ឡានអ៊ីដ្រូសែន​កំពុងកក្រើកហើយ ដល់ថ្នាក់ Toyota ត្រូវចាប់ដៃជាមួយ BMW

  • 2024-08-27 08:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនជប៉ុន Toyota និងក្រុមហ៊ុនអាល្លឺម៉ង់ គ្រោងនឹងបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការជំរុញអភិវឌ្ឍរថយន្ត​ចំហេះអ៊ីដ្រូសែន ដែលជាជម្រើសផ្សេងក្រៅពី​រថយន្តអគ្គិសនី ដែល​កំពុងមានតម្រូវការ​យឺត។

គេរំពឹងថា ក្រុមហ៊ុនយក្សរថយន្តទាំងពីរនេះ នឹង​ចុះ MoU នៅអំឡុងដើមខែកញ្ញាខាងមុខ ដោយវានឹង​ជួយកាត់បន្ថយការចំណាយទាំងពីររបស់ក្រុមហ៊ុនទាំងពីរ។ ក្រោមកិច្ចព្រមព្រៀងនេះ Toyota នឹងបង្កើនតួនាទីរបស់ខ្លួន​ដោយការផ្គត់ផ្គង់​គ្រឿងបង្គុំសំខាន់ៗ​សម្រាប់ BMW ដោយរួមមានទាំងធុងអ៊ីដ្រូសែន និងប្រព័ន្ធចំហេះឥន្ធនៈ។ ចំណែក BMW នឹងច្របាច់បញ្ចូល​បច្ចេកវិទ្យា EV របស់ខ្លួន ដូចជាប្រព័ន្ធបើកបរជាដើម ទៅក្នុងដំណើរការផលិត។

គួរដឹងថា BMW កំពុងត្រៀមបញ្ចេញ​រថយន្តអ៊ីដ្រូសែន iX5 ដែលអាចធ្វើដំណើរបានដល់ជាង ៥០០គីឡូម៉ែត្រ ហើយពេល​ចាក់បំពេញវិញនោះ ប្រើពេលត្រឹមតែ បីបួននាទីប៉ុណ្ណោះ។ ចំណែក​ Toyota បាន​បញ្ចេញលក់រថយន្តអ៊ីដ្រូសែនដ៏ល្បីល្បាញ​របស់ខ្លួនរួចមកហើយ គឺ Toyota Mirai។

គួរកត់សម្គាល់ថា ក្រុមហ៊ុនធំៗមួយចំនួន បានចាប់ផ្តើមផ្តោតទៅលើការផលិតរថយន្តអ៊ីដ្រូសែន បណ្តើរៗហើយ។ ក្នុងនោះក្រុមហ៊ុន Honda បាន​ដំណើរការផលិត​រថយន្ត Honda CR-V 2025 e:FCEV ដែលប្រើចំហេះអ៊ីដ្រូសែន​លាយជាមួយអាគុយ ជាលើកដំបូង។

ថ្មីៗនេះ ក្រុមហ៊ុន Tesla ក៏មានគម្រោង​ផលិតរថយន្តអ៊ីដ្រូសែន​ ដោយមើលឃើញថា ថាមពលអ៊ីដ្រូសែន ជាយុទ្ធសាស្រ្ត​ថ្មី​ក្នុងឧស្សាហកម្ម​យានយន្ត​ដែល​កំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ គោលបំណង​នៃគម្រោង​អ៊ីដ្រូសែន​ថ្មី​របស់ Tesla គឺ​ប្រើប្រាស់​ចំហេះ​ឥន្ធនៈ​ដើម្បី​បង្កើត​អគ្គិសនី។ ក្នុងនោះ រថយន្ត Tesla ទីមួយ​ដែល​ប្រើថាមពលអ៊ីដ្រូសែន គឺ Model H ដែលរំពឹងថានឹង​ចេញឆ្នាំ​២០២៦៕

អត្ថបទ៖ សំភី