ក្រៅពីស្ពានឆ្លងកាត់ទន្លេមេគង្គ! ខេត្តក្រចេះ ក៏កំពុងសង់ផ្លូវកៅស៊ូ ដែលមានប្រវែងជិត ៥០គីឡូម៉ែត្រទៀត

  • 2024-08-20 02:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០២៤ថា គម្រោង​សាងសង់​ផ្លូវខេត្ត៣៧៧ ប្រវែងសរុបជាង ៤៨គីឡូម៉ែត្រ នៅក្នុងខេត្តក្រចេះ សម្រេចការសាងសង់​បាន ៦៨,៧% ហើយ បន្ទាប់ពីបើកការដ្ឋានសាងសង់​កាលពីដើមខែមេសា ឆ្នាំ​២០២៣ និងគ្រោងបញ្ចប់​នៅ​ការសាងសង់​នៅក្នុងខែធ្នូ ឆ្នាំ​២០២៤ខាងមុខនេះ។

សូមជម្រាប​ថា គម្រោងនេះ​រួមមាន​ ផ្លូវខេត្ត​លេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។

ផ្លូវនេះ ត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ - ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧)។

ការលើក​កម្រិត​គុណភាព និងជួសជុល​ថែទាំ​កំណាត់ផ្លូវនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើងនៅរៀងរាល់រដូវវស្សា។ វាជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិសំខាន់ផ្សេងៗ ឆ្ពោះទៅកាន់រាជធានី និងខេត្តភាគឦសាន និងទៅកាន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច និងតំបន់ព្រំដែនរបស់កម្ពុជាយើង។

បើពិនិត្យទៅលើក្របខ័ណ្ឌនៃការតភ្ជាប់ប្រទាក់ក្រឡាវិញ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្តក្រចេះ(ពីរង្វង់មូលព្រាបស) ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី