រដ្ឋមន្ដ្រី៖ ការងាររៀបចំទីក្រុង និងលំនៅឋាន អាចក្លាយជារឿងឈឺក្បាលដោះស្រាយមិនចេញ បើគិតថាងាយ

  • 2024-09-03 04:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម សាយ សំអាល់ ចាត់ទុកការរៀបចំទីក្រុង និងលំនៅឋានឲ្យបានត្រឹមត្រូវតាមបទដ្ឋានរស់នៅមានផាសុកភាព និងស៊ីវិល័យ គឺជារឿងលំបាក ហើយអាចក្លាយជាបញ្ហាកាន់តែស្មុកស្មាញទៅថ្ងៃអនាគតដ៏ខ្លី បើពុំមានការចូលរួមពីពលរដ្ឋ និងវិស័យសាធារណៈជាមួយដៃគូពាក់ព័ន្ធ ដើម្បីពង្រីកការផ្សព្វផ្សាយ និងអនុវត្ដព្រមគ្នានោះទេ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្ដីពី “បទពិសោធ នៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង” កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម សាយ សំអាល់ បង្ហាញការព្រួយបារម្ភថា ក្រសួងដែលមានរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋាន ២រូប ដែលទទួលបន្ទុកលើការងាររៀបចំដែនដី ឬរៀបចំទីក្រុង និងលំនៅឋាន នឹងឈឺក្បាលដោះស្រាយមិនចេញជាមួយការងាររៀបចំទីក្រុង និងលំនៅឋានរីកដុះដាល់កាន់តែលឿន តែមិនរៀបរយ។

ដើម្បីរៀបចំទីក្រុងឲ្យកាន់តែមានសោភ័ណ្ឌភាព និងរៀបរយ ហើយវានឹងមិនក្លាយទៅជាបញ្ហាស្មុកស្មាញ នាថ្ងៃអនាគត ឯកឧត្ដមបាន ណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធត្រូវពង្រីកការផ្សព្វផ្សាយ និងអនុវត្ដឲ្យត្រូវតាមផែនការគោល នៃការរៀបចំទីក្រុង និងលំនៅឋាន ដោយដាក់សំណួរខ្លួនឯងជានិច្ចថា “ប្រទេសយើងប៉ុណ្ណេះ តើត្រូវកែប្រែយ៉ាងម៉េចឲ្យប្រជាជនយើងរស់នៅស៊ីវិល័យ ប្រែក្លាយកម្ពុជាយ៉ាងម៉េចឲ្យទៅជា កម្ពុជាមាតុភូមិខ្ញុំ?”។

ឯកឧត្ដម សាយ សំអាល់៖ “សិក្ខាសាលានេះល្អណាស់! ខ្ញុំសរសើរក្រុមការងារចេះរកប្រធានបទ និងអញ្ជើញវាគ្មិនពីហុងកុង ឬចិនអីមកបាន ដែលយើងដឹងហើយប្រទេសពួកគាត់ផ្ទៃដីរៀបចំទីក្រុងតូច តែប្រជាជនច្រើន តែគាត់អាចរៀបចំបានយ៉ាងល្អនៅប្រទេសគាត់ ហើយយើងអាចសិក្សាពីគាត់។ យើងគួរមានបែបនេះជាទៀងទាត់ ហើយបើកចំហរ…ខ្ញុំបើកឱកាស បង្ករបរិយាកាសងាយស្រួល ហើយបន្ដគាំទ្រទាំងថវិកាទៀត”។

សិក្ខាសាលាដែលធ្វើឡើងដោយបើកចំហរ គឺអាចផ្ដល់ឱកាសឲ្យនិស្សិតកំពុងសិក្សាលើជំនាញរៀបចំដែនដី និងគនរូបនីយកម្ម បានចូលរួមស្វែងយល់ ហើយមន្ដ្រីជំនាញពាក់ព័ន្ធក៏បានចំណេះដឹង បទពិសោធន៍ថ្មីៗទៅអនុវត្ដកាងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាពដែរ។ បើតាមរដ្ឋមន្ដ្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់សិក្ខាលាលើកក្រោយទាក់ទងនឹង “ការរៀបចំទីក្រុង និងលំនៅឋាន” នឹងត្រូវប្រកាសលើផេកផ្លូវការរបស់ក្រសួងតែម្ដង ដោយមិនធ្វើលិខិតអញ្ជើញទៅតាមស្ថាប័ន ឬដៃគូពាក់ព័ន្ធដូចលើកនេះទៀតទេ។

សូមរំលែកថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយហុងកុង ដើម្បីរៀបចំសិក្ខាសាលាពេញមួយថ្ងៃពេញ ក្រោមប្រធានបទ ”បទពិសោធ នៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង” កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ដោយមានវាគ្មិនជាសាស្ដ្រាចារ្យ និងអ្នកជំនាញខាងរៀបចំទីក្រុង និងលំនៅឋានរបស់ហុងកុង។ ក្នុងឱកាសនេះ ក៏មានការធ្វើបទបង្ហាញដោយមន្ដ្រីជំនាញរបស់កម្ពុជាផងដែរ ដើម្បីឲ្យមន្ដ្រីថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធយល់កាន់តែច្បាស់ពីតួនាទីរបស់ខ្លួនលើការងាររៀចំទីក្រុង និងលំនៅឋាននៅកម្ពុជា៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី