ទីផ្សាររថយន្តនៅជប៉ុន កំពុងបែកធ្លុះធ្លាយក្រោមស្នាដៃ BYD ខណៈ Toyota បង្កើតរោងចក្រ​អាគុយ EV ត្រៀមការពារកំពែងខ្លួន

  • 2024-07-29 06:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមក ទីផ្សាររថយន្តនៅជប៉ុន មិនងាយ​ត្រូវបាន​ក្រុមហ៊ុនបរទេស​គ្របដណ្តប់បានឡើយ ដោយ​ក្នុងប្រទេសនេះ សម្បូរ​ទៅដោយ​ក្រុមហ៊ុនក្នុងស្រុកធំៗទៅហើយ និងម្យ៉ាងទៀត​ប្រជាជន​ជប៉ុន និយមតែប្រើប្រាស់​រថយន្ត​ប្រេន​ជប៉ុនរបស់ខ្លួន​តែប៉ុណ្ណោះ។

ប៉ុន្តែចាប់តាំងពីក្រុមហ៊ុនចិន BYD បោះជំហានចូលទីផ្សារជប៉ុនតាំងពីដើមឆ្នាំ​២០២៣មក វាហាក់ដូចជាកំពុងបំបែក​ទីផ្សាររថយន្តជាតិនិយមមួយនេះបន្តិចម្តងៗ ជាពិសេស​រថយន្តអគ្គិសនី​តម្លៃធូរថ្លៃ​របស់ BYD នេះតែម្តង។

BYD បាន​បញ្ចេញលក់​រថយន្តអគ្គិសនីរបស់ខ្លួន​ជាលើកដំបូងនៅលើទឹកដីជប៉ុន ម៉ូឌែល Atto 3 ដ៏ល្បីល្បាញ កាលពីខែមករា ឆ្នាំ​២០២៣។ បន្ទាប់មក ក្រុមហ៊ុនចិននេះ ក៏បន្តបញ្ចេញ Dolphin និង Seal ទៀត ដែលធ្វើឱ្យការលក់​រថយន្ត EV របស់ BYD កើនឡើងជាបន្តបន្ទាប់​ក្នុងទីផ្សារជប៉ុន។ ក្នុងរយៈពេល ៦ខែ នៃឆ្នាំ​២០២៤នេះ BYD លក់​រថយន្តក្នុងប្រទេសជប៉ុន បាន​ប្រមាណ ១០៨៤គ្រឿង ស្មើនឹង ៣% នៃទីផ្សារ EV ជប៉ុន។

ឃើញបែបនេះ Toyota ដែលជាប្រេនគ្របដណ្តប់​លើ​ទីផ្សារក្នុងស្រុក គឺមិនព្រងើយកន្តើយទៀតឡើយចំពោះ​រថយន្តអគ្គិសនី បើទោះជាកន្លងមក​មិនសូវបានផ្តោតខ្លាំងលើប្រភេទរថយន្ត​អគ្គិសនីក៏ដោយ ពោលគឺ​ Toyota បាន​ប្រកាស​បង្កើតរោងចក្រ​អាគុយ​សម្រាប់រថយន្តអគ្គិសនី ដើម្បីត្រៀមទប់ទល់​នឹង​លំហូរ​រថយន្ត BYD មកក្នុងទីផ្សារជប៉ុន។

រោងចក្រអាគុយថ្មី​របស់ Toyota នេះ ដាក់​នៅលើកោះ Kyushu ឬហៅថាជាកោះ Sillicon របស់ជប៉ុនដែលប្រមូលផ្តុំ​ដោយ​ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ក្នុងពិភពលោក ដោយរួមមានទាំងរោងចក្រ​របស់ក្រុមហ៊ុនឈីប TSMC ទៀតផង។ អាគុយដែលផលិតនៅរោងចក្រ​នេះ នឹង​បំពាក់​លើ​រថយន្ត​ Lexus ខណៈចម្ងាយរវាងរោងចក្រ​អាគុយ EV នេះ និងរោងចក្រ​ផលិត​រថយន្ត Lexus ប្រមាណតែ ៤០គីឡូម៉ែត្រពីគ្នាតែប៉ុណ្ណោះ។

Toyota មានបំណង​មិនត្រឹមតែទប់ទល់ BYD ក្នុងស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅទីផ្សារបរទេសផងដែរ ដោយ​ការ​បង្កើតរោងចក្រនេះ គឺ Toyota ផ្គត់ផ្គង់​ដល់ការផលិតក្នុងស្រុក ១០% និងសម្រាប់នាំចេញ ៩០% ឯណោះ៕

អត្ថបទ៖ សំភី