រដូវវស្សាទេសភាពនៅមណ្ឌលគិរីស្រស់ស្អាតណាស់ ខណៈរមណីយដ្ឋានទឹកជ្រោះប៊ូស្រាទទួលប្រជាពលរដ្ឋចូលកម្សាន្តមិនគិតថ្លៃសំបុត្ររាល់ចុងសប្ដាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ
- 2024-08-25 04:31:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដូវវស្សាទេសភាពនៅមណ្ឌលគិរីស្រស់ស្អាតណាស់ ខណៈរមណីយដ្ឋានទឹកជ្រោះប៊ូស្រាទទួលប្រជាពលរដ្ឋចូលកម្សាន្តមិនគិតថ្លៃសំបុត្ររាល់ចុងសប្ដាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ
ចន្លោះមិនឃើញ
មណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នឹងបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃចូលកម្សាន្តរៀងរាល់ចុងសប្ដាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរីពិសេសដែលកំពុងមានទេសភាពយ៉ាងស្រស់ស្អាតនៅរដូវវស្សានេះ។
លោកស្រី សេង សុជាតិតា នាយិកាក្រុមហ៊ុនបានឲ្យដឹងថា ការអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ។ ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី តាំងពីឆ្នាំ២០១៥ លើផ្ទៃដីដែលកំពុងគ្រប់គ្រងមានទំហំ ១១៩ហិតា ក្នុងគោលបំណងរៀបចំស្តារមណីយដ្ឋានឡើងវិញតាមបែបអេកូទេសចរណ៍ និងធម្មជាតិ។
បច្ចុប្បន្នការគ្រប់គ្រងនៃតំបន់រមណីយដ្ឋាននេះគឺបានស្តាឡើងវិញនូវផលអវិជ្ជមានកន្លងមកគឺស្ថាបនាថ្មីយ៉ាងច្រើន និងបានផ្ដល់ការងារដល់អ្នកក្នុងតំបន់ អ្នកចំណាកស្រុក និងជនជាតិភាគតិចសរុបបុគ្គលិកចំនួន ៣០នាក់ផ្ដល់កន្លែងធ្វើអាជីវកម្មដល់អាជីវករក្នុងតំបន់ចំនួន ៥៥គ្រួសារ និងផ្ដល់កន្លែងលក់ដូរជូនជនជាតិភាគតិចដោយមិនគិតថ្លៃចំនួន ៥០គ្រួសារ។
ទន្ទឹមនេះក្រុមហ៊ុនមានគម្រោងសាងសង់បន្ថែមរួមមាន សេវាកម្មជិះម៉ូតូកង់បួនទេសចរណ៍(ATV)ទៅទស្សនាទឹកធ្លាក់ជាន់ទី៣, សាងសង់រានហាលកញ្ចក់ទស្សនាទឹកជ្រោះ,សាងសង់សួនសង្គ្រោះសត្វព្រៃ ដែលនឹងនាំមកនូវបទពិសោធថ្មីដើម្បីឈ្វេងយល់អំពីសត្វព្រៃដែលនឹងរួចរាល់ក្នុងពាក់កណ្ដាលឆ្នាំ២០២៥ ស្របពេលដែលក្រសួងអភិវឌ្ឍន៍ជនបទ ក៏នឹងចូលរួមចំណែកក្នុងការស្ថាបនាឡើងវិញនូវផ្លូវចូលក្នុងរមណីយដ្ឋានផងដែរ។
ការចូលរួមចំណែកពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បើកឱ្យប្រជាពលរដ្ឋចូលទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដោយមិនគិតថ្លៃសម្រាប់ថៃ្ងសៅរ៍ និងថ្ងៃអាទិត្យមានរយៈពេល ៤ខែ ដោយគិតចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមគាំទ្រគំនិតផ្តូចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕