កិច្ចសន្ទនា រវាងសហភាពអឺរ៉ុប និង អាស៊ាន ស្តីពីធនធានធម្មជាតិ ជួយជម្រុញការសម្រេចចិត្តប្រកបដោយនិរន្តរភាព
- 2025-02-20 08:57:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កិច្ចសន្ទនា រវាងសហភាពអឺរ៉ុប និង អាស៊ាន ស្តីពីធនធានធម្មជាតិ ជួយជម្រុញការសម្រេចចិត្តប្រកបដោយនិរន្តរភាព
ចន្លោះមិនឃើញ
ហ្សាកាតា, ឥណ្ឌូណេស៊ី – ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ – អ្នកតាក់តែងគោលនយោបាយ ថ្នាក់ដឹកនាំវិស័យឯកជន តំណាងសង្គមស៊ីវិល និងតំណាងស្ថាប័នសិក្សា ជាង ១៧០នាក់ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបញ្ចូលសម្បត្តិធម្មជាតិទៅក្នុងដំណើរការសម្រេចចិត្តនៅទូទាំងអាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលសិក្ខាសាលាអនឡាញ ដែលបានធ្វើឡើងចំនួនបីដង និងជាផ្នែកមួយនៃកម្មវិធីសន្ទនា EU-ASEAN ស្តីពីសម្បត្តិធម្មជាតិ ចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥។
អាស៊ានកំពុងអភិវឌ្ឍសេចក្តីព្រាងនៃផែនទីបង្ហាញផ្លូវអំពី ធនធានធម្មជាតិអាស៊ាន ASEAN Natural Capital Roadmap ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយដែលមានបំណងដាក់បញ្ចូលតម្លៃនៃសម្បត្តិធម្មជាតិទៅក្នុងការរៀបចំផែនការសេដ្ឋកិច្ច និងការសម្រេចចិត្ត ដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU) តាមរយៈ Enhanced Regional EU-ASEAN Dialogue Instrument (E-READI)។ សិក្ខាសាលាទាំងបីនេះត្រូវបានរៀបចំឡើងដើម្បីប្រមូលកត្តាសំខាន់ៗ សម្រាប់កែលម្អសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ។
សិក្ខាសាលាលើកទីមួយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានប្រមូលផ្តុំអ្នកតាក់តែង គោលនយោបាយ និង អ្នកជំនាញមកពីប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលជីវចម្រុះអាស៊ាន (ACB) និងសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌគោលនយោបាយ និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់។ សិក្ខាសាលាលើកទីពីរ ដែលបានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានផ្តោតជាពិសេសលើវិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុ ដោយសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យធុរកិច្ចក្នុងការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ នៅក្នុងសិក្ខាសាលានេះ អ្នកចូលរួមបានពិភាក្សាអំពីការអនុវត្តល្អបំផុតសម្រាប់ក្រុមហ៊ុននានា ក្នុងការគិតគូរពីហានិភ័យ និងឱកាសដែលទាក់ទងនឹងធនធានធម្មជាតិ នៅក្នុងប្រតិបត្តិការអាជីវកម្ម រចនាសម្ព័ន្ធវិនិយោគ និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។ ករណីសិក្សាពីក្រុមហ៊ុនមួយចំនួនក៏ត្រូវបានបង្ហាញ ដែលជាឧទាហរណ៍ជាក់ស្តែងនៃសក្តានុពលសម្រាប់ការតម្រឹមផលចំណេញជាមួយនឹងគោលដៅចីរភាព។ សិក្ខាសាលាលើកទីបី និងជាលើកចុងក្រោយ ដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានពិភាក្សាអំពីតួនាទីរបស់សង្គមស៊ីវិល និងអ្នកសិក្សា ក្នុងការលើកកម្ពស់អភិបាលកិច្ច និងការអនុវត្តអាជីវកម្មដែលផ្តល់ផលវិជ្ជមានដល់បរិស្ថាន។ តម្រូវការក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងការប្រាស្រ័យទាក់ទងជាភាសាដែលងាយយល់ដោយអ្នកសម្រេចចិត្តដែលមិនមែនជាអ្នកជំនាញផ្នែកបរិស្ថាន ត្រូវបានគូសបញ្ជាក់ជាពិសេស។
លោក Robert Frank មន្ត្រីកម្មវិធីនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំអាស៊ាន បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាចុងក្រោយថា៖ «សហភាពអឺរ៉ុប ប្តេជ្ញាគាំទ្រការផ្លាស់ប្តូរ របស់អាស៊ានឆ្ពោះទៅរកគំរូសេដ្ឋកិច្ចដែលផ្តល់ផលវិជ្ជមានដល់ធម្មជាតិ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីលើកកម្ពស់ការប្រើប្រាស់ធនធានប្រកបដោយចីរភាព និងប្រយុទ្ធប្រឆាំងនឹងការបាត់បង់ជីវចម្រុះ។»
អ្នកស្រី Corazon de Jesus Jr នាយកស្តីទីនៃកម្មវិធីមជ្ឈមណ្ឌលជីវចម្រុះអាស៊ាន បានសង្កត់ធ្ងន់ថា៖ «សិក្ខាសាលានេះមានសារៈសំខាន់សម្រាប់ការដាក់មូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ហើយមានសារៈសំខាន់សម្រាប់ការប្រមូលមតិ ជាពិសេសពីសង្គមស៊ីវិល និងសិក្សាធិការ ទៅក្នុងផែនទីបង្ហាញផ្លូវធនធានធម្មជាតិអាស៊ាន។»
ជាមួយនឹងការបញ្ចប់សិក្ខាសាលាទាំងបីនេះ ការយល់ដឹង និងអនុសាសន៍សំខាន់ៗដែលប្រមូលបាន នឹងបញ្ចូលទៅក្នុងកំណែចុងក្រោយនៃផែនទីបង្ហាញផ្លូវ ធនធានធម្មជាតិអាស៊ាន ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ។ គេសង្កេតឃើញថា ១ ដុល្លារអាមេរិកដែលបានវិនិយោគលើការស្តារប្រព័ន្ធអេកូឡូស៊ីអាចបានផលត្រឡប់មកវិញ ៧-៣០ ដុល្លារអាមេរិកជាអត្ថប្រយោជន៍សេដ្ឋកិច្ច ផែនទីបង្ហាញផ្លូវនេះនឹងបម្រើជាឧបករណ៍ណែនាំដើម្បីធានាបាននូវភាពធន់នៃសេដ្ឋកិច្ច ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងតំបន់អាស៊ាន។
ជាមួយនឹងជាង ៥០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក មានតម្លៃប្រហែល ៤៤ ពាន់ពាន់លានដុល្លារអាមេរិក ពឹងផ្អែកលើធម្មជាតិ ការអនុវត្តដែលមិនប្រកបដោយចីរភាពកំពុងគំរាមកំហែងដល់ធនធានដ៏សំខាន់។ តំបន់អាស៊ាន គឺជាជម្រក នៃជីវចម្រុះសកល ចំនួន ២០ ភាគរយ ដែលធ្វើឱ្យការកើនឡើងនៃការកាប់បំផ្លាញព្រៃឈើ និងការបាត់បង់ប្រព័ន្ធអេកូឡូស៊ីជាក្តីកង្វល់ដ៏សំខាន់។
អំពីអាស៊ាន
សមាគមន៍ប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើង នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧។ រដ្ឋសមាជិកនៃសមាគមន៍ គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ សហគមន៍អាស៊ាន ត្រូវបានបង្កើតជាផ្លូវការ។ លេខាធិការដ្ឋានអាស៊ាន មានមូលដ្ឋាន នៅទីក្រុង ហ្សាកាតា។
អំពីសហភាពអឺរ៉ុប
សហភាពអឺរ៉ុប (EU) គឺជាសហភាពសេដ្ឋកិច្ច និង នយោបាយ នៃប្រទេសសមាជិក ចំនួន ២៧ ដែលមានប្រជាជន ចំនួន ៤៤៩ លាននាក់។ រួមគ្នា សហភាពអឺរ៉ុបបានកសាងតំបន់នៃស្ថិរភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ខណៈពេលដែលរក្សាបាននូវភាពចម្រុះនៃវប្បធម៌ ការអត់ឱន និង សេរីភាពបុគ្គល។ ក្នុងឆ្នាំ ២០១២ សហភាពអឺរ៉ុប ត្រូវបានផ្តល់រង្វាន់ណូបែលសន្តិភាព សម្រាប់ការជំរុញគោលដៅ នៃសន្តិភាព ការផ្សះផ្សាលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្សនៅអឺរ៉ុប។ សហភាពអឺរ៉ុប គឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុត របស់ពិភពលោក និងជាប្រភពដ៏ធំជាងគេ និង ជាទិសដៅ នៃការវិនិយោគផ្ទាល់ពី បរទេស។ ជាសមូហភាព សហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន គឺជាម្ចាស់ជំនួយដ៏ច្រើនបំផុត នៃជំនួយអភិវឌ្ឍន៍ផ្លូវការ ODA ដែលផ្តល់ច្រើនជាងពាក់កណ្តាល នៃជំនួយសរុប នៅទូទាំងពិភពលោក។
ប្រទេសសមាជិក ចំនួន ២៧ របស់ សហភាពអឺរ៉ុប តាមលំដាប់លំដោយ គឺ ៖ បែលហ្សិក ប៊ុលហ្គារី សាធារណរដ្ឋឆេក ដាណឺម៉ាក អាល្លឺម៉ង់ អេស្តូនី អៀរឡង់ ក្រិក អេស្ប៉ាញ បារាំង ក្រូអាត អ៊ីតាលី ស៊ីប ឡាតវី លីទុយអានី លុចសំបួរ ហុងគ្រី ម៉ាល់តា ហូឡង់ អូទ្រីស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវេនី ស្លូវ៉ាគី ហ្វាំងឡង់ និងស៊ុយអែត។
សម្រាប់ព័ត៌មានបន្ថែម អំពីសហភាពអឺរ៉ុប ពាក់ព័ន្ធជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន សូមចូលទៅកាន់ ៖
Enhanced Regional EU-ASEAN Dialogue Instrument (E-READI) គឺជាកម្មវិធី ដែលផ្តល់ហិរញ្ញប្បទាន ដោយសហភាពអឺរ៉ុប ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ និង កិច្ចសន្ទនា រវាងសហភាពអឺរ៉ុប និង អាស៊ាន ក្នុងវិស័យគោលនយោបាយ ដែលមានផលប្រយោជន៍រួម។ ដោយទាញយកបទពិសោធន៍របស់ សហភាពអឺរ៉ុប ក្នុងការធ្វើសមាហរណកម្មក្នុងតំបន់ E-READI ពង្រឹងបន្ថែមទៀតនូវដំណើរការសមាហរណកម្ម ក្នុងតំបន់អាស៊ាន ក៏ដូចជាភាពជាដៃគូ យុទ្ធសាស្ត្រ អាស៊ាន-សហភាពអឺរ៉ុប ទាំងមូលផងដែរ៕
ទំនាក់ទំនង ៖
E-READI: ereadi@asean.org
គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំអាស៊ាន: delegation-asean-info@eeas.europa.eu
អគ្គលេខាធិការអាស៊ាន: media@asean.org