៣ ចំនុចជួយឱ្យ ឡូយ ច័ន្ទរស្មី ឈ្នះមកុដ Miss Cambodia 2024

  • 2024-09-02 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់ថា ប្រិយមិត្តអ្នកនិយមតាមដានការប្រកួតបវរកញ្ញាពិតជាបានជ្រាបពីទេពកោសល្យ សមត្ថភាពរបស់ កញ្ញា ឡូយ ច័ន្ទរស្មី ដែលថ្មីៗនេះនាងទើបឈ្នះមកុដ Miss Cambodia 2024 ហើយត្រូវជ្រើសតាំងឱ្យក្លាយជា Miss International Cambodia 2024 បន្ទាប់ពី កញ្ញា សំណាង អេលីណា Miss International Cambodia 2023។

រូបភាព៖ ហ្វេសប៊ុក Miss International

ផ្តល់បទសម្ភាសន៍ក្រោយឈ្នះមកុដ Miss Cambodia 2024 បវរកញ្ញាមានប្រភពមកពីខេត្តសៀមរាបរូបនេះ បានបង្ហាញអារម្មណ៍រំភើប ដែលក្តីស្រមៃរបស់នាងក្លាយជាការពិត ហើយនាងនឹងបំពេញតួនាទីជាបវរកញ្ញាតំណាងប្រទេសឱ្យបានល្អ ស័ក្កសមការផ្តល់ទំនុកចិត្តពីក្រុមហ៊ុន និងបណ្តាអ្នកសហការឧបត្ថម្ភ។

ក្នុងបទសម្ភាសន៍នេះ កញ្ញា ឡូយ ច័ន្ទរស្មី បានលើកឡើងចំនុចសំខាន់ ៣ ធំៗដែលជួយឱ្យនាងដណ្តើមបានមកុដ Miss Cambodia 2024។ ទី១. នាងបានចំណាយពេលសិក្សាស្វែងយល់យ៉ាងលម្អិតពីកម្មវិធី និងអ្វីដែលកម្មវិធីត្រូវការ , ទី២. ការប្រត្តិបត្តិខ្លួន និងប្រវត្តិការសិក្សារបស់នាងត្រូវនឹងអ្វីដែលកម្មវិធីត្រូវការតែម្តង និងទី៣. គឺចំណេះដឹងផ្នែកភាសា ដែលនាងមានសមត្ថភាពខ្ពស់អាចនិយាយបាន ៤ ភាសា រួមមានខ្មែរ អង់គ្លេស ចិនកុកងឺ និងឥណ្ឌូណេស៊ី។ ទៀតសោត ថ្មីៗនេះនាងក៏បានរៀននិយាយភាសាជប៉ុន ទុកសម្រាប់ប្រើប្រាស់ពេលចេញទៅប្រកួតផងដែរ។

រូបភាព៖ ហ្វេសប៊ុក Miss Cambodia

រស្មី ចាត់ទុកថា ការគ្រងមកុដ Miss Cambodia 2024 ជាសមិទ្ធផលដ៏ធំមួយឆ្លើយតបជាមួយការតស៊ូព្យាយាមរបស់នាង។

បវរកញ្ញាតំណាងកម្ពុជារូបនេះ ពុំដែលគិតថា ការតំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិជាសម្ពាធនោះឡើយ ប៉ុន្តែនេះជាមោទនភាពក្នុងនាមជាស្ត្រីខ្មែរ។ ជំហ៊ានបន្ទាប់ដែលនាងត្រូវធ្វើនោះគឺ ពង្រឹងចំណេះដឹងទូទៅពាក់ព័ន្ធ SDG ដោយសារកម្មវិធី Miss International គឺផ្តោតសំខាន់ទៅលើ SDG , ពង្រឹងការតុបតែងខ្លួនឱ្យស័ក្កសមជាស្ត្រីខ្មែរ ដែលបង្ហាញពីអត្ថសញ្ញាណតាមរយៈហ្វេសសិនសម្លៀកបំពាក់ , ប្រត្តិបត្តិខ្លួនឱ្យបានល្អទាំងអត្តចរិក និងអាកប្បកិរិយា រួមទាំងសម្បត្តិវប្បធម៌ អរិយធម៌ សំណង់ប្រាសាទ និងធនធានធម្មជាតិយ៉ាងសម្បូរបែបរបស់ខ្មែរយើងទៅបង្ហាញឱ្យពិភពលោកបានឃើញ។

បន្ថែមពីលើនោះ នាងក៏ហ្វឹកហាត់បន្ថែមលើការដើរបង្ហាញម៉ូដ និងជំនាញសំខាន់ៗជាច្រើនទៀតជាមួយបវរកញ្ញារៀមច្បង ដែលធ្លាប់មានបទពិសោធន៍ចេញទៅប្រកួតលើឆាកអន្តរជាតិកាលពីពេលកន្លងមក។

រូបភាព៖ ហ្វេសប៊ុក Miss Cambodia

Miss International Cambodia 2024 ប្តេជ្ញាចិត្តយ៉ាងមុះមុតថា នាងនឹងខិតខំប្រឹងប្រែងធ្វើឱ្យបានល្អជាទីបំផុត ដើម្បីអាចបំបែកកំណត់ត្រានាំកម្ពុជាចូលក្នុងវគ្គ Top ចុងក្រោយនៃកម្មវិធី Miss International 2024 ដែលនឹងប្រារព្ធធ្វើឡើងនៅទឹកដីប្រទេសជប៉ុន អំឡុងខែវិច្ឆិកាខាងមុខ។

គួររំឮកផងដែរថា ក្រៅពីពានជយលាភី The Winner ឡូយ ច័ន្ទរស្មី ក៏ទទួលបានពានរង្វាន់ផ្សេងទៀតរួមមាន៖ Best in Keyword Challenges ដែលអាចធ្វើឱ្យកញ្ញាមានឱកាសចូលទៅវគ្គ Top 11 និងពាន Best Charming Awards ថែមទៀត។ កាន់តែរំភើបជាងឆ្នាំមុន ម្ចាស់ជយលាភីរូបនេះ ទទួលបានឈុតគ្រឿងអលង្កាពេជ្រ រថយន្តទំនើប១គ្រឿង និងសំបុត្រយន្តហោះប្រភេទ Business Class រួមទាំងអត្ថប្រយោជន៍ការងារជាច្រើនទៀតពីហាងពេជ្រ CSNJ។

រូបភាព៖ ហ្វេសប៊ុក CSNJ

សព្វថ្ងៃ រស្មី ជាបុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៊ុនឯកជនមួយកន្លែង និងជាអ្នកបង្កើតមាតិកាផ្តោតសំខាន់លើខ្លឹមសារអប់រំ វប្បធម៌ សម្រាប់អង្គការអន្តររដ្ឋាភិបាលផងដែរ។ បវរកញ្ញាកម្ពុជារូបនេះ រក្សាជំហរមតិតស៊ូលើប្រធានបទបញ្ហាសុខភាពផ្លូវចិត្ត ដូចដើម ថែមទាំងមានគម្រោងបរិច្ចាគប្រាក់រង្វាន់មួយចំនួនដែលទទួលបានពីការប្រកួតទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាថែមទៀតផង៕

រូបភាព៖ ហ្វេសប៊ុក Miss Cambodia

អត្ថបទ៖ Ah Mouy

អត្ថបទពេញនិយម