បញ្ចេញសំឡេង និងទេពកោសល្យសម្ដែងព្រមគ្នា តារាចម្រៀងប្រុស ៣ដួង ផ្ទុះការគាំទ្រជាថ្មី
- 2024-09-11 09:00:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ចេញសំឡេង និងទេពកោសល្យសម្ដែងព្រមគ្នា តារាចម្រៀងប្រុស ៣ដួង ផ្ទុះការគាំទ្រជាថ្មី
ចន្លោះមិនឃើញ
គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ MV ក្រោមចំណងជើងថា“ចង់ជួបបងប្អូនយើងវិញ” ដែលច្រៀងរួមគ្នាដោយតារាចម្រៀងប្រុសខ្មែរលើ ខ្មែរក្រោម និងខ្មែរកណ្ដាល បានហក់ឡើងនូវចំនួនអ្នកចូលទស្សនា ឬស្ដាប់ដល់ ២,៣០០,០០០ដង ក្រោយវីដេអូចម្រៀងនេះ បានបង្ហោះនៅលើបណ្ដាញសង្គម Youtube កាលពីដើមខែកក្កដា ឆ្នាំ២០២៤។
តារាចម្រៀងទាំង ៣ដួង គឺមានលោក ស្មានឆៃ លោក មាស សាលី និងលោក ថាច់ សាថេន។ តារាចម្រៀងជើងចាស់ពីទឹកដីខ្មែរសុរិន្ទ ដែលមានឈ្មោះពេញ ស្មានឆែ សៀងរាក់ឆំ បានបង្ហាញរម្មណ៍ផ្ទាល់ខ្លួនតាមរយៈ Sabay ថា រូបលោកពិតមានក្ដីរំភើបរីករាយដែលបានច្រៀងរួមគ្នាជាមួយបងប្អូនខ្មែរ។ លោកក៏មិននឹកស្មានថាបទចម្រៀងមួយនេះទទួលបានការគាំទ្រច្រើនបែបនេះដែរ។
ទន្ទឹមនឹងការទទួលបានលទ្ធផលគាំទ្រច្រើនបែបនេះ លោក ថាច់ សាថេន ដែលជាដៃគូចម្រៀងក្នុងបទ “ចង់ជួបបងប្អូនយើងវិញ” បានបង្ហើបថា ក្នុងពេលឆាប់ៗខាងមុខនេះ តារាចម្រៀងទាំងបីរូបក៏នឹងមានចេញមួយបទទៀតសម្រាប់អបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ។ ថ្មីៗនេះ រូបលោកបានជួបប្រាស្រ័យទាក់ទង និងរួមការងារសិល្បៈជាមួយលោក ស្មានឆែ និងលោក មាស សាលី ញឹកញាប់។
សូមរំលឹកថា ក្នុងចំណោមតារាចម្រៀងខ្មែរទាំង ៣ដួង ដែលមានដើមកំណើតនៅខ្មែរលើ ខ្មែរកណ្ដាល និងខ្មែរសុរិន្ទ គឺមានតែលោក ស្មានឆែ សៀងរាក់ឆំ ទេដែលមានវ័យចំណាស់ជាងគេ ហើយបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៨២។ កេរ្ដិ៍ឈ្មោះរបស់លោកកាន់តែល្បីនៅកម្ពុជា ក្រោយពីផ្ទុះបទច្រៀងមួយបទ ក្រោមចំណងជើងថា “ការ សែន”៕