កាំង​ ម៉ុយនីន៖​ ជោគជ័យ​ទាំង​ហែលទឹក​ និង​ការ​សិក្សា​ ខណៈ​ទើប​ឈ្នះ​មេដាយ​ ៦គ្រឿង​ពីរព្រឹត្តិការណ៍​ហែលទឹក​ពាក់​ជើងទា​អាស៊ីអាគ្នេយ៍

  • 2024-11-07 17:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​ កាំង​ ម៉ុយនីន​ បញ្ជាក់​ថា​ខ្លួន​ពិត​ជា​ជម្នះ​ធ្វើ​បាន​គឺ​ជោគជ័យ​ទាំង​កីឡា​ហែលទឹក​ និង​ការ​សិក្សា​ ដោយ​ទើប​ជាប់​បាក់ឌុប​ផង និង​ទើប​ឈ្នះ​មេដាយ ៦គ្រឿង​ពីព្រឹត្តិការណ៍​ប្រកួត​ហែលទឹក​ពាក់​ជើងទា​អាស៊ីអាគ្នេយ៍​ផង។​

រូបភាពសហព័ន្ធខ្មែរកីឡាហែលទឹក

យុវតី​ កាំង​ ម៉ុយនីន​ បង្ហាញ​ក្ដី​រំភើប​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ពី​ការ​ឈ្នះ​មេដាយ​សរុប​ ៦គ្រឿង​នៅ​ព្រឹត្តិការណ៍​ប្រកួត​ហែលទឹក​ពាក់​ជើងទា​អាស៊ីអាគ្នេយ៍​ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះផង​ និង​លទ្ធផល​ជាប់​បាក់ឌុប​​និទ្ទេស B ថ្មីៗ​នេះ​ទៀត។​

រូបភាពសហព័ន្ធខ្មែរកីឡាហែលទឹក

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​ពិត​ជា​មាន​មោទកភាព​ជា​ខ្លាំង​ក្នុង​នាម​ជា​កីឡា​ការិនី​ផង​ និង​ជា​សិស្ស​ផង​ដែល​ធ្វើ​បាន​ល្អ​ទទួល​បាន​ជោគជ័យ​បែប​នេះ។​ ម៉ុយនីន​ បញ្ជាក់​ច្បាស់ៗ​ថា​ «ការ​លេង​កីឡា​មិន​អាច​បញ្ឈប់​អ្នក​ពី​ការ​សិក្សា​បាន​នោះ​ទេ»។​ ការ​ប្ដេជ្ញា​ចិត្ត​របស់​កីឡា​ការិនី​ឆ្នើម​រូប​នេះ​ចាប់​តាំង​ពី​បញ្ចប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ មក​ម្ល៉េះ​រហូត​សម្រេច​បាន​ប្រឡង់​ជាប់​បាក់ឌុប​​នៅ​ឆ្នាំ​នេះ។​

រូបភាពសហព័ន្ធខ្មែរកីឡាហែលទឹក

បញ្ជាក់​ដែរ​ថា​ កាំង​ ម៉ុយនីន​ ជា​កីឡា​ការិនី​ឆ្នើម​មួយ​រូប​របស់​កម្ពុជា​ ពិសេស​លើ​វិញ្ញាសា​ហែល​ពាក់​ជើងទា​​នេះ​តែ​ម្ដង។​ ជើង​ខ្លាំង​រូប​នេះ​ទើប​ឈ្នះ​មេដាយ​ ៦គ្រឿង​ មាស២ ប្រាក់៣ សំរឹទ្ធ១ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ហែល​ទឹក​ពាក់​ជើងទា​ អាស៊ីអាគ្នេយ៍​ លើក​ទី១​ នៅ​កម្ពុជា​។​ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​រៀបចំ​ការប្រកួត​ហែលទឹក​ពាក់​ជើងទា​ អាស៊ីអាគ្នេយ៍​ លើកទី១​ នេះ​កាល​ពី​ថ្ងៃ​ទី១​ ដល់​ ៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​