ក្រសួងបរិស្ថាន ប្រកាស​គម្រោង​កម្ពុជា​ស្អាត គ្មាន​សំរាមប្លាស្ទិក​នៅតាមផ្លូវក្នុងឆ្នាំ២០២៥

  • 2024-08-01 08:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងបរិស្ថាន​បានប្រកាសដាក់ចេញគម្រោង កម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវក្នុងឆ្នាំ២០២៥។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង​បរិស្ថាន ក្នុងពេលអញ្ជើញជាអធិបតីនៃពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការមន្ទីរបរិស្ថានខេត្តរតនគិរី នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤។

តាមរយៈគម្រោងនេះក្រសួង ជំរុញឱ្យមានការប្រឡងប្រណាំង របស់អាជ្ញាធររាជធានីនិងខេត្តនានានៅកម្ពុជា ដើម្បីចូលរួមបំផុសគំនិតស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវក្នុងឆ្នាំ២០២៥ ជាមួយគ្នានេះ ខេត្តណាដែលមិនមានសំរាមប្លាស្ទិកនៅតាមផ្លូវនឹងទទួលបានរង្វាន់លើកទឹកចិត្តពីក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការសាទរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សំណាក់សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរាជធានី ខេត្តទូទាំងប្រទេស គឺផ្តើមចេញពីការចូលរួមប្តេជ្ញាចិត្ត និងការចូលរួមធ្វើសកម្មភាពសម្អាតអនាម័យបរិស្ថាន និងចូលរួមប្លាស្ទិកយ៉ាងផុសផុល។

សូមរម្លឹកជូនថា តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក” របស់ក្រសួងបរិស្ថាន មានប្រជាពលរដ្ឋជាង ៨,៧ លាននាក់ហើយបានចូលរួមនៅក្នុងយុទ្ធនាការ និងបានធ្វើឱ្យកម្ពុជាស្អាតមិនមានសំរាមប្លាស្ទិក ទន្ទឹមនឹងនេះក៏បានកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅដើមឆ្នាំ២០២៤៕