វង្ស គឹមហួត៖ ឆ្លងតាមបទពិសោធន៍​តាំង​ឆ្នាំ​២០១៣​ ក្រុម VKH Rally កម្ពុជា​រំពឹង​បាន​លទ្ធផល​ល្អ​សម្រាប់​ឆ្នាំ​នេះ​

  • 2024-08-07 06:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម VKH Rally Racing កម្ពុជាបានចេញដំណើរទៅចូលរួមព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ (Asia Cross Country Rally 2024) លើចម្ងាយផ្លូវសរុប ២៤០០គីឡូម៉ែត្រ នៅប្រទេសថៃ។

កីឡាករ វង្ស គឹមហួត

កីឡាករ វង្ស គឹមហួត លើក​ឡើងថា ឆ្លងតាមបទពិសោធន៍ធ្លាប់ចូលរួមការប្រណាំងកម្រិតអាស៊ីមួយនេះតាំងពីឆ្នាំ២០១៣ រហូតឆ្នាំ២០២៤ នេះក្រុម VKH Rally Racing នឹងទទួលបានលទ្ធផលល្អពីព្រោះក្រុមការងារមានចិត្តមោះមុត និងឆន្ទៈខ្ពស់ បូករួមនឹងបទពិសោធន៍ ភាពស្ទាត់ជំនាញជាច្រើនឆ្នាំលើផ្នែកបច្ចេកទេស ការជួសជុល និងការជួយសង្គ្រោះរថយន្តប្រណាំង។

ជើង​ខ្លាំង​ប្រណាំង Rally រូបនេះបន្ថែមថា ចំពោះបញ្ហាបច្ចេកទេសរថយន្តប្រណាំងដែលធ្លាប់ឆ្លងកាត់បានកែសម្រួលគ្រប់បែបយ៉ាងដែលគិតមិនដល់ត្រូវប្រុងប្រយ័ត្នជាងមុនទ្វេរដង។ សម្រាប់ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តសូរ៉ាតថានី គឺត្រូវសម្រាកតាមផ្លូវរយៈពេល ២ថ្ងៃទើបដល់គោលដៅដែល​គិត​ទៅ​លើចម្ងាយផ្លូវ ១៣០០គីឡូម៉ែត្រ។

ការសម្រេចចិត្តបើករថយន្តប្រណាំងផ្លូវឆ្ងាយនេះដើម្បីសាកល្បងរថយន្ត និងពិនិត្យពីបច្ចេកទេស កម្លាំងម៉ាស៊ីន គ្រឿងក្រោមរថយន្ត កង់ និងផ្នែកផ្សេងៗខ្វះខាតកន្លែងណា និងសល់ពេលវេលាច្រើនបានជួសជុលឲ្យបានល្អជៀសវាងបញ្ហាកើតឡើងដូចឆ្នាំមុន។

បញ្ជាក់​ដែរ​ថា​ ការប្រណាំង Rally ឆ្នាំ២០២៤ នេះមានរថយន្តចូលរួមរហូត ៤៥គ្រឿង រីឯ Class សាំង ៩គ្រឿង មកពី ១០ប្រទេស។ ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ ( Asia Cross Country Rally 2024 ) នឹងចាប់ផ្តើមប្រកួតរយៈពេល៦ថ្ងៃគឺ​ចាប់​ពីថ្ងៃទី១១ ដល់ ១៧ ខែសីហា នៅប្រទេសថៃ ពីខេត្តសូរ៉ាតថានី ទៅខេត្តហួហ៊ីន និងបញ្ចប់នៅខេត្តកាន់ឆាណាក់បូរី។ ក្រុម VKH Rally Racing មានរថយន្តប្រណាំងមួយគ្រឿង និងបើបរដោយកីឡាករ ហេង បញ្ញា និងជំនួយការអ្នកបើកបរកីឡាករ វង្សគឹមហួត និងមានរថយន្ត Service ៤គ្រឿង៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី