អគ្គលេខាសហព័ន្ធហែលទឹក៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកជាឱកាសពិសេសសម្រាប់សិក្ខាកាមពង្រីកចំណេះដឹង
- 2024-12-09 08:53:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គលេខាសហព័ន្ធហែលទឹក៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកជាឱកាសពិសេសសម្រាប់សិក្ខាកាមពង្រីកចំណេះដឹង
ចន្លោះមិនឃើញ
សហព័ន្ធខ្មែរកីឡាហែលទឹក នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងទីតាំងសហព័ន្ធផ្ទាល់បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាហែលទឹកកម្រិត១ ក្រោមជំនួយសាមគ្គីអូឡាំពិក (Olympic Solidarity Coaching Course Of Swimming In Level1) ។
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា នៅតាមបណ្ដាប្រទេសផ្សេងៗបើចង់ចូលរួមវគ្គបណ្ដុះបណ្ដានានាគឺត្រូវបង់ថវិកាទើបអាចរៀនសូត្រពង្រីកចំណេះដឹងលើជំនាញរបស់ខ្លួន។ ប៉ុន្តែនៅកម្ពុជាមានការយកចិត្តទុកដាក់ពី NOCC ក្រសួងអប់រំ សហព័ន្ធអន្តរជាតិគឺតែងតែផ្ដួចផ្ដើមឲ្យមានជាវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ដោយមិនគិតថវិកាអ្វីនោះឡើយ ពោលសិក្ខាកាមគ្រាន់តែចំណាយពេលមកសិក្សាប៉ុណ្ណោះ។
គ្រូជំនាញខាងហែលទឹកខាងលើបន្ថែមទៀតថា ឱកាសពិសេសៗបានសិក្ខាកាមជាមួយគ្រូបរទេសជំនាញៗដែលពោរពេញដោយបទពិសោធលើឆាកអន្តរជាតិ ដូច្នេះសិក្ខាកាមត្រូវយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រទាំងទ្រឹស្ដី រួមនិងការអនុវត្តន៍រយៈពេលប៉ុន្មានថ្ងៃនេះ។
លោក ហែល គិរី សង្ឃឹមថាសិក្ខាកាមនឹងយកចំណេះដឹងដែលបានសិក្សានៅវគ្គបណ្ដុះបណ្ដាលនេះទៅបង្ហាត់បង្រៀនពង្រីកធនធានកីឡាករ កីឡាការិនីហែលទឹកឲ្យមានកាន់តែច្រើននៅកម្ពុជាដើម្បីឆ្លើយតបជាមួយការខំប្រឹងជ្រោមជ្រែងរបស់សហព័ន្ធនាពេលកន្លងមកផងដែរ។
បញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាហែលទឹកកម្រិត១ (Olympic Solidarity Coaching Course Of Swimming In Level1) ក្រោមជំនួយសាមគ្គីអូឡាំពិក នេះធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ ១៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។ សិក្ខាកាមចូលរួមសរុប ២៥នាក់ ដោយមានគ្រូឧបទេសកម្រិតអន្តរជាតិ ឈ្មោះ Lopez Alvarado Miguel Angel ជាជនជាតិអេស្ប៉ាញ៕