ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា

  • 2024-11-06 08:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជធានីភ្នំពេញ – ដើម្បីគាំទ្រការអភិវឌ្ឍកម្លាំងពលកម្មក្នុងប្រទេសកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីចុះហត្ថលេខានេះបានចូលរួមដោយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC ដែលធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តអូឡាំព្យា (Olympia Medical Hub) និងមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) ស្ថិតនៅទីក្រុង អូឡាំព្យា (Olympia City)។

កិច្ចសហប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការសហការលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស (TVET ) ក្នុងគោលបំណងពង្រឹងជំនាញកម្លាំងពលកម្មកម្ពុជា ដើម្បីស្របតាមតម្រូវការតាមសហគ្រាស ឬស្ថាប័ននានា ដែលផ្តល់ឱកាសការងារក្នុងវិស័យសំខាន់ៗ។ ក្នុងពិធីចុះហត្ថលេខានេះ MLVT ក៏បានចុះអនុស្សរណៈយោគយល់គ្នាជាមួយមន្ទីរពេទ្យ អ៊ីនធ័រឃែរ និងធនាគារកាណាឌីយ៉ា ភីអិលស៊ី អមដោយដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ អ៊ីនធ័រឃែរ និងសម្ភារៈបរិក្ខារនានា។

MLVT និង OCIC នឹងសហការជាមួយគ្នាលើការពង្រឹងគុណភាពកម្លាំងពលកម្មរបស់ប្រទេសកម្ពុជានៅក្នុងវិស័យសំខាន់ៗដូចជាសំណង់ វិស្វកម្ម អចលនទ្រព្យ ទេសចរណ៍ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ TVET មានសារៈសំខាន់ក្នុងការបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្ម និងផ្តល់ឱកាសការងារកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជាដោយមានអ្នកចូលរួមរហូតដល់ប្រមាណ ១៥ ម៉ឺននាក់រាល់ឆ្នាំ។ MLVT មានគោលបំណងផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍន៍ការងារដល់ប្រជាជនចំនួន ១.៥ លាននាក់ក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធី TVET នេះ។ក្នុងនាមជាក្រុមហ៊ុនឯកជន OCIC កំពុងចូលរួមចំណែកក្នុងការផ្សារភ្ជាប់គម្លាត និងអភិវឌ្ឍន៍ការកសាងសមត្ថភាពសម្រាប់កម្លាំងពលកម្មកាន់តែទូលំទូលាយ និងរឹងមាំនៅក្នុងប្រទេសកម្ពុជា។ "អនុស្សរណៈនៃការយោគយល់នេះ គឺជាឧទាហរណ៍មួយដែលស្ដែងបញ្ជាក់ពីរបៀបដែលរដ្ឋ និងឯកជនអាចធ្វើការរួមគ្នា ដើម្បីជាប្រយោជន៍រួមយូរអង្វែងសម្រាប់ជាតិ និងប្រជាជនសម្រេចបាននូវគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR)" ប្រសាសន៍ដោយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

OCIC បានបង្កើតឡើងរយៈពេលជាង ២៤ ឆ្នាំមកហើយ ដោយមានសកម្មភាពនៅលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា និងមានបុគ្គលិកជាង ១៧,០០០ នាក់។ ក្រុមហ៊ុនបានទទួលស្គាល់ និងគាំទ្រនូវសារៈសំខាន់នៃការសិក្សាអប់រំ ដើម្បីអភិវឌ្ឍការងារ និងឱកាសសម្រាប់ប្រជាជនកម្ពុជា។ OCIC បានវិនិយោគលើការបណ្តុះបណ្តាលផ្ទៃក្នុង និងស្ថាប័នសិក្សាចំនួនបីគឺ សាកលវិទ្យាល័យ ខេមតិច (CamTech) សាលាអន្តរជាតិ កាណាដា (Canadian International School) និងសាលាអន្តរជាតិបារាំង Ecole Française Internationale (EFI) ។

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា “គុណតម្លៃនៃភាពជាសហគ្រិនរបស់ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC គឺលោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ បានបញ្ជាក់យ៉ាងមុតមាំអំពីសារៈសំខាន់នៃការអប់រំ និងការបង្កើតឱកាសការងារ”។ "កិច្ចសហការនេះគឺជាការពង្រីកលើកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់យើងក្នុងការអភិវឌ្ឍសាលារៀន និងសាកលវិទ្យាល័យ ហើយយើងមានកិត្តិយសក្នុងការរួមចំណែកដល់កម្មវិធី TVET ដើម្បីគាំទ្រដល់ការបង្កើនកម្លាំងពលកម្មជំនាញនៅក្នុងប្រទេសកម្ពុជា"។

OCIC ផ្តល់តម្លៃខ្ពស់ចំពោះតួនាទីនៃការបណ្តុះបណ្តាលអន្តរជាតិ និងជំនាញក្នុងការលើកកម្ពស់ស្តង់ដារកម្លាំងពលកម្ម។ អ្នកជំនាញបរទេសជាង ២៥០ នាក់គឺជាផ្នែកនៃមូលដ្ឋានបុគ្គលិករបស់ក្រុមហ៊ុនបង្កើតចំណែក ១.៥% នៃកម្លាំងការងារសរុប ខណៈដែលបុគ្គលិក OCIC មួយចំនួនជាអ្នកវិលត្រទ្បប់មកកម្ពុជាវិញ ក្រោយពេលបានសិក្សា និងធ្វើការនៅក្រៅប្រទេស។ 

អំពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បង្កើតឡើងក្នុងឆ្នាំ ២០០០ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអភិវឌ្ឍន៍លើវិស័យចម្រុះឈានមុខគេនៅប្រទេសកម្ពុជា ដោយមានការអភិវឌ្ឍលើវិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យសុខាភិបាល ការសាងសង់អាកាសយានដ្ឋាន សំណង់អគារពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងការកំសាន្តផ្សេងៗ។ ជាមួយនឹងបុគ្គលិកជាង ១៧,០០០ នាក់ យើងបានប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា។

ការអភិវឌ្ឍដែលជាគោលសំខាន់ៗរបស់ក្រុមហ៊ុនមានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ មន្ទីរពេទ្យ អ៊ីនធ័រឃែរ សាលាអន្តរជាតិកាណាដា និងសាកលវិទ្យាល័យខេមតិច រួមជាមួយនឹងការអភិវឌ្ឍនៅកោះពេជ្រ ទីក្រុងនរា ទីក្រុងអូឡាំព្យា និងទីក្រុងរណបជ្រោយចង្វាជាដើម។

OCIC ផ្តល់តម្លៃលើសហគ្រិនភាព ការច្នៃប្រឌិត និងការបង្កើតថ្មីជានិរន្តរភាព។ យើងសហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីកសាងឱកាសសម្រាប់អតិថិជន និងមនុស្សជំនាន់ក្រោយរបស់យើង។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.ocic.com.kh ឬចូលទៅកាន់ Facebook, LinkedIn និង Instagram ។

អត្ថបទថ្មី