សហព័ន្ធខ្មែរកីឡាហែលទឹក៖ បើកវគ្គបំពាក់បំប៉នមន្ត្រីបច្ចេកទេសហែលទឹកពាក់ជើងទាត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី១
- 2024-10-30 04:13:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធខ្មែរកីឡាហែលទឹក៖ បើកវគ្គបំពាក់បំប៉នមន្ត្រីបច្ចេកទេសហែលទឹកពាក់ជើងទាត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី១
ចន្លោះមិនឃើញ
សហព័ន្ធខ្មែរកីឡាហែលទឹកបានបើកវគ្គបំពាក់បំប៉នមន្ត្រីបច្ចេកទេសកីឡាហែលទឹកពាក់ជើងទា រយៈពេល ១ ថ្ងៃគឺថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នេះដើម្បីត្រៀមលក្ខណៈឲ្យកាន់តែល្អប្រសើរមុនរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ កម្ពុជាជាម្ចាស់ផ្ទះ។
លោក ហែល គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា មន្ត្រីបច្ចេកទេសដែលជាសិក្ខាកាមចូលរួមនេះគឺសុទ្ធតែមានបទពិសោធ និងចំណេះដឹងរួចហើយនៃការប្រកួតពាក់ជើងទានេះនាពេលកន្លងទៅ។ វគ្គនេះគឺគ្រាន់តែបំពេញបន្ថែមចំណុចខ្វះខាត និងជាការរំលឹកឡើងវិញនូវបទបញ្ជាការប្រកួតក៏ដូចជាចំណេះដឹងថ្មីៗរបស់អន្តរជាតិផងដែរ។
អ្នកជំនាញផ្នែកកីឡាហែលទឹកខាងលើនេះបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់វគ្គបំប៉ន់នេះទៅសង្ឃឹមថាសិក្ខាកាមនឹងអនុវត្តន៍ការងារក៏ដូចជាដឹកនាំការប្រកួតរឹតតែបានល្អ។ នេះជាមោទកភាពមួយសម្រាប់កម្ពុជាផងដែរដែលកីឡាហែលទឹកពាក់ជើងទានេះទទួលបានលទ្ធផលល្អនៅស៊ីហ្គេម ឆ្នាំ២០២៣ កន្លងមក និងមានការទុកចិត្តរហូតឲ្យរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតអាស៊ីអាគ្នេយ៍លើកទី១ នេះទៀតផង។ ដូច្នេះហើយសម្រាប់គោលដៅរបស់សហព័ន្ធក្នុងការរៀបចំការប្រកួតនេះគោលបំណងធំចង់បង្ហាញពីភាពរីកចម្រើននៃវិស័យកីឡានៅកម្ពុជា បង្ហាញសមត្ថភាពរបស់ក្រុមកម្ពុជា រួមទាំងការរៀបចំដោយរលូនជោគជ័យធ្វើឲ្យបណ្ដាប្រទេសចូលរួមមានភាពរីករាយពេលបញ្ចប់ហ្គេមជាដើម។
បញ្ជាក់ដែរថា វគ្គបំពាក់បំប៉នកីឡាហែលទឹកពាក់ជើងទាដល់មន្ត្រីបច្ចេកទេសនេះធ្វើឡើងនៅស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹកក្នុងពហុកីឡដ្ឋានជាតិ។ វគ្គនេះមានរយៈពេល ១ ថ្ងៃពេញ និងមានសិក្ខាកាមចូលរួមសរុប ៤៤នាក់។ វគ្គនេះផងដែរបានការឧបត្ថម្ភពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹក។ ជាមួយគ្នានេះដែរកម្ពុជានឹងរៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទា អាស៊ីអាគ្នេយ៍ លើកទី១ ចាប់ពីថ្ងៃទី១-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនោះមាន ៧ប្រទេសដែលជាសមាជិកចូលរួមទាំងអស់៕