បើកឡានផ្លូវឆ្ងាយ ពេលឈប់សម្រាកម្តងៗ មិនចាំបាច់ត្រូវ​បើកគម្របម៉ាស៊ីនឱ្យឆាប់ត្រជាក់ឡើយ

  • 2024-08-07 09:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្លាប់​អ្នកបើកបរ​រថយន្តមួយចំនួន ពេល​បើកបរផ្លូវឆ្ងាយ ហើយពេល​ឈប់សម្រាកម្តងៗតែងបើកគម្រប​ម៉ាស៊ីន ដើម្បីឱ្យម៉ាស៊ីន​ឆាប់ត្រជាក់។ ការពិតទៅ ការធ្វើបែបនេះគឺជារឿងដែលមិនចាំបាច់ឡើយ។

​ម៉ាស៊ីនរថយន្ត​ពេលដំណើរការ វាតែងតែឡើង​ដល់កម្តៅប្រតិបតិ្តការ​ធម្មតា (Normal Temperature) ឬបើមើលលើកុងទ័រកម្តៅ គឺទ្រនិចវាស្ថិតនៅចំណុចកណ្តាល។ ដើម្បីរក្សា​កម្តៅនេះឱ្យនៅថេរ គឺ​វាបានភ្ជាប់មកជាមួយប្រព័ន្ធទឹករួចស្រេចមកហើយ ក្នុងការ​ការពារមិនឱ្យឡើងកម្តៅខ្លាំងហួស។ ឱ្យតែម៉ាស៊ីនរថយន្ត​ ស្ថិតនៅ​ចំណុច​កម្តៅ​ធម្មតានេះ គឺ​ម៉ាស៊ីននឹង​មិន​មានផលប៉ះពាល់អ្វីឡើយ អាចធ្វើដំណើរ​ដោយរលូន ពោលគឺ​គ្មានការ​ចាំបាច់​ណាមួយដែល​ត្រូវបើកគម្រប​ដើម្បី​ឱ្យម៉ាស៊ីនឆាប់ត្រជាក់ឡើយ។

ជាមួយគ្នានេះ ប្រសិនបើអ្នកបើកគម្របម៉ាស៊ីនចោល លោកអ្នកក៏មិនត្រូវធ្វេសប្រហែស​ទុករថយន្តចោលដែរ ព្រោះ​អាច​នឹង​មាន​មនុស្សចង់លួចផ្នែកណាមួយ​ក្នុងម៉ាស៊ីន ឬមាន​បំណងមិនល្អផ្សេងៗ។

បន្ថែមលើសនេះ លោកអ្នកក៏ត្រូវដឹងដែរថា ប្រសិន​បើរថយន្ត​អ្នកមានបញ្ហាឡើងកម្តៅហើយនោះ ទោះជាបើកគម្របម៉ាស៊ីនចោល ក៏ឥតប្រយោជន៍ដែរ ព្រោះ​បញ្ហានេះ​គឺកើតចេញ​ពីការខូចផ្នែកណាមួយ​ ក្នុងប្រព័ន្ធទឹក ឬម៉ាស៊ីន ដែលតម្រូវឱ្យជួសជុលជាបន្ទាន់៕

អត្ថបទ៖ សំភី