបញ្ជាក់ឆ្នាំបានប៉ុណ្ណោះ។

ម៉្យាង នាងចង់យកពេលវេលានេះហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងឱ្យល្អសិន ដើម្បីប្រាកដថា មកុដជយលាភីនឹងនៅលើក្បាលរបស់នាងពេលត្រឡប់មកម្តងទៀត៕

រូបភាព៖ ហ្វេសប៊ុក Koy Anna

អត្ថបទ៖ Ah Mouy