​គ្រូ​ចំបាប់​បុរាណ​មក​ពី​ខេត្ត​កំពង់ឆ្នាំង៖​ ក្ដី​ស្រឡាញ់​ និង​ចិត្ត​មិន​ដាច់​ទោះ​ឈប់​បង្ហាត់​ទៅ​ហើយ​នៅ​តែ​វិល​មក​វិញ​

  • 2024-10-21 05:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​កីឡា​ចំបាប់​បុរាណ​មក​ពី​ខេត្ត​កំពង់ឆ្នាំង​ លោក​ ហ៊ូ​ សារិទ្ធ​ ថា​ធ្លាប់​ឈប់​ពី​ប្រកួត​ និង​ការបង្ហាត់​បង្រៀន​សិស្ស​យូរ​ដែរ​ហើយ​ ប៉ុន្តែ​និស្ស័យ​ ចិត្ត​នៅ​តែ​ស្រឡាញ់​ជំរុញ​ឲ្យ​លោក​វិញ​មក​បង្ហាត់​ ពង្រីក​ផ្សព្វផ្សាយ​កីឡា​មួយ​នេះ​វិញ​ដល់​សព្វ​ថ្ងៃ។​

លោក​ ហ៊ូ​ សារិទ្ធ​

លោក​ ហ៊ូ​ សារិទ្ធ​ គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​ចំបាប់​ប្រយ៉ាបមានរិទ្ធ​ ក្នុង​ខេត្ត​ខេត្ត​កំពង់ឆ្នាំង​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​២០​ឆ្នាំ​មុន​មិន​សូវ​មាន​ការ​ប្រកួត​ ឬ​ផុសផុល​ទូលំទូលាយ​ដូច​ឥលូវ​នោះ​ទេ​ ពោល​ភាគ​ច្រើន​មាន​គេ​លេង​នៅ​ថ្ងៃ​បុណ្យ​ប្រពៃណី​ជាតិ​ប៉ុណ្ណោះ។​ កត្តា​នេះ​ផង​ រួម​ទាំង​វ័យ​ក៏​ច្រើន​ផង​ទើប​ធ្វើ​ឲ្យ​ព្រឹទ្ធាចារ្យ​មក​ពី​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​សម្រេច​ឈប់​ពីកីឡា​ចំបាប់​បុរាណ​ជា​យូរ​ឆ្នាំ។​

លោក​ ហ៊ូ​ សារិទ្ធ​

គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​ចំបាប់​ប្រយ៉ាបមានរិទ្ធ​ លើក​ឡើង​ទៀត​ថា​ ដោយ​នៅ​មាន​និស្ស័យ​ ចិត្ត​នៅ​តែ​ស្រឡាញ់​ និង​ចង់​ចូលរួម​អភិរក្ស​ បណ្ដុះបណ្ដាល​ធនធាន​ផង​នោះ​ទើប​ជំរុញ​ឲ្យ​លោក​វិល​ចូល​ក្នុង​វិស័យ​កីឡា​ចំបាប់​នេះ​វិញ​តាំង​ពី​ឆ្នាំ​២០១៧​ មក​ដល់​សព្វ​ថ្ងៃ​នេះ។​ លោក​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ដែល​សកម្មភាព​កីឡា​ចំបាប់​មាន​ជា​ហូរហែ​ និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​បាន​យក​ចិត្ត​ទុកដាក់​ ជំរុញ​ ពង្រីក​ផ្សព្វផ្សាយ​ បង្កើត​ឲ្យ​មាន​ជា​ការ​ប្រកួត​បែប​នេះ។​ ពិសេស​ការ​ប្រកួត​សាកល្បង​បច្ចេកទេស​យុវជន​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ នៅ​រាជធានី​ភ្នំពេញ​នេះ​តែ​ម្ដង​ដែល​បាន​ផ្ដល់​ឱកាស​យុវជន​តាម​បណ្ដា​ខេត្ត​បាន​បញ្ចេញ​សមត្ថភាព​ សន្សំ​បទ​ពិសោធ​លើ​វិថី​ចំបាប់​នេះ។​

ទិដ្ឋភាពប្រកួត

បញ្ជាក់​ដែរ​ថា​ លោក​ ហ៊ូ​ សារិទ្ធ​ គឺ​ជា​គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​ចំបាប់​ប្រយ៉ាបមានរិទ្ធ​ នៅ​ភូមិ​អណ្ដូង​ឫស្សី​ ឃុំ​ស្រែថ្មី​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង។​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​តុលា​ ឆ្នាំ​២០២៤​ នេះ​លោក​បាន​ដឹកនាំ​យុវជន​ថ្នាល​ប្រុស-ស្រី​ សរុប​ ៨នាក់​មក​ចូលរួម​ការ​ប្រកួត​សាកល្បង​បច្ចេកទេស​យុវជន​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​មាន​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ក្រោម​គំនិត​ផ្ដួចផ្ដើម​ និង​ថវិកា​ដោយ​លោក​អនុប្រធាន​ ខេស៊ី​ បាណេត៕​

អត្ថបទ៖ នួន ស៊ីណា​