ផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង! ក្រសួងថា ដាច់ខាត​ត្រូវពន្លឿនការសាងសង់​ ពេល​រដូវប្រាំងខាងមុខចូលមកដល់

  • 2024-08-22 02:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា វឌ្ឍនភាព​ការងារ​គម្រោងលើក​កម្រិតគុណភាព​ផ្លូវជាតិ​លេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ ក្នុង​ខេត្តកោះកុង សម្រេចបាន​ជាង ៦៤,០៥ %ហើយ។

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ​ក្រសួងសាធារណការ និងដឹកជញ្ជូន និងជា​ប្រធាន​គម្រោង បាន​​ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​រួមគ្នាលើកទី៥ (5th Joint Monitoring Meeting) ស្ដីពីវឌ្ឍនភាព​ការងារ​គម្រោង​លើកកម្រិតគុណភាព​ផ្លូវជាតិលេខ៤៨ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំ​ក្រសួង តំណាង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិ​សហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) តំណាង​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុនត្រួតពិនិត្យ​បច្ចេកទេស និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្ដែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារ គ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារដាច់ខាត និងពិស្តារ សំដៅពន្លឿនការងារសាងសង់សម្រាប់រដូវប្រាំងខាងមុខនេះ ឱ្យសម្រេចបានតាមគម្រោងផែនការ បញ្ចប់ការដ្ឋានសាងសង់ផ្លូវ ខែឧសភា ឆ្នាំ២០២៥។

ផ្លូវជាតិមួយខ្សែនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ ផ្លូវ២គន្លង មានប្រវែង១១៨,៣៧ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៣ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៩,៦៣គីឡូម៉ែត្រ មានទទឹងចាប់ពី ១៦ម៉ែត្រ ដល់ ២១,៥ម៉ែត្រ។

គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ គ្រោងចំណាយថវិកាសរុបប្រមាណ ៨៤,៦៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី