ក្រុមហ៊ុនរថយន្តជប៉ុន៣ បង្កើតសម្ព័ន្ធភាពត្រីកោណអភិវឌ្ឍន៍ EV
- 2024-08-02 04:12:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនរថយន្តជប៉ុន៣ បង្កើតសម្ព័ន្ធភាពត្រីកោណអភិវឌ្ឍន៍ EV
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តជប៉ុនធំៗចំនួន៣ គឺ Mitsubishi, Honda និង Nissan បានចុះ MoU រួមគ្នាដើម្បីបង្កើតសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍរថយន្តអគ្គិសនី និង Software កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ត្រៀមទប់ទល់នឹងក្រុមហ៊ុន EV ចិន ដែលកំពុងឡើងខ្លាំង។
ដំបូងឡើយ គឺមានតែកិច្ចសហប្រតិបត្តិការរវាង Honda និង Nissan តែប៉ុណ្ណោះដែលបានចុះកិច្ចព្រមព្រៀងកាលពីខែមីនា ឆ្នាំ២០២៤ ហើយពេលនេះគឺមាន Mitsubishi ចូលរួមក្នុងសម្ព័ន្ធភាពថែមមួយទៀត ដើម្បីបង្កើតឱកាសអាជីវកម្មថ្មី។
គោលបំណងរបស់ក្រុមហ៊ុនទាំង៣ ដើម្បីឆាប់សម្រេចបាននូវអព្យាក្រឹត្យកាបូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់កម្រិតសូន្យ។ វាអាចធ្វើទៅបានតាមរយៈការចែករំលែកនៃការចំណាយលើបច្ចេកវិទ្យាអគ្គិសនី/បរិស្ថាន និងការអភិវឌ្ឍ Software ដែលធ្វើឱ្យពួកគេអាចប្រកួតជាមួយក្រុមហ៊ុនចិនបាន។
លោក Takao Kato នាយកប្រតិបត្តិក្រុមហ៊ុន Mitsubishi បាននិយាយថា កិច្ចសហប្រតិបត្តិការជាមួយដៃគូ គឺជាគន្លឹះដ៏សំខាន់នៅក្នុងឧស្សាហកម្មយានយន្តដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារការច្នៃប្រឌិតបច្ចេកវិទ្យា ដូចជា រថយន្តអគ្គិសនី និង AI។
ក្រោមសម្ព័ន្ធភាពនេះ ក្រុមហ៊ុនទាំង៣ ក៏នឹងនឹងចែករំលែកគ្នានូវអាគុយ និងគ្រឿងបង្គុំ EV សម្រាប់ការផលិតរថយន្តនាពេលខាងមុខផងដែរ។
គួរដឹងដែរថា កាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុន Toyota បានប្រកាសបង្កើតរោងចក្រអាគុយសម្រាប់រថយន្តអគ្គិសនី ដើម្បីត្រៀមទប់ទល់នឹងលំហូររថយន្ត BYD មកក្នុងទីផ្សារជប៉ុន។ អាគុយដែលផលិតនេះ នឹងបំពាក់លើរថយន្ត Lexus។
បើសង្កេតមើលឧស្សាហកម្មរថយន្តជប៉ុនវិញ គឺនៅពេលមានការបង្កើតសម្ព័ន្ធភាពនេះ ហាក់ធ្វើឱ្យមានការហែកចែកជាពីរ ដោយមួយក្រុម គឺជា Mitsubishi, Honda, Nissan ឯមួយក្រុមទៀត គឺ Toyota, Mazda និង Subaru៕