ម៉ោងជាក់លាក់​ដែលសម្តេច ហ៊ុន ម៉ាណែត នឹង​ចុចប៊ូតុងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

  • 2024-07-18 03:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន​ប្រកាស​ថា សម្តេច​នឹងចុចប៊ូតុង​បើកការដ្ឋាន​ព្រែកជីកហ្វូណន​តេជោ នាវេលាម៉ោង ៩:០៩នាទីព្រឹក​ថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ខាងមុខ។ ការថ្លែងនេះ ធ្វើឡើង​នៅក្នុង​ពិធីបញ្ចុះបឋមសិលា សាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០២៤។

ជាមួយគ្នានេះ សម្តេចធិបតី បាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋទូទាំងប្រទេស​ គោះ វាយស្គរ ប៉ោត ដើម្បីអបអរសាទ​ចំពោះពិធីបើកការដ្ឋានព្រែកជីកជាប្រវត្តិសាស្រ្តនេះ។

គួរដឹងដែរថា ទីតាំង​រៀបចំពិធីបើកការដ្ឋាន​ព្រែកជីកហ្វូណនតេជោ នឹងធ្វើឡើង​នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែល​ជាទីតាំងចាប់ផ្តើម​នៃគម្រោងនេះតែម្តង។

គម្រោង​នេះ មាន​ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម​ពីចំណុចព្រែកតាកែវ​ទន្លេមេគង្គ ឆ្លងកាត់​តាមព្រែក​តាឯក​នៃទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេបាសាក់​ស្រុកកោះធំ និង​បន្តរហូតដល់​សមុទ្រខេត្តកែប ពោលគឺ​ត្រូវ​ឆ្លងកាត់​ខេត្ត​ចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ២លាននាក់ រស់នៅ​អមសងខាង​ផ្លូវទឹកនេះ។

គម្រោងព្រែកជីកហ្វូណនតេជោ មានជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) នឹងមានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី