ផ្ទុះការចាប់អារម្មណ៍ ម៉ូដែលកូនភ្លោះ លឹម គីមជូ និង លឹម គីមហ្គិច បង្ហាញសមត្ថភាពដើរម៉ូដយ៉ាងស្ទាត់ជំនាញ

  • 2024-09-03 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន កូនស្រីភ្លោះវ័យ ៧ឆ្នាំ លឹម គីមជូ និង លឹម គីមហ្គិច បានដឹកដៃគ្នាចូលប្រឡូកវិស័យសិល្បៈទាំងវ័យក្មេង ដោយចាប់យកការដើរបង្ហាញម៉ូដជាចំនុចចាប់ផ្តើមរបស់ពួកគេ។

រូបភាព៖ ហ្វេសប៊ុក KalkinCatwalk-កម្ពុជា

ក្រោមការជ្រោមជ្រែងយ៉ាងពេញទំហឹងពីឪពុកម្តាយ កូនភ្លោះគួរឱ្យស្រលាញ់ទាំង ២រួប បានហាត់រៀនការដើរបង្ហាញម៉ូដនៅសាលារបស់អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ហើយកន្លងមកក្មេងស្រីទាំង ២ ក៏ធ្លាប់បានចូលរួមដើរបង្ហាញម៉ូដ ព្រឹត្តិការណ៍ជាតិ-អន្តរជាតិថែមទៀតផង រួមមាន៖ កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» លើកទី១ ជាមួយតារាម៉ូដែលវ័យក្មេង និងរៀមច្បងជាច្រើនរូប និងបានចេញទៅដើរម៉ូដលើឆាកអន្តរជាតិលើកដំបូង ក្នុងកម្មវិធី ASIA FASHION RUNWAY COLLECTION នៅ Malaysia International Trade & Exhibition Center ប្រទេសម៉ាឡេស៊ី កាលពីខែធ្នូ ឆ្នាំ២០២៣។

រូបភាព៖ ហ្វេសប៊ុក Min Saret

ថ្មីៗនេះ កូនភ្លោះស្រីគួរឱ្យស្រលាញ់ទាំង ២រូប បានបង្ហាញសមត្ថភាពដើរម៉ូដយ៉ាងស្ទាត់ជំនាញរបស់ពួកគេលើឆាក fashion show របស់ Rainy Season ជាមួយទឹកមុខ និងការរៀបចំខ្លួនយ៉ាងល្អស័ក្កសមជាតារាម៉ូដែលវ័យក្មេងពោរពេញដោយថាមពល។

រូបភាព៖ ហ្វេសប៊ុក Rainy Season

កន្លងមក អ្នកស្រី មិន សារ៉េត ជាម្តាយរបស់កូនភ្លោះ គីមជូ និង គីមហ្គិច ធ្លាប់បង្ហាញអារម្មណ៍មោទនភាពចំពោះកូនស្រីភ្លោះទាំង ២ ដែលពួកគេមានភាពឆ្លាតវ័យ ហើយក្លាហានហ៊ានចូលរួមដើរបង្ហាញម៉ូដលើឆាកធំៗជាច្រើន ទាំងឆាកបង្ហាញម៉ូដជាតិ-អន្តរជាតិ។ ដោយសារ គីមជូ និង គីមហ្គិច មានទេពកោសល្យសិល្បៈខ្ពស់ អ្នកម្តាយរូបនេះ សម្រេចចិត្តជំរុញកូនស្រីឱ្យហាត់រៀនរាំរបាំបុរាណ និងរបាំបាឡេ ហើយក៏បើកឱកាសឱ្យកូនស្រីភ្លោះបន្តចូលរួមកម្មវិធីដើរម៉ូដផ្សេងៗតាមភាពជាក់ស្តែងដែលអាចចូលរួមបាន។

រូបភាព៖ ហ្វេសប៊ុក Min Saret
រូបភាព៖ ហ្វេសប៊ុក KalkinCatwalk-កម្ពុជា

ក្រៅពីកូនស្រីភ្លោះ លឹម គីមជូ និង លឹម គីមហ្គិច អ្នកស្រី មិន សារ៉េត ក៏បានជំរុញកូនប្រុសម្នាក់ទៀតឈ្មោះ លីម តាយូរ ឱ្យប្រឡូកវិស័យសិល្បៈផងដែរ ដោយសព្វថ្ងៃកូនប្រុសរបស់អ្នកស្រីកំពុងថតខ្សែភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្ម Sastra Film។

រូបភាព៖ ហ្វេសប៊ុក Min Saret
រូបភាព៖ ហ្វេសប៊ុក Sastra Film - Feature Films

អ្នកស្រីពិតជាសប្បាយចិត្តដែលកូនៗបានប្រឡូកវិស័យសិល្បៈជាអ្វីដែលអ្នកស្រីស្រលាញ់តែពុំមានឱកាសបានសាកល្បង ដូច្នេះទើបពេលនេះអ្នកស្រីប្រឹងប្រែងជំរុញកូនទាំង ៣។ ប៉ុន្តែយ៉ាងណាក៏មិនអាចបោះបង់ការសិក្សាបានឡើយ ដោយបច្ចុប្បន្ន កូនស្រីភ្លោះទាំង ២ និងកូនប្រុសគួរឱ្យស្រលាញ់កំពុងសិក្សានៅសាលា Bright Education Consultant & Travel តែមួយជាមួយគ្នា៕

រូបភាព៖ ហ្វេសប៊ុក Min Saret

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី