អ្នក​លេង​គុន​ខ្មែរ​មក​ពី​កំពង់ឆ្នាំង​ ខាត់​ ទិត្យ​ ប្ដេជ្ញា​យក​ឈ្នះ​ដៃគូ​ឲ្យ​បាន​ដើម្បី​ស្ដារ​កេរ្តិ៍​មក​វិញ​ក្រោយ​ចាញ់​៣ប្រកួត​ផ្ទួន​ៗ​

  • 2024-10-09 05:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ និង​ផ្អាក​ពី​សង្វៀន​ជា​ច្រើន​ឆ្នាំ​ ខាត់​ ទិត្យ​ ដាក់​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ដណ្ដើម​យក​ជ័យជម្នះ​លើ​ដៃគូ​ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​សុក្រ​ ទី១១​ ខែ​តុលា​ ឆ្នាំ​២០២៤​ នេះ​ដើម្បី​ស្ដារ​មុខមាត់​ឡើង​វិញ​បន្ទាប់​ពី​ចាញ់​៣ប្រកួត​ផ្ទួនៗ​កន្លង​ទៅ​នេះ។​

រូបភាព ខាត់ ទិត្យ ប្រកួតកន្លងទៅ

កីឡាករ​ ខាត់​ ទិត្យ​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ឈប់​ពី​វិស័យ​ប្រដាល់​តាំង​ពី​ឆ្នាំ​២០១៨​ មក​ម្ល៉េះ​ទើប​តែ​វិល​មក​កាន់​ការប្រកួត​វិញ​រយៈពេល​ខ្ទង់​៣ខែ​ប៉ុណ្ណោះ។​ យ៉ាង​ណា​ ៣ប្រកួត​ដែល​ទើប​ចាប់​ផ្ដើម​ឡើង​វិញ​នេះ​គឺ​មិនសម​ប្រកប​ឡើយ​ពោល​ចាញ់​ទាំង​អស់​ និង​ធ្វើ​ឲ្យ​ខ្លួន​មិន​សូវ​សប្បាយ​ចិត្ត​ឡើយ។​

អតីត​កូន​សិស្ស​លោក​ ឯម​ ចាន់សុផល​ រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​រាងកាយ​ស្ពឹក​ស្រពោន​ កម្លាំង​ធ្លាក់​ចុះ​ ការ​សម្រក់​ទម្ងន់​ច្រើន និង​ខានហ្វឹកហាត់​យូរ​ទើប​ធ្វើ​ឲ្យ​គេ​ឡើង​ប្រកួត​ជា​ថ្មី​នេះ​មិន​អាច​ទទួល​បាន​ជ័យជម្នះ។​ ប៉ុន្តែ​សម្រាប់​ប្រកួត​ទី៤​ ថ្ងៃ​សុក្រ​នេះ​ ខាត់​ ទិត្យ​ បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ដណ្ដើម​យក​ជ័យជម្នះ​ឲ្យ​បាន​ដើម្បី​ស្ដារ​កេរ្តិ៍ឈ្មោះ​ឡើង​វិញ​ចំពោះ​ខ្លួន​ឯង​ផង​ និង​ក្លឹប​ផ្ទាល់​ផង។​

រូបភាពហ្វេបុក ខាត់ ទិត្យ

បញ្ជាក់​ដែរ​ថា​ ខាត់​ ទិត្យ​ ជា​កីឡាករ​ចាស់​វស្សា​មួយ​រូប​នៅ​កម្ពុជា។​ រូប​គេ​ចាប់​ផ្ដើម​អាជីព​ប្រដាល់​នេះ​តាំង​ពី​ឆ្នាំ​ ២០១៤​ មក​ម្ល៉េះ​ដោយ​កាល​នោះ​ហ្វឹកហាត់​ជា​មួយ​លោក​ ឯម​ ចាន់សុផល​ នៃ​ក្លឹប​ប្រដាល់​និរោធមានជ័យ។​ បច្ចុប្បន្ន​នេះ​រូប​គេ​ទើប​តែ​វិល​ចូល​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ខ្ទង់​ ៣ខែ​នៅ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ (KKIF)​ របស់​ឧកញ៉ា​ ស្រី ចាន់ថន។​ ថ្ងៃ​សុក្រ​ ទី១១​ ខែ​តុលា​ ឆ្នាំ​២០២៤​ នេះ​រូប​គេ​នឹង​ប្រកួត​នៅ​សង្វៀន​ CTN ​ជា​មួយ​កីឡាករ​ សឹង្ហ ឡេង​ លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី