រដ្ឋមន្រ្ដី៖ ទិវាសហគ្រិនស្រី្ដ ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ស្រ្ដីក្នុងវិស័យសេដ្ឋកិច្ច

  • 2024-11-12 04:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគមសហគ្រិនស្រ្ដីកម្ពុជា បានរៀបចំទិវាសហគ្រិនស្រ្ដីកម្ពុជា ប្រចាំឆ្នាំ២០២៤ និងប្រគល់ពានរង្វាន់។ ទិវានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញពីដំណើរឆ្ពោះទៅមុខប្រកបដោយភាពរឹងមាំ នៃអាជីវកម្មដែលដឹកនាំដោយស្ត្រី។

ក្រៅពីចង់បង្ហាញឲ្យឃើញពីសមត្ថភាពរបស់ស្ដ្រីក្នុងវិស័យធុរកិច្ច ក៏អាចផ្ដល់ជាគំរូ ជំរុញ និងលើកទឹកចិត្តដល់សហគ្រិនស្រ្ដីដទៃទៀត ដើម្បីចូលរួមអបអរសាទរ ទិវាសហគិ្រនស្រី្ដទូទាំងប្រទេស។

ថ្លែងក្នុងទិវាសហគ្រិនស្ដ្រីកម្ពុជាដែលធ្វើឡើងនៅសណ្ឋាគាសុខាភ្នំពេញ កាលពីថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកទិវាសហគ្រិនស្ដ្រីស្រ្ដីកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ "ការពង្រឹងភាពអង់អាចស្រ្ដីក្នុងសេដ្ឋកិច្ចបៃតង" គឺបានលើកម្ពស់សុខាមាលភាពមនុស្ស កសាងសមភាពយេនឌ័រ និងសមធម៌សង្គម ក្នុងវិស័យឧស្សាហកម្ម ទន្ទឹមគ្នា និងការកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ដល់បរិស្ថាន ដែលជាទស្សនាទាន និងសកម្មភាពយុទ្ធសាស្រ្ដទិវារបស់រដ្ឋាភិបាលជាច្រើនលើសាកលលោក។

ឯកឧត្ដមបន្ដថា តាមរយៈទិវានេះ ពិតជាបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ស្រ្តីក្នុងការចូលរួមក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច កិច្ចការពារបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែងរបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សមាគម និងវិស័យឯកជន សំដៅដល់ការធានាឲ្យបាននូវការអភិវឌ្ឍអាជីវកម្មប្រកបដោយស្ថេរភាព និរន្តរភាព និងបរិយាបន្ន។

ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចកានារីបានឲ្យដឹងថាទិវាសហគ្រិនស្រ្ដីកម្ពុជា ក្រោមប្រធានបទ«ការពង្រឹងភាពអង់អាចរបស់ស្រី្ដក្នុងសេដ្ឋកិច្ចបៃតង» ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដមួយ និងមានសារៈសំខាន់ នៅក្នុងប្រទេសកម្ពុជា។

លោកជំទាវបន្ថែមថាសហគ្រិនធុនតូច និងមធ្យម បានផ្ដល់ការងារជាច្រើន ដល់ប្រជាជនកម្ពុជាក្នុងនោះភាគច្រើនជាស្រ្ដី។សម្រាប់កម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមប្រទេសនានា គឺសេរីភាព សម្រាប់ស្រ្ដី ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម ដោយគ្មានការរារាំង កម្រិតនយោបាយ និងកត្តាផ្សេងៗទៀត។លោកជំទាវសង្កត់ថាទោះជាស្រ្ដី បានចូលរួម និងទទួលបានការងារ ធ្វើពីសហគ្រិនស្រ្ដី យ៉ាងណាក៍ដោយ ក៍ស្រ្ដីនៅតែមានបញ្ហាប្រឈមមួយចំនួនដែរ ។ពោលគឺស្រ្ដីប្រឈមបញ្ហាច្រើនជាងបុរស។

បញ្ហាប្រឈមមានដូចជាការទទួលឱកាស ការគ្រប់គ្រង ការផលិត ការទទួលបានឱកាសសម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន និងបដិវត្តន៍កម្មឌីជីថល ជាពិសេសស្រ្ដីនៅជនបទ។

សូមបញ្ជាក់ថា ទិវាសហគ្រិនស្រ្ដីកម្ពុជា ឆ្នាំ២០២៤ ត្រូវបានរៀបចំលើងក្រោមប្រធានបទ "សហគ្រិនស្រ្ដីក្នុងសេដ្ឋកិច្ចបៃតង"។ ក្នុងនោះក៏មានការច្របាច់បញ្ចូលគ្នាជាច្រើននូវសកម្មភាព ដូចជាការដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់សហគ្រិនស្រ្ដី ព្រមទាំងមានវាគ្មិនជំនាញ និងបទពិសោធន៍ឡើងបង្ហាញពីគោលបំណងដើម្បីផ្សព្វផ្សាយសមត្ថភាពស្ដ្រី យេនឌ័រ និងលើកកម្ពស់សហគ្រិនស្រ្ដី ដោយផ្ដោតលើសេដ្ឋកិច្ចបៃតង ឬធុរកិច្ច បៃតង៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី