ទស្សនិកជន៖ មិនស្លាប់ដោយសង្គ្រាមកាប់ដាវ ភុល សុវណ្ណដានីន មកស្លាប់ដោយព្យួរកនៅមុខផ្ទះនាថ!

  • 2024-09-16 05:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដខ្នាតធំ រឿង”ប្រវត្ដិស្នេហ៍នាងនាថ” វគ្គ២ ឬជើងមេឃពណ៌ស្វាយ បានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយនៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នាផ្សារទំនើប AEON 3 មានជ័យ។ ពិធីសម្ពោធដែលមានការអញ្ជើញចូលរួមអបអរសាទរដោយផលិតករ សិល្បករ-សិល្បការិនីល្បីៗ និងហ្វេនៗរបស់តួជាច្រើន បានបង្ហាញអារម្មណ៍ពេញចិត្ដចំពោះរឿងមួយនេះ។

អ្នកស្រី ជា ស្រីណា ដែលជាទស្សនិកជនម្នាក់បានទស្សនាខ្សែភាពយន្ដនេះក្នុងថ្ងៃសម្ពោធ បានបង្ហាញអារម្មណ៍ពិតតាមរយៈ Sabay ក្រោយចេញពីHall ភ្លាម ថា វគ្គនេះកម្សត់ក៏កម្សត់ ហើយសើចក៏សើចខ្លាំង។ ប៉ុន្ដែអ្វីដែលគ្រប់គ្នាគួរដឹង និងចាប់អារម្មណ៍ខ្លាំងក្នុងឈុតចុងក្រោយ នៃវគ្គជើងមេឃពណ៌ស្វាយនេះ គឺថាហេតុអ្វីលោក ភុល សុវណ្ណដានីន ដែលសម្ដែងជាតួអង្គនាយវង្ស មិនស្លាប់ដោយសារក្រុចោរព្រៃ តែបែរជាមកស្លាប់ដោយព្យួរកនៅលើដើមឈើមុខផ្ទះនាងនាថទៅវិញ?

សម្រាប់អ្នកស្រីបានដឹងចម្លើយនេះរួចទៅហើយ ប៉ុន្ដែមហាជនដែលទើបតែបានទស្សនា Trailer ឬស្ដាប់គេនិយាយនៅក្នុងឈុតណាមួយនោះ អាចនៅងឿងឆ្ងល់។ តាមរយៈការទស្សនាយ៉ាងជក់ចិត្ដ អ្នកស្រីបង្ហើបថា មុននាយវង្ស ត្រូវស្លាប់យ៉ាងតៃហោងនៅលើដើមឈើមុខផ្ទះនាងនាថដោយព្យួរកនេះ គឺនាងនាថទទួលរងនូវការធ្វើទុក្ខបុកម្មេញខ្លាំងណាស់ពីអ្នកភូមិ និងនាយវង្សផ្ទាល់ ដោយនាយវង្សគឺជាមនុស្សកំពូល្បិចបញ្ឆេះកំហឹងឲ្យអ្នកភូមិស្អប់នាងនាថ។

នេះគ្រាន់តែខ្លឹមសាររឿងខ្លីដែលបង្ហើបដោយទស្សនិកជនម្នាក់ប៉ុណ្ណោះ។ បើតាមលោក លៀក លីណា ដែលជាអ្នកគ្រប់គ្រងផលិតកម្ម អិល ឌី បញ្ជាក់ថា ប្លង់ធំៗ និងជក់ចិត្ដខ្លាំងមាននៅក្នុងវគ្គ២ និងវគ្គ៣ ហើយលោកជឿថា ទស្សនិកជននឹងទទួលបានអារម្មណ៍ប្លែកមួយទៀតតាមរយៈខ្សែភាពយន្ដនេះ។ ការបញ្ជាក់នេះ គឺបន្ទាប់ពីអ្នកគ្រប់គ្រង និងដៃគូវិនិយោគមួយចំនួនបង្ហើបថា សម្រាប់វគ្គ១ នៃខ្សែភាពយន្ដរឿង “ប្រវត្ដិស្នេហ៍នាងនាថ” គឺទទួលបានជោគជ័យដោយមានអ្នកទិញសំបុត្រចូលទស្សនាច្រើន។

សូមបញ្ជាក់ថា ខ្សែភាពយន្ដរឿង “ប្រវត្ដិស្នេហ៍នាងនាថ”វគ្គ២ ឬជើងមេឃពណ៌ស្វាយ នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីរៀបចំពិធីសម្ពោធចាក់បញ្ចាំងដ៏ធំនៅរោងកុន Major Cineplex ផ្សារទំនើប Aeon 3។ ក្នុងឱកាសនោះ គេឃើញវត្ដមានផលិតករ និងតារាល្បីៗដូចជា៖ លោក ហ្វៃ សំអាង លោក លៀក លីដា នាយពាក់មី អ៊ីណូ ពេជ្រ សោភា ភុល សុវណ្ណដានីន មាលា និងតារាល្បីៗជាច្រើនដួងទៀត៕

ជិន សុភ័ក្ដ្រ