ខ្ញី​​កាន់​តែ​ចាស់​កាន់​តែ​ហិល​! សួន​ ចាន់ណារ៉ូ ប្រើ​អស់​ក្បាច់​នាំ​ក្រុម​វាយ​បក​មហាផ្ទៃ​យក​ពាន​រង្វាន់​សម្ដេច​ ស ខេង

  • 2024-12-24 12:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ឆ្នើម​របស់​ជម្រើស​ជាតិ​បាល់​ទះ​កម្ពុជា​ សួន​ ចាន់ណារ៉ូ ប្រើប្រាស់​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំ​ពន្យល់​ដឹកនាំ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​វាយ​បក​លើ​ក្រុម​ខ្លាំង​ក្រសួងមហាផ្ទៃ​វិញ​រហូត​ឈ្នះ​ពាន​សម្ដេច​ ស ខេង​ កាល​ពី​ម្សិលមិញ។​

កីឡាករ សួន ចាន់ណារ៉ូ

ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន​កីឡាករ​ សួន​ ចាន់ណារ៉ូ​ បាន​លើក​ឡើង​ថា​ បន្ទាប់​ពី​ចាញ់​លើ​ដៃគូ​ ២-០​ សិន​ ហើយ​នោះ​គឺ​ស្ថានភាព​ដូច​ទៅ​ហ្នឹង​កាល​ប្រកួត​ស៊ីហ្គេម​ពេល​ប៉ះថៃ​ ប៉ុន្តែ​កម្ពុជា​វាយ​បក​យក​ឈ្នះ​វិញ។​

ទិដ្ឋភាពវគ្គផ្ដាច់ព្រ័ត្រ

ងាក​មក​ក្រុម​របស់​ខ្លួន​ពី​ម្សិលមិញ​នេះ​បន្ទាប់​ពី​ចាញ់​ខាង​ក្រសួង​មហាផ្ទៃ​ ២សិន​ ជាប់​គ្នា​មក​គឺ​ខ្លួន​ផ្ទាល់​បាន​ពន្យល់​ និង​ប្រាប់​កូន​ក្រុម​ឲ្យ​លេង​មួយ​ៗ​តាម​ធម្មតា​ ចាញ់-ឈ្នះ​ ជា​រឿង​ធម្មតា​ ប៉ុន្តែ​ត្រូវ​ប្រមូល​អារម្មណ៍​លេង​ឲ្យ​ដូច​ការ​ប្រកួត​មុនៗ។​

រូបភាពផេកសហព័ន្ធ

អតីត​កីឡាករ​ឆ្នើម​របស់​ជម្រើស​ជាតិ​ខាង​លើ​នេះ​បន្ថែម​​ទៀត​ថា​ ខ្លួន​បាន​ប្រាប់​ទៅ​កាន់​កូន​ក្រុម​មិន​លេង​ទម្លាក់​ដៃ ឬ​បន្ថយ​កម្លាំង​នោះ​ឡើយ​លទ្ធផល​ឈ្នះ​គឺ​ ២៥​ពិន្ទុ​ ដូច្នេះ​បើ​មិន​ទាន់​ដល់​ពិន្ទុ​ឈ្នះ​នោះ​ទេ​មិន​អាច​លេង​បន្ធូរបន្ថយ​ដាច់​ខាត។​ បន្ទាប់​ពី​ពន្យល់​ និង​ដាស់​ស្មារតី​ហើយ​នោះ​ ណារ៉ូ​ មើល​ឃើញ​ថា​កូន​ក្រុម​ចាប់​ផ្ដើម​លេង​ល្អ​ឡើង​វិញ​ និង​វាយ​មិន​ខ្លាចបាំងធំៗ​របស់​ក្រសួង​មហាផ្ទៃ​នោះ​ឡើយ។​

រូបភាពផេកសហព័ន្ធ

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​សម្ដេច​ក្រឡាហោម ស ខេង​ ឆ្នាំ​២០២៤​ បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី២៣​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង វាយ​បក​លើ​ក្រុម​ក្រសួង​មហាផ្ទៃ​ ៣-២​ យក​ពាន​ ប្រចាំ​ឆ្នាំ​ ២០២៤​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០​លាន​រៀល។​ ចំណែក​ក្រុម​លេខ២​ ក្រសួង​មហាផ្ទៃ​ ទទួល​បាន​ប្រាក់​រង្វាន់​​ ២០លាន​រៀល និង​ក្រុមលេខ៣​ បាន​លើ​បញ្ជាការដ្ឋាន​អង្គរក្ស A​ ទទួល​បាន​ប្រាក់​រង្វាន់​ ១២​លាន​រៀល​៕​

រូបភាពផេកសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​