សហព័ន្ធខ្មែរកីឡាហែលទឹក៖ តម្លៃពិតប្រាកដគឺលើខ្លួនយើង មិនអាស្រ័យតែលើវិញ្ញាបនបត្រ
- 2024-12-16 10:38:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធខ្មែរកីឡាហែលទឹក៖ តម្លៃពិតប្រាកដគឺលើខ្លួនយើង មិនអាស្រ័យតែលើវិញ្ញាបនបត្រ
ចន្លោះមិនឃើញ
តំណាងសហព័ន្ធខ្មែរកីឡាហែលទឹក ថាតម្លៃពិតគឺការបង្ហាញពីភាពជាក់ស្ដែងឲ្យឃើញលើសកម្មភាពខ្លួនឯង ដូច្នេះមិនមែនគ្រាន់តែវិញ្ញាបនបត្រមួយដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលជាការរីកចម្រើននោះទេ។
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា តាំងពីឆ្នាំ ១៩៩៩ មកដល់ពេលនេះវិញ្ញាសាហែលទឹកគឺមិនទាន់ទទួលបានមេដាយលើឆាកអន្តរជាតិនោះទេ បន្ទាប់ពីរូបលោកផ្ទាល់ឈ្នះម្ដងមក។
ការរំលឹកឡើងបែបនេះគឺចង់ឲ្យសិក្ខាកាមដែលជាកីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូ ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះបានដឹង និងពង្រឹងឆន្ទៈឲ្យកាន់តែខ្លាំងក្នុងការប្រឹងប្រែងហ្វឹកហាត់ ប្រឹងប្រែងពង្រីកផ្សព្វផ្សាយបន្ថែមទៀតដើម្បីសំបូរធនធានថ្មីៗជាដើម។
ភាពរីកចម្រើនរបស់ខ្លួនឯងម្នាក់ៗគឺជាការខំប្រឹងប្រែងបណ្ដុះធនធានថ្មីៗ បច្ចេកទេស ភាពឆ្លាតវៃ ទើបជាការបង្ហាញ និងតម្លៃពិតប្រាកដដែលបានរៀនសូត្រ ឬឆ្លងកាត់វគ្គសិក្សាកន្លងមក។ មិនមែនគ្រាន់តែបានវិញ្ញាបនបត្រមួយហើយបញ្ជាក់ថាជាការជោគជ័យហើយលើអាជីពហែលទឹកនេះនោះទេ ដូច្នេះលោកសូមលើកទឹកចិត្តដល់សិក្ខាកាមទាំង ២៥រូបនេះជួយពង្រីកផ្សព្វផ្សាយ និងបណ្ដុះធនធានថ្នាលឲ្យបានកាន់តែច្រើនតាមរយៈចំណេះដឹង ការអនុវត្តន៍ផ្ទាល់រយៈពេលប៉ុន្មានថ្ងៃមកនេះ។
បញ្ជាក់ដែរថា វគ្គគ្រូបង្វឹកកីឡាហែលទឹកកម្រិត១ ក្រោមជំនួយសាមគ្គីអូឡាំពិក (Olympic Solidarity Coaching Course Of Swimming In Level1) ដែលសហការគ្នារវាងសហព័ន្ធខ្មែរកីឡាហែលទឹក និង NOCC បានបិទបញ្ចប់ហើយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ សិក្ខាកាមចូលរួមសរុប ២៥រូប និងបានការបង្ហាត់បង្ហាញដោយគ្រូជំនាញមកពីអន្តរជាតិគឺលោក Lopez Alvarado Miguel Angel ដែលជាជនជាតិអេស្ប៉ាញ៕