រកឃើញផូស៊ីលទី៦៧ នៅស្រុកទឹកឈូ ខេត្តកំពត

  • 2024-09-20 03:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផូស៊ីលស្លឹកឈើថ្មីមួយកន្លែងទៀតត្រូវបានរកឃើញនៅលើភ្នំកកេះ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ហើយនេះជាផូស៊ីលទី ៦៧ ដែលអ្នកជំនាញបានរកឃើញក្នុងរយៈពេល ៦ឆ្នាំ្នកន្លងមកនេះ ដោយវាជាប្រភេទផូស៊ីលស្លឹកឈើបុរាណ ដែលមានអាយុកាលចន្លោះពី ៦៥-១៥០ឆ្នាំ។ នេះបើតាមលោក លីម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។

លោក លីម វណ្ណច័ន្ទ បានប្រាប់ឱ្យដឹងបន្ថែមថា ការរកឃើញស្ថានីយផូស៊ីលស្លឹកឈើថ្មីមួយនៅភ្នំកកេះនេះ គឺស្ថិតក្នុងបរិវេណប្រហែលជាង ១០០ម៉ែត្រ ប៉ុន្តែវាត្រូវបានកប់ក្នុងស្រទាប់ថ្ម ហើយក្រុមការងារបានរកឃើញតែផ្នែកខ្លះប៉ុណ្ណោះ។ លោកបញ្ជាក់ថា ផូស៊ីលដែលរកឃើញមានសណ្ឋានជាដើមប៉ប្រក និងរុក្ខជាតិមួយចំនួនផ្សេងទៀត ហើយបច្ចុប្បន្នមិនទាន់មានអ្នកជំនាញណាម្នាក់សន្និដ្ឋាន និងអាចផ្ដល់ព័ត៌មានលម្អិតពីស្ថានីយផូស៊ីលនេះឡើយ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ឆ្នាំនៃសកម្មភាពសិក្សាស្រាវជ្រាវ អ្នកជំនាញបានរកឃើញស្ថានីយផូស៊ីលសរុបចំនួន ៦៧ស្ថានីយ ក្នុងនោះមានផូស៊ីលឈើ ១៤ស្ថានីយ, ផូស៊ីលសត្វសមុទ្រ ៤៥ស្ថានីយ៍, ផូស៊ីលសត្វទឹកសាប ២ស្ថានីយ៍, ផូស៊ីលដានជើងសត្វ ៣ស្ថានីយ, ផូស៊ីលដាយណូស័រ ១ស្ថានីយ និងផូស៊ីលស្លឹកឈើ ១ស្ថានីយ៍។ ស្ថានីយផូស៊ីលទាំង ៦៧ស្ថានីយនេះ មានទីតាំងស្ថិតនៅ ខេត្តបន្ទាយមានជ័យ បាត់ដំបង កោះកុង ពោធិ៍សាត់ និងកំពត៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

អត្ថបទពេញនិយម