ប្រទេសអាហ្វ្រិកមួយដែលឈប់នាំចូលឡានចំហេះក្នុងមុនគេកាលឆ្នាំមុន ឥឡូវដឹងខ្លួនហើយថាវាពិបាកយ៉ាងម៉េច!
- 2024-08-20 08:37:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាហ្វ្រិកមួយដែលឈប់នាំចូលឡានចំហេះក្នុងមុនគេកាលឆ្នាំមុន ឥឡូវដឹងខ្លួនហើយថាវាពិបាកយ៉ាងម៉េច!
ចន្លោះមិនឃើញ
កាលពីខែមករា ឆ្នាំ២០២៣ ប្រទេសមួយនៅទ្វីបអាហ្វ្រិកគឺ អេត្យូពី បានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតពោលគឺបានក្លាយជាប្រទេសទីមួយក្នុងពិភពលោកដែលហាមឃាត់ការនាំចូលរថយន្តចំហេះក្នុង សាំង-ម៉ាស៊ូត ដោយជំរុញការប្រើប្រាស់រថយន្តអគ្គិសនី។
បច្ចុប្បន្នប្រទេសអេត្យូពី មានរថយន្តអគ្គិសនីរត់លើដងផ្លូវប្រមាណ ១០ម៉ឺនគ្រឿង ហើយរដ្ឋាភិបាលបានប៉ាន់ស្មានថា ចំនួននេះនឹងកើនឡើង ៤ដង នៅត្រឹមឆ្នាំ២០៣២។
ការសម្រេចចិត្តផ្អាកនាំចូលរថយន្តចំហេះក្នុងរបស់អេត្យូពី ដោយសារកត្តាធំបំផុតគឺភាពខ្វះខាត និងការឡើងថ្លៃប្រេងឥន្ធនៈ។ ចំណែកការប្រើប្រាស់រថយន្តអគ្គិសនី គឺភាគច្រើនប្រមាណ ៩៦% ហើយដែលប្រើថាមពលមកពីទំនប់វារីអគ្គិសនី ដែលជួយកាត់បន្ថយការចំណាយផង និងល្អចំពោះបរិស្ថានផង។ ជាមួយគ្នានេះ រដ្ឋាភិបាលអេត្យូពី ក៏បានលើកទឹកចិត្តផ្នែកពន្ធជាច្រើនសម្រាប់ EV ផងដែរ។
កាលពីខែមិថុនាកន្លងទៅ អេត្យូពី បានបើកការដ្ឋានសាងសង់រោងចក្ររថយន្តអគ្គិសនីធំបំផុតរបស់ខ្លួន ដោយចំណាយទុនវិនិយោគ ៥២លានដុល្លារ។ រោងចក្រនេះ រំពឹងថា នឹងអាចដំឡើងរថយន្តប្រមាណ ១ពាន់គ្រឿងក្នុង១ឆ្នាំ។
យ៉ាងណាមិញ ក្នុងរយៈពេលជាង១ឆ្នាំនេះ ក្រោយបិទនាំចូលរថយន្តចំហេះក្នុង ការជំរុញប្រើប្រាស់រថយន្តអគ្គិសនីនៅអេត្យូពី បានបន្តជួបឧបសគ្គជាច្រើន។ EV មានតម្លៃថ្លៃជាងរថយន្តចំហេះក្នុង ដែលប្រជាជនជាច្រើន គ្មានលទ្ធភាពទិញ។ បន្ថែមលើសនេះ គឺកង្វះខាតហេដ្ឋារចនាសម្ព័ន្ធពោលគឺស្ថានីយសាកអាគុយ EV ដោយមានចំនួនតែ ៥០កន្លែងប៉ុណ្ណោះ ខណៈដែលច្បាប់ពាក់ព័ន្ធនឹងរថយន្តអគ្គិសនី ក៏មិនទាន់តាក់តែងឡើងគ្រប់គ្រាន់ដើម្បីឆ្លើយតបបញ្ហាដែលមានឡើងឡើយ ដែលបង្កើតភាពមិនច្បាស់លាស់សម្រាប់អ្នកវិនិយោគ។
អ្នកជំនាញយល់ឃើញថា ការផ្លាស់ប្តូររបត់ដ៏លឿនរហ័សចេញពីរថយន្តចំហេះក្នុង ទៅរថយន្តអគ្គិសនី មិនទាន់ឆ្លើយតបនឹងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនាពេលបច្ចប្បន្ននេះទេ។ កង្វះខាតគ្រឿងបន្លាស់រថយន្តអគ្គិសនីដែលមានតម្លៃ ក៏ជាករណីធំមួយផងដែរ។
ប្រភពថាមពលចម្បងរបស់អេត្យូពី ដែលទទួលបានពីវារីអគ្គិសនី កាន់តែជួបផលវិបាក ខណៈប្រទេសមួយនេះ នៅមិនទាន់មានភ្លើងប្រើប្រាស់គ្រប់គ្រាន់នៅឡើយផង តែបែរជាត្រូវបង្កើនបន្ទុកសម្រាប់សាករថយន្តអគ្គិសនីទៀត។
គុណវិបត្តិទាំងប៉ុន្មានចំណុចខាងលើនេះ បានធ្វើឱ្យប្រជាជនអេត្យូពីដែលទិញរថយន្តអគ្គិសនីតាមរយៈការលើកចិត្តរបស់រដ្ឋាភិបាលនោះ កំពុងស្វែងរកការលក់រថយន្តប្រភេទនេះចេញវិញ និងងាកទៅរកការប្រើរថយន្ត Hybrid ជាដើម៕