ពិព័រណ៍ការងារ ឆ្នាំ២០២៤ អង្គការ PAfID ដើរតួយ៉ាងសំខាន់ជួយសម្របសម្រួលជនមានពិការភាពឲ្យទទួលបានឱកាសការងារ
- 2024-10-27 17:01:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៍ការងារ ឆ្នាំ២០២៤ អង្គការ PAfID ដើរតួយ៉ាងសំខាន់ជួយសម្របសម្រួលជនមានពិការភាពឲ្យទទួលបានឱកាសការងារ
ចន្លោះមិនឃើញ
ពិព័រណ៍ការងារ និងផលិតភាព ឆ្នាំ២០២៤ ដែលដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រយៈពេល២ថ្ងៃនេះគឺអង្គការ PafID បានដាក់ស្តង់ និងបានជួយសម្របសម្រួលជនមានពិការភាពឲ្យទទួលបានឱកាសការងារផងដែរ។
លោក ខេង វីរៈ នាយកប្រតិបត្តិនៃអង្គការ PAfID បានឲ្យដឹងថា នៅក្នុងពិព័រណ៍ការងារ និងផលិតភាព ឆ្នាំ២០២៤ នេះមិនមែនជាសកម្មភាពដំបូងៗរបស់អង្គការនោះទេ ពោលមានកម្មវិធីច្រើនក្នុងការគាំទ្រជនមានពិការភាពដើម្បីឲ្យមានឱកាសចូលរួមចំណែកពេញលេញនៅក្នុងសង្គមកម្ពុជា។
យ៉ាងណាក្នុងពិព័រណ៍នេះគឺអង្គការបានដាក់ស្តង់ផងដែរ និងមានក្រុមការងារនៅចាំទទួលដល់ជនមានពិការភាពចូលមក។ គោលបំណងនៃការដាក់ស្តង់នេះគឺផ្ដល់ព័ត៌មាន និងគាំទ្រពីក្រុមបច្ចេកទេសរបស់អង្គការដូចជាជួយរៀបចំ CV និងជួយបង្ហាត់បង្រៀនបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនផងដែរដើម្បីឲ្យការដាក់ពាក្យផ្សេងៗទទួលបានការសម្ភាសពីបណ្ដាក្រុមហ៊ុន ស្ថាប័ន ដែលចាប់អារម្មណ៍។
នាយកប្រតិបត្តិខាងលើនេះបន្ថែមទៀតថា ក្រៅតែពីជួយស្វែងរកការងារជូនជនមានពិការភាពហើយនោះគឺអង្គការក៏បានជួយសម្របសម្រួលដល់អ្នកដែលមិនមានជំនាញបានទៅសិក្សាបន្ថែម និងអ្នកដែលមានជំនាញហើយត្រូវបំពេញបន្ថែមទៅតាមស្ថាប័នផ្សេងៗដើម្បីឈានដល់ការទទួលបានការងារនៅពេលបន្ទាប់ពីនេះផងដែរ។
រំលឹកដែរថា ពិព័រណ៍ការងារ និងផលិតភាពឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត។ នៅឆ្នាំនេះផងដែរគឺមានក្រុមហ៊ុន សហគ្រាស សរុប ១៥០ និងផ្ដល់ឱកាសការងារជាង ៣ម៉ឺនកន្លែងផងដែរ។ ពិព័រណ៍បានបិទបញ្ចប់ហើយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នេះក្រោយរៀបចំអស់រយៈពេល២ថ្ងៃមកនេះ៕