ទើបសង់​ផ្លូវប្របមាត់សមុទ្រហើយ! ឥឡូវនេះ ខេត្តកែប នឹងមាន​ឆ្នេរខ្សាច់​កម្សាន្ត​សាធារណៈកម្រិតខ្ពស់ថែមមួយទៀត

  • 2024-08-15 03:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បាន​ចេញសេចក្តីសម្រេច​ស្តីពី ការដាក់​ឱ្យអនុវត្តបន្តគម្រោង​អភិវឌ្ឍរមណីយដ្ឋាន​ឆ្នេរខ្សាច់កម្សាន្ត​សាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» សម្រាប់​សាធារណជន និងទេសចរ ស្ថិតនៅ​ភូមិថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្តកែប។

ក្នុង​គម្រោង​អភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់ប្រវែង ២៧០០ម៉ែត្រនេះ រួមមានដូចជា៖

-អភិវឌ្ឍឆ្នេរខ្សាច់​កម្សាន្តសាធារណៈកម្រិតខ្ពស់ មានទទឹងប្រវែង​ ៣០ម៉ែត្រ និងតំបន់សុវត្ថិភាពហែលទឹកសមុទ្រកម្សាន្ត

-សាងសង់ជញ្ជាំងទប់ដីការពារឆ្នេរសមុទ្រធ្វើពីបេតុងអារម៉េស្របតាមបណ្តោយឆ្នេរសមុទ្រ

-ផ្លូវថ្មើរជើងចំនួន ២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ដោយមាន​ផ្លូវសម្រាប់ជន​មានពិការភ្នែកនៅចំកណ្តាលស្របតាម​បណ្តោយឆ្នេរសមុទ្រ

-ផ្លូវជិះកង់ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ

-សួនច្បារមានទទឹងប្រវែងយ៉ាងតិច ៥០ម៉ែត្រ ដោយត្រូវរៀបចំចាក់ខ្សាច់​បំពេញបន្ថែម ស្របតាមស្ថានភាពដីរដ្ឋ​ជាក់ស្តែងតាមបណ្តោយឆ្នេរសមុទ្រ។

-វិថី និងអនុវិថី ចូលឆ្នេរសមុទ្រចំនួន៥ខ្សែ ដែលមានផ្លូវថ្មើរជើង ផ្លូវថ្មើរជើង​សម្រាប់ជនមានពិការភ្នែក និងផ្លូវជិះកង់

-រង្វង់មូលគយគន់ទេសភាពចំនួន ២កន្លែង ក្នុងនោះរង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅ ក្នុងទម្រង់មេទ័ពជាញជ័យ និងរង្វង់មូលទី២ មានអង្កត់ផ្ចិតប្រវែង ៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី២ ដែលគ្រោងរក្សាទុកជា លម្អសាធារណៈសម្រាប់ប្រារព្ធពិធីបុណ្យ និងពិព័រណ៍នានា

-ទំនប់រលកអំពីបេតុងអារម៉េ និងថ្មសម្រាប់ការពារឆ្នេរខ្សាច់ និងសម្រាប់កម្សាន្តសាធារណៈ មានបណ្តោយប្រវែង១៣៨ម៉ែត្រ និងមានអង្កត់ផ្ចិតប្រវែង១៨ម៉ែត្រ ស្ថិតនៅចុងរង្វង់មូលទី១

-បណ្តាញលូប្រអប់ទឹកភ្លៀងមានមុខកាត់ប្រវែង ១ម៉ែត្រ ស្របតាមផ្លូវជិះកង់តាមបណ្តោយឆ្នេរសមុទ្រ និងវិថី និងអនុវិថីចូលឆ្នេរសមុទ្រទាំង៥ ព្រមទាំងលូអ៊ុយមានមុខកាត់ប្រវែង ១,២ម៉ែត្រ ស្របតាមបណ្តោយ កំណាត់ផ្លូវជាតិលេខ៣៣A

-ចំណតរថយន្តសាធារណៈ និងបន្ទប់ទឹកសាធារណៈ ដែលភ្ជាប់ជាមួយនឹងកាហ្វេដ្ឋាន នៅទីតាំងក្បែររង្វង់មូលគយគន់ទេសភាពទាំងពីរទីតាំង សម្រាប់សាធារណជនមកលម្ហែកម្សាន្តឆ្នេរ ជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ៕

អត្ថបទ៖ សំភី