សញ្ញា ៥យ៉ាង បង្ហាញ​ថាចង្កឹះ​លេខ​រថយន្ត​អូតូ​របស់អ្នកមាន​បញ្ហា

  • 2024-08-13 08:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង្កឹះ​លេខ​អូតូ​ គឺ​ពិបាក​ក្នុង​ការ​ជួសជុល ហើយវាដំណើរការ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ ចំណែក​ពេល​ខ្លះ​ការ​ជួសជុល​ចង្កឹះ​លេខ​អូតូ អាច​មាន​តម្លៃ​ខ្ពស់​ជាងម៉ាស៊ីន​ក៏​មាន​។​ ដើម្បីកុំ​ឱ្យ​ចង្កឹះ​លេខ​រថយន្ត​អូតូ​ជួប​បញ្ហា​នេះ អ្នក​បើក​បរ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​ទាំង​៥នេះ៖​​

១.មាន​សញ្ញា បុក ញ័រ ឬ​រហិល នៅ​ពេល​ប្ដូរ​លេខ

ចង្កឹះ​លេខ​អូតូ​ជា​ធម្មតា​ដំណើរ​រលូន ពេល​ប្ដូរ​ពី​មួយ​លេខ​ទៅ​មួយ​លេខ ប៉ុន្តែ​​​ពេល​​មាន​បញ្ហា វា​នឹង​កើត​មាន​កំហុស​ដូចជា បុក ញ័រ ឬ​រអិល។ បើ​រថយន្ត​របស់​អ្នក​មាន​បញ្ហា​ទាំង​នេះ អ្នក​គួរ​តែ​ឱ្យ​ជាង​ជំនាញ​ពិនិត្យ ជៀសវាង​ការ​ខូចខាត​កាន់​តែ​ធ្ងន់​។

២.ដាក់​លេខ​យូរ​ចូល

បើ​សិន​អ្នក​ទាញ​ចង្កឹះ​លេខ​ពី​អក្សរ P ទៅ D ហើយ​រថយន្ត​​អត់​ទៅ​មុខ នោះ​បញ្ជាក់​ថា វា​មាន​បញ្ហា។

៣.លោត​​ភ្លើងសញ្ញា​ចង្កឹះ​លេខ

ការ​លោត​ភ្លើង​សញ្ញា​ចង្កឹះ​លេខ មិន​មាន​ន័យ​ថា ចង្កឹះ​លេខ​អូតូ​រថយន្ត​របស់​អ្នក​មាន​បញ្ហា​ឡើយ ប៉ុន្តែ​បើ​មាន​ករណី​នេះ​កើត​ឡើង អ្នក​គួរ​តែ​ឱ្យ​ជាង​ពិនិត្យ ថា​តើ​មាន​បញ្ហា​ឬ​យ៉ាងណា? លោត​ភ្លើង​សញ្ញា​ចង្កឹះ​លេខ​មាន​ន័យ​ថា កុំព្យូទ័រ​កំពុង​បង្ក​កំហុស (Computer is generating an error code)។ ជាទូទៅ​ពេល​ចេញ​លេខ Code “P0700” បង្ហាញ​ថា ចង្កឹះ​លេខ​មាន​​មាន​បញ្ហា។

៤.ប្រេង​ចង្កឹះ​លេខ​ស្រក ឬ​លេច

តើ​អ្នក​ធ្លាប់​ឃើញ​ប្រេង​ពណ៌​ក្រហម​ថ្លា ឬ​ក្រហម​ខ្មៅ​នៅ​លើ​ឥដ្ឋ​ឬ​ដី ​ចេញ​ពី​​រថយន្ត​ដែរ​ឬ​ទេ? បើ​មាន​បង្ហាញ​ថា រថយន្ត​របស់​អ្នក​លេច​ប្រេង​ចង្កឹះ​លេខ។ បើ​សិន​ប្រេង​ចង្កឹះ​លេខ​ស្រក ឬ​លេច វា​នឹង​ធ្វើ​ឱ្យ​ផ្នែក​ខាង​ក្នុង​​​មួយ​ចំនួន​ចង្កឹះ​លេខ​កកិត ជាហេតុ​ធ្វើ​ឱ្យ​វា​ដំណើរ​ការ​រអាក់រអួល និង​អាច​ឈាន​ដល់​ការ​ខូចខាត​ធ្ងន់ធ្ងរ បើ​មិន​មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​។ ​

៥.មាន​ក្លិន​ឈ្ងៀម

ក្លិន​ឈ្ងៀម​ចេញ​ពី​ចង្កឹះ​លេខ ក៏​ជា​បញ្ហា​​ចម្បង​​មួយ​ផង​ដែរ ដែល​បញ្ជាក់​ថា ចង្កឹះ​លេខ​មាន​បញ្ហា ដោយសារ​ប្រេង​របស់​វា​កើន​កម្ដៅ​ខ្លាំង​។ វា​នឹង​ធ្វើ​ឱ្យ​កកិត​គ្រប់​ផ្នែក​ទាំង​អស់ ហើយ​បង្ក​ក្លាយ​ជា​កម្ទេចកំទី។ បញ្ហា​ទាំង​នេះ បូក​បញ្ចូល​គ្នា​ នឹង​ធ្វើ​ឱ្យ​ចង្កឹះ​លេខ​ឆាប់​ខូច៕