ទំនប់ស្ទាក់ស្ទឹងកំពង់គោ ខេត្តកំពង់ធំ ពេលសង់រួចអាចស្តុកទឹកបាន ៣០០លានម៉ែត្រគូប ស្រោចស្រពផ្ទៃដី ៣០ម៉ឺនហិកតា

  • 2024-07-22 02:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ស្ទឹងកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ចាប់ផ្តើមអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ គិតរហូតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណជាង ៣០% និងកំពុងបន្តអនុវត្តយ៉ាងសកម្ម ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមការចុះផ្សាយ​របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២៤ ក្នុងឱកាសដែល​ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាព​នៃការសាងសង់​គម្រោងនេះ។

គម្រោង​ទំនប់​នេះស្ថិតនៅចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖

១) សំណង់ទំនប់ស្ទាក់ស្ទឹងកំពង់គោប្រវែង ២៦០ម៉ែត្រ

២) សំណង់បញ្ចេញបញ្ចូលទឹក និងគ្រប់គ្រងទឹកចំនួន ៤៧កន្លែងចាប់ពីសំណង់ស្ទាក់ស្ទឹងកំពង់គោរហូតដល់ស្ទឹងស្លាប់

និង ៣)ប្រឡាយពង្វាងទឹកស្ទឹងស្លាប់ប្រវែង ៣០គីឡូម៉ែត្រ ខ្នងទំនប់ទំហំ ៦ម៉ែត្រ មាត់លើទំហំ ៦០ម៉ែត្រ បាតក្រោមទំហំ ២០ម៉ែត្រ និងមានសំណង់សិល្បការ្យចំនួន ១១៧កន្លែង មានសមត្ថភាពពង្វាងទឹកបានប្រមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទី។

សូមជម្រាប​ថា គម្រោងនេះ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទពេញនិយម