ម៉ូប៊ីន ​ជាអ្នកផ្តល់ភ្លើង​ឱ្យប៊ូស៊ី! អ៊ីចឹង​ ម៉ូប៊ីន គួរប្តូរពេលណា?

  • 2024-08-15 04:04:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​រថយន្តសាំង ប៊ូស៊ី ដើរតួនាទីសំខាន់​ណាស់​ដែល​ជាអ្នកផ្តល់​ផ្កាភ្លើង​ដើម្បីដុតសាំង ជាមួយ​ល្បាយ​ខ្យល់​ ក្នុងបន្ទប់ចំហេះ។ យ៉ាងណាមិញ អ្នកប្រើប្រាស់​មួយចំនួន​ បានត្រឹមតែដឹងនិងស្គាល់ប៊ូស៊ីនេះប៉ុណ្ណោះ ប៉ុន្តែរបស់​ដែល​សំខាន់​មួយទៀត​គឺ ម៉ូប៊ីន ព្រោះវា​នេះហើយ ដែល​ជាអ្នកបម្លែង​ភ្លើងពីអាគុយ ផ្តល់​ទៅឱ្យប៊ូស៊ីផ្ទាល់តែម្តង។ ប្រសិន​បើម៉ូប៊ីនណាមួយខូច វាក៏បង្កផលប៉ះពាល់រថយន្ត​ដែរ។

ជាទូទៅ ម៉ូប៊ីន អាចប្រើប្រាស់​បាន​ពី ១២ម៉ឺន ដល់ ១៦ម៉ឺនគីឡូម៉ែត្រ​ឯណោះ ដែល​គួរតែផ្លាស់ប្តូរចេញម្តង។ ប៉ុន្តែ​ម៉ូប៊ីន អាច​មានបញ្ហា ឬខូច មុនដល់គ្រប់ចំនួនគីឡូ ដែល​តម្រូវឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ ដើម្បី​កុំឱ្យរថយន្តជួប​បញ្ហា​កាន់តែធ្ងន់ធ្ងរជាងនេះ។ រោគសញ្ញាម៉ូប៊ីនខូច រួមមានដូចជា៖

១. ចេញសញ្ញា Check: ប្រសិន​បើម៉ូប៊ីន​ខូចនៅប្លុកស៊ីឡាំងណាមួយ វានឹងចេញសញ្ញា Check លោតភ្លឹបផ្លេក ដោយលេខកូតរបស់វាគឺ P0351 រហូតដល់ P0358។

២. ពិបាកដេរ​បញ្ឆេះ: ប្រសិនបើមានម៉ូប៊ីនណាមួយ​បានខូច វា​នឹងធ្វើអ្នកពិបាកដេរ​បញ្ឆេះ​រថយន្ត ព្រោះ​តែការផ្តល់ភ្លើងឱ្យប៊ូស៊ី មិនគ្រប់​គ្រាន់ ឬមិនគ្រប់ស៊ីឡាំង។ ប្រសិន​បើ​រថយន្តមានស៊ីឡាំង៤ ហើយម៉ូប៊ីនខូចទាំង៤ដើម គឺមិនអាច​ដេរឆេះតែម្តង។

៣. ម៉ាស៊ីន​រថយន្តឆេះអត់ស្មើៈ បើអ្នកកត់សម្គាល់​ថា​ម៉ាស៊ីនឆេះអត់ស្មើ ញ័រក្បាលឡាន ឬពេល​ជាន់ហ្គែររាងកន្រ្តាក់ម្តងៗ គឺអ្នកក៏ត្រូវគិតដល់​ពីបញ្ហាម៉ូប៊ីន​នេះ​ផងដែរ។

៤. ស៊ីសាំងជាងមុនៈ នៅពេល​ម៉ូប៊ីន​ណាមួយខូច វា​នឹង​កាត់បន្ថយការផ្តល់ថាមពល ជាហេតុ​ធ្វើឱ្យម៉ាស៊ីន​ត្រូវបឺតសាំង​ជាងមុនដែរ ដើម្បី​ទៅជួយបង្គ្រប់ថាមពល។

៥. អាចបណ្តាលឱ្យចេញភ្លើងតាមបំពង់ស៊ឺមុំាងៈ ម៉ាស៊ីនបឺត​សាំងកាន់តែច្រើន ក្នុងពេល​ម៉ូប៊ីនខូច នោះវាអាចមានករណីខ្លះ​ សាំង​មិនអាចត្រូវដុតឆេះអស់​ក្នុងបន្ទប់ចំហេះ ដូច្នេះសាំង​ដែលមិនបាន​ឆេះនោះ នឹងអាច​ហូរឆ្លងកាត់​ទៅ​ប្រព័ន្ធបញ្ចេញផ្សែង ហើយ​អាច​ចេញ​អណ្តាតភ្លើងតាមបំពង់ស៊ឺមុំាង​ទៀតផង ដោយ​លោកអ្នក​ក៏កត់សម្គាល់​ពីសំឡេងលាន់​ខ្លាំង​ចេញពីខាងក្រោយរថយន្តផងដែរ៕

អត្ថបទ៖ សំភី