តំណាង NOCC៖ សិក្ខាកាមឆ្លងកាត់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត ២ សូមបន្តពង្រីកផ្សព្វផ្សាយឲ្យកាន់ទូលំទូលាយ
- 2024-10-28 09:12:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាង NOCC៖ សិក្ខាកាមឆ្លងកាត់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត ២ សូមបន្តពង្រីកផ្សព្វផ្សាយឲ្យកាន់ទូលំទូលាយ
ចន្លោះមិនឃើញ
តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លើកទឹកចិត្តដល់សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២ នេះរួចហើយសូមយកចំណេះជំនាញទាំងអស់ទៅពង្រីកផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
លោក ងិន សុបញ្ញា តំណាងឯកឧត្ដម វ៉ាត់ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា សិក្ខាកាមទាំង២៥នាក់នេះគឺមានការលះបង់ខ្ពស់ទាំងពេលវេលា និងកម្លាំងកាយចិត្តព្យាយាមសិក្សារហូតដល់បញ្ចប់ដោយស្ថាពរ។ មានតែទឹកចិត្តស្រឡាញ់នោះទេទើបមានការចូលរួម និងស្វែងរកនូវចំណេះដឹងថ្មីៗបន្ថែមបែបនេះ។
តំណាង NOCC ខាងលើបន្ថែមទៀតថា កីឡាលើកទម្ងន់នេះជាប្រភេទកីឡាអូឡាំពិក ដូច្នេះហើយទាំងការហ្វឹកហាត់ ការប្រកួត គឺមានកម្រិតខ្ពស់ និងត្រូវការតស៊ូខ្លាំងទើបឈានដល់ការប្រជែងមេដាយ។ យ៉ាងណាប្រភេទកីឡាមួយនេះក៏ទើបតែចូលមកកម្ពុជារយៈពេលខ្លីផងដែរ ដូច្នេះហើយសមិទ្ធផលមេដាយផ្សេងៗក៏នៅមានកម្រិតផងដែរ យ៉ាងណាមានតែការខំប្រឹងប្រែង និងមានផែនការវែងឆ្ងាយដោយត្រឹមត្រូវប៉ុណ្ណោះទើបមានភាពរីកចម្រើនរហូតដល់កម្រិតដណ្ដើមមេដាយ។
សិក្ខាកាមដែលទើបទទួលបាននូវចំណេះដឹងថ្មីៗបទពិសោធល្អៗពីគ្រូឧបទេសនៅពេលនេះសូមយកទៅបង្ហាត់បង្រៀនសិស្សឲ្យបានល្អ និងព្យាយាមជួយពង្រីកផ្សព្វផ្សាយបន្ថែមទៀតឲ្យមហាជនទូទៅបានស្គាល់កីឡាលើកទម្ងន់ ឬចូលហ្វឹកហាត់កាន់តែច្រើន។
បញ្ជាក់ដែរថា ក្រោមគម្រោងឧបត្ថម្ភវគ្គសាមគ្គីអូឡាំពិក បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាលើកទម្ងន់ កម្រិត ២ ដល់មន្ត្រីសហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនី លើកទម្ងន់ចំនួន ២៥នាក់រយៈពេល ៨ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ ២៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC៕