ទៅសៀមរាបតាមផ្លូវល្បឿនលឿន តើ​ចំណេញបាន​ប៉ុន្មានគីឡូម៉ែត្រ បើប្រៀបធៀបនឹងផ្លូវជាតិលេខ៦?

  • 2024-07-17 03:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន ការធ្វើដំណើរពី​រាជធានីភ្នំពេញ ទៅដល់ក្រុងសៀមរាប​ តាមផ្លូវជាតិលេខ៦ មានចម្ងាយ​ប្រហែល ៣០០គីឡូម៉ែត្រ។ ប៉ុន្តែនៅពេលមានផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប គឺមានចម្ងាយតែ ២៤៩គីឡូម៉ែត្រតែប៉ុណ្ណោះ ពោលគឺ​ចំណេញ​ប្រហែល ៥០គីឡូម៉ែត្រ។

បើតាម​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គ.ម។ គម្រោងនេះត្រូវបានចែកចេញជាពីរជំហាន ដោយគម្រោងជំហាន១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គ.ម ចំណាយថវិកាប្រមាណ ២,៥ពាន់​លានដុល្លារ និងជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១គ.ម ចំណាយថវិកាប្រមាណ១,៧ពាន់លានដុល្លារ។

ផ្លូវល្បឿនលឿននេះ មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ)រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គ.ម ខេត្តកណ្ដាល ១៨គ.ម ខេត្តកំពង់ចាម ៤៣ គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ១ តំបន់ផ្តល់សេវាកម្ម១) ខេត្តកំពង់ធំ ១៣១គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ៣ តំបន់ផ្តល់សេវាកម្ម ៤) ខេត្តសៀមរាប ១៣០គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ៥ តំបន់ផ្តល់ សេវាកម្ម ១ ចំណតរថយន្ត ១) ខេត្តបន្ទាយមានជ័យ ៩៥គ.ម (ផ្លូវប្ដូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១ ចំណតរថយន្ត ១)។សរុបមានផ្លូវប្តូរទិស១០ កន្លែង សេវាកម្ម ៧កន្លែង និងចំណតរថយន្ត២កន្លែង)។

ជាបច្ចេកទេសផ្លូវនេះ ដូចគ្នានិងគម្រោងផ្លូវល្បឿនលឿនទាំង រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ-ក្រុងបាវិត ដោយផ្លូវចែកជាបួនគន្លង ក្រាលបេតុងកៅស៊ូ (AC) ទទឹងតួផ្លូវ ២៤,៥ម. មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ២គន្លងមក)ទទឹង ៣,៧៥ម សួនចែកទិសចរាចរណ៍នៅចំកណ្ដាលទ្រូងផ្លូវទទឹង ៣ម. គន្លងផ្លូវឈប់បន្ទាន់ទទឹង ២,៥ម. និងចិញ្ចើមផ្លូវទទឹង ០,៧៥ម. ដោយបានសិក្សាល្បឿន ១០០ ទៅ១២០គ.ម ក្នុងមួយម៉ោង។

មកទល់ពេលនេះ គម្រោងផ្លូវ​ល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ (Traffic volume survey), សិក្សាជលសាស្ត្រ (Hydrological survey), ការសិក្សាភូគព្ភសាស្ត្រ (Geotechnical survey), ការសិក្សាវាស់ស្ទង់ (Topographi cal survey), ការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ (cultural relics and nature reserves survey)។ ទន្ទឹងនឹងនោះក្រុមមហ៊ុនបាននិងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលខាងមុខ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម