សំណង់ច្រាំងទន្លេបាសាក់​ដែលជាបេតុងអារមេនៅ​ចំណុចព្រំដែន​នៃក្រុងសំពៅពូន សម្រេច​ការសាងសង់រួចរាល់ទាំងស្រុង

  • 2024-09-03 02:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីចុងសប្តាហ៍កន្លងទៅ បានចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការឯកភាពពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអនុវត្តការងារការពារច្រាំងទន្លេបាសាក់បរិវេណព្រំដែនលេខ២៤៥/៤(១) ប្រវែង ១២០០ ម៉ែត្រ ជាពីរដំណាក់កាលគឺ៖ ដំណាក់កាលទី១ នៅខែសីហា ឆ្នាំ២០១៩ រៀបបាវខ្សាច់ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ ដែលជាការការពារបណ្ដោះអាសន្នក្នុងប្រវែង ១៥០ម៉ែត្រ និងដំណាក់កាលទី២ នៅខែមេសា ឆ្នាំ២០២៣ ធ្វើការសាងសង់សំណង់ច្រាំងទន្លេបាសាក់ ជាសំណង់បេតុងអាមេមានប្រវែង ១២០០ម៉ែត្រ ហើយបើគិតរហូតមកដល់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ វឌ្ឍនភាពនៃការងារសម្រេចរួចរាល់ ១០០%។

សូមជម្រាបថា ការប្រែប្រួលនៃចរន្តទឹក និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់។ នៅអំឡុងខែសីហា ឆ្នាំ២០១៩ ច្រាំងទន្លេបាសាក់នៅបរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១)ត្រូវបានចរន្តទឹកហូរច្រោះបណ្តាលឱ្យបាក់ស្រុតខ្លាំង។ ក្នុងគោលបំណង ដើម្បីការពារបង្គោលព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្ដវិធានការបន្ទាន់ដោះស្រាយបញ្ហាទៅតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា ដើម្បីការពារច្រាំងទន្លេ។

បើតាមរបាយការណ៍បានឱ្យដឹងថា ការងារសំខាន់ៗរួមមាន៖ ទី១)ការងាររៀបបាវការពារចរន្តទឹកបុក ទី២)ការងារបុកស្បាន់ផាយ (Spun piles) ទី៣)ការងារបុកស៊ីផាយ (Sheet piles) ទី៤)ការងារបេតុងអាមេ និងទី៥)ការងារបំពេញដី។

សូមបញ្ជាក់ថា ការអនុវត្តគម្រោងការពារច្រាំងទន្លេបាសាក់បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) នេះគឺដើម្បីការពារបង្គោលព្រំដែនកុំឱ្យបាក់ចូលក្នុងទឹកទន្លេបាសាក់ ដោយមិនបានប្ដូរទីតាំងឬប៉ះពាល់ដល់បង្គោលព្រំដែនដែលគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបានឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំដែនរួចហើយនោះទេ។ ខ្សែព្រំដែននៅកំណាត់នេះដើរតាមផ្លូវទឹកនៃទន្លេបាសាក់ ហើយជាលក្ខណៈបច្ចេកទេសនៃការបោះបង្គោលព្រំដែន ក្នុងករណីខ្សែព្រំដែនដើរតាមទន្លេ ឬផ្លូវទឹក ភាគីទាំងពីរ (កម្ពុជា-វៀតណាម) ត្រូវបោះបង្គោលព្រំដែនភ្លោះនៅសងខាងទន្លេ ឬផ្លូវទឹកនោះ ដោយបង្គោលមួយត្រូវបោះនៅមាត់ច្រាំងខាងកម្ពុជា និងបង្គោលមួយទៀតត្រូវបោះនៅមាត់ច្រាំងខាងវៀតណាម៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទថ្មី