សម័យរាជវង្ស​ឈីង សង់មហាកំពែង! តែដឹងអត់ មានសម័យរាជវង្សចិនមួយទៀត សង់មហាព្រែកជីក ដែល​ឥឡូវវាគឺជា​ព្រែកជីក​វែងជាងគេក្នុងលោក

  • 2024-08-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ យើងបានស្គាល់ហើយ​មហាកំពែង​ចិន ដែលត្រូវបានចាប់ផ្តើមសាងសង់​តាំងពី​សម័យរាជវង្សឈីង កាលពី ២ពាន់ឆ្នាំមុន។ ប៉ុន្តែ​តើ​អ្នកដឹងទេ ក្នុងរាជវង្ស​ចិនមួយទៀត គឺ​រាជវង្សស៊ួយ បាន​សង់មហា​ព្រែកជីក ហើយ​ព្រែកជីក​នោះឯង គឺបច្ចុប្បន្នជាព្រែក​ជីកដែល​វែងជាងគេបង្អស់​ក្នុងពិភពលោក។

សូមជម្រាបថា ព្រែកជីកដែល​ភ្ជាប់ពី​ក្រុងប៉េកាំង ទៅ ហាំងចូវ (Beijing-Hangzhou Grand Canal) គឺ​ជាព្រែកជីក​​វែងជាងគេ និងចំណាស់​ជាងគេ​បំផុត​ក្នុងពិភពលោក។ វាមានប្រវែង​សរុប ១៧៧៦គីឡូម៉ែត្រ ភ្ជាប់ពី​ទន្លេលឿង និងទន្លេយ៉ង់សេ ព្រមទាំង​ទន្លេផ្សេងៗទៀត ដោយចាប់ផ្តើម​ចេញ​ពីភាគខាងជើង​ក្រុងប៉េកាំង កាត់តាម​ក្រុង​ធានជីន, ខេត្តហ៊ើពៃ, ខេត្តសានទុង, ខេត្តជាំងស៊ូ និងបញ្ចប់​នៅភាគខាងត្បូងក្រុងហាំងចូវ នៃខេត្តហ្ស៊ឺជាំង។

ក្នុងឆ្នាំ​២០១៤ ព្រែកជីកនេះ ត្រូវបាន​ចុះបញ្ជី​ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។

ការពិត​ទៅ​ផ្នែកដំបូង​បង្អស់​នៃព្រែកជីកនេះ ត្រូវបានសង់​ឡើងនៅស.វទី៥ មុនគ.សមកម្ល៉េះ ប៉ុន្តែ​ទើបតែត្រូវបានរាជវង្សស៊ួយ ដែលមានអាយុកាលខ្លី ៣៧ឆ្នាំ (ពី​ឆ្នាំ៥៨១ ដល់ឆ្នាំ​៦១៨ នៃគ.ស) ជីកភ្ជាប់បញ្ចូល​គ្នា​ក្លាយជាព្រែកជីកតែមួយ និងពង្រីកកាន់តែធំ។

យ៉ាងណាមិញ ទម្រាំ​បញ្ចប់​ការសាងសង់​ព្រែកជីកនេះ រាជវង្សស៊ួយ​ បាន​ចំណាយ​ទ្រព្យ​ធនធាន​អស់យ៉ាងច្រើនបំផុត ជាពិសេស​មានមនុស្សស្លាប់​ប្រហែល​ជាង ១លាននាក់ឯណោះ ដោយសារធ្វើការខ្លាំងពេក និង​អត់ឃ្លាន។ មូលហេតុនេះហើយ ដែលធ្វើឱ្យរាជវង្សស៊ួយ កាន់តែ​ចុះខ្សោយ និងមានអាយុកាលខ្លី ជាពិសេសគឺមាន​ការងើប​បះបោរទូទាំងនគរ។

មហាព្រែកជីកនេះ ត្រូវបានប្រើប្រាស់​ធ្វើជាការដឹកជញ្ជូន​តាមផ្លូវទឹកយ៉ាងសំខាន់​ ហើយ​ក៏ជាកន្លែង​ទាក់ទាញ​ទេសចរដ៏ពេញនិយមផងដែរ សម្រាប់ប្រទេសចិន។ ​សូមជម្រាប​ដែរថា បន្ទាប់ពីព្រែកជីកខាងលើនេះ ព្រែកជីក​ដែល​វែងជាងគេលំដាប់ទី២ គឺ​ ព្រែកជីកស៊ុយអេ ក្នុងប្រទេសអេហ្ស៊ីប ប្រវែងជាង ១៩៣គីឡូម៉ែត្រ បើកដំណើរការក្នុងឆ្នាំ ១៨៦៩។ លំដាប់ទី៣ គឺព្រែកជីកប៉ាណាម៉ា ក្នុងប្រទេសប៉ាណាម៉ា ប្រវែង ៨២គីឡូម៉ែត្រ បើកដំណើរការក្នុងឆ្នាំ ១៩១៤៕

អត្ថបទ៖ សំភី