គោរមៈ ច័ន្ទារាជ្យ និង មាស ម៉ើ ឡុង ឡា នឹងទៅប្រកួត AMMA ប្រជែងមេដាយនៅប្រទេសហ្វីលីពីន
- 2024-10-11 04:13:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គោរមៈ ច័ន្ទារាជ្យ និង មាស ម៉ើ ឡុង ឡា នឹងទៅប្រកួត AMMA ប្រជែងមេដាយនៅប្រទេសហ្វីលីពីន
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេងរបស់កម្ពុជា គោរមៈ ច័ន្ទារាជ្យ រួមទាំងក្រុមជម្រើសជាតិកីឡាគុនចម្រុះ(MMA) ជាច្រើនទៀតនឹងធ្វើដំណើរទៅប្រទេសហ្វីលីពីននៅយប់នេះហើយដើម្បីចូលរួមប្រកួតកម្មវិធី AMMA ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី១៤ តុលា ឆ្នាំ២០២៤ តទៅ។
គោរមៈ ច័ន្ទារាជ្យ បានប្រាប់ឲ្យដឹងថា នេះជាលើកទី២ហើយសម្រាប់រូបគេចូលរួមការប្រកួត AMMA ដោយលើកទី១ ធ្លាប់ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ចំពោះការហ្វឹកហាត់គឺបានពេញល្អ ពោលមានរយៈពេលវែង និងផ្ដោតលើកម្លាំង បច្ចេកទេស។
តាមរយៈបទពិសោធនៅលើកទី១ កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ ខាងលើនេះជឿជាក់ថាខ្លួននឹងអាចឈានដល់វគ្គបានមេដាយ និងបានប្ដេជ្ញាបន្ថែមទៀតថាខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមមុខមាត់ជូនប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិនៅហ្វីលីពីននេះ។
ជាមួយគ្នានេះដែរ គោរមៈ ច័ន្ទារាជ្យ សំណូមពរដល់មហាជនឲ្យជួយគាំទ្រផ្ដល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាតាមរយៈការទស្សនា និងស៊ែព័ត៌មានផ្សេងៗឲ្យបានកាន់តែច្រើនដើម្បីឲ្យមហាជនបានដឹងទាំងអស់គ្នាអំពីសកម្មភាពនៃការប្រកួតនេះ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាគុនចម្រុះកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន ៦នាក់ រួមមាន កីឡាករ ហាត ភី កីឡាករ ឡុង ឡា កីឡាករ មាស ម៉ើ កីឡាករ ផេង សុបញ្ញា (គោរមៈ ច័ន្ទារាជ្យ) កីឡាករ បូ ពេជ្រពណ្ណរាយ និងកីឡាការិនី គន្ធ វណ្ណនីតា។ ដោយឡែកសម្រាប់កីឡាករ ផេង សុបញ្ញា (គោរមៈ ច័ន្ទារាជ្យ) នឹងប្រកួតលើវិញ្ញាសា Modern MMA male -56Kg។ ការប្រកួត Asian Mixed Martial Arts Manila Open នេះនឹងប្រកួតជាផ្លូវការចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន៕