Hyundai ត្រៀមយក Santa Fe ធ្វើជាអាវុធ​ SUV អគ្គិសនី​ វាយលុកក្នុងទីផ្សារ

  • 2024-08-21 04:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Hyundai ត្រូវបានគេដឹងថា កំពុងអភិវឌ្ឍ​រថយន្ត Santa Fe ទៅជាប្រភេទ SUV អគ្គិសនី និងភីកអាប់​អគ្គិសនីថ្មីសន្លាង ដើម្បីទន្ទ្រានចូលទីផ្សារ​អាមេរិក។

គួរដឹងថា Santa Fe គឺជារថយន្ត SUV លក់ដាច់ជាងគេបំផុតទី២ របស់ Hyundai នៅសហរដ្ឋអាមេរិក ដោយលក់បានជាង ៦ម៉ឺន ៥ពាន់គ្រឿង គិតមកត្រឹមខែកក្កដា ពោលគឺ​ច្រើនជាងការបូកបញ្ចូលគ្នារវាង IONIQ 5 (ជាង ២ម៉ឺនគ្រឿង) និង IONIQ 6 (ជាង ៧ពាន់គ្រឿង)។

បើទោះបីជា Sante Fe ត្រូវបានរំពឹងថានឹង​អភិវឌ្ឍជារថយន្តអគ្គិសនីក៏ដោយ ប៉ុន្តែ​វានឹងបំពាក់បច្ចេកវិទ្យាថ្មី ដើម្បីឱ្យការធ្វើដំណើរបានកាន់តែឆ្ងាយ ហៅកាត់ថា (EREVs)។ ប្រព័ន្ធថ្មីនេះ នឹងប្រើថាមពលឥន្ធនៈ​សម្រាប់​ Generator ក្នុងការសាកឱ្យអាគុយ ដើម្បី​បង្កើន​ចម្ងាយបើកបរ។

គួរកត់សម្គាល់ដែរថា ថ្មីៗនេះ​ Hyundai បាន​ក្រុមអភិវឌ្ឍន៍មួយ​ «xEV System» ដែលមាន​លោក Yang Heui-won ប្រធាន​ផ្នែក R&D របស់ Hyundai Motor Group ជាអ្នកដឹកនាំ។ ក្រុមនេះ​ហើយ ទំនង​ជាក្រុម​ដែល​អភិវឌ្ឍប្រព័ន្ធ EREVs ខាងលើនេះ។

ក្រៅពី Santa Fe រថយន្ត​ Genesis GV70 រំពឹងថា​នឹងបំពាក់បច្ចេកវិទ្យានេះ ក្នុងរយៈពេលពីរបីឆ្នាំទៀត ហើយ​បន្ទាប់មក​នឹង​បំពាក់​លើភីកអាប់របស់ Hyundai និង Kia នៅអំឡុងឆ្នាំ២០២៨ ឬឆ្នាំ២០២៩៕

អត្ថបទ៖ សំភី

អត្ថបទថ្មី