ប្រព័ន្ធធារាសាស្រ្ត២ ក្នុងខេត្តមណ្ឌលគិរី ដែលស្តុកទឹកបាន ១២លានម៉ែត្រគូប នឹងបម្រើឱ្យខេត្តទាំង៤ នៅភូមិភាគឦសាន
- 2024-08-08 08:17:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រព័ន្ធធារាសាស្រ្ត២ ក្នុងខេត្តមណ្ឌលគិរី ដែលស្តុកទឹកបាន ១២លានម៉ែត្រគូប នឹងបម្រើឱ្យខេត្តទាំង៤ នៅភូមិភាគឦសាន
ចន្លោះមិនឃើញ
ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះបានចុះពិនិត្យការងារសាងសង់ប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកអូតេ ស្ថិតក្នុងស្រុកអូររាំង និងប្រព័ន្ធធារាសាស្រ្តទំនប់លើទំនប់ក្រោម ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសាងសង់អាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រគូប ជាទឹករស់សម្រាប់បម្រើឱ្យតំបន់ភូមិភាគឦសានរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ការកសាងអាងទឹកដ៏ធំទាំងពីរនេះ នឹងបម្រើដល់សេចក្តីត្រូវការរបស់ខេត្តក្នុងតំបន់ភូមិភាគឦសានដែលរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី និងដើម្បីបញ្ចៀសពីហានិភ័យនៃគ្រោះមហន្តរាយទាំងឡាយដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទនិងគ្រោះរាំងស្ងួតដែលតែងកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
បណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ ជាពិសេសធ្វើឱ្យបណ្តាខេត្តភូមិភាគឦសានបង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្មមាន ដំណាំម្រេច ធុរេន ម្នាស់ ជាដើម និងបង្កើតបាននូវបរិស្ថានបៃតងគ្រប់ពេលវេលា ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ៕