វ៉ាន់ វឿន ចុច​កីឡាករ​ម្នាក់​នេះ​​នៅ Top 1 ​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧Kg

  • 2025-03-13 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​​កាំ​ភ្លើង​ភ្លោះ វ៉ាន់​ វឿន បាន​លើក​ឡើង​ថា កីឡាករ​ បឺត សង្ឃឹម បច្ចុប្បន្ន​ជា​កីឡាករ​ស្ថិត​នៅ​កម្រិត​​​ខ្ពស់​ និង​​រាប់​​ជា​កីឡាករ​​ស្ថិត​នៅ Top 1 នៃ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​នេះ​។

​គេ​ដឹង​ថា ក្នុង​ប្រភេទ​ទម្ងន់​នេះ​មាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន​មាន លី ចំរើន ​ពេជ្រ ប៊ុនសិទ្ធ និង វ៉ាន់​ វឿន ខ្លួន​គេ​ផ្ទាល់​តែ​ម្ដង។ កីឡាករ​ក្នុង​ក្លិប KKIF បាន​ឲ្យ​ដឹង​​ថា បច្ចុប្បន្ន​កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​នេះ​មាន​ល្អ​ច្រើន ហើយ​​សិស្ស​លោក​គ្រូ សេន​ ប៊ុន​ថេន ​ម្នាក់​នេះ​កំពុង​តែ​ឡើង​ទៅ​ដាច់​គេ​ហើយ។ គេ​មាន​តិកនិក​ខ្ពស់ អាវុធ​​ច្បាស់​ល្អ​ បច្ចេកទេស​ពិបាក​វាយ​ចូល។ ចំណុច​ពិសេស​របស់​កីឡាករ​​រូប​នេះ​គឺ​​ញាក់​លឿន ហើយ​ចេញ​​លឿន​ចូល​លឿន​ រាល់​កា​រប្រកួត​គេ​តែង​តែ​បង្កើត​ផល​វិបាក​ដល់​ដៃ​គូ។

​​​កន្លង​មក​​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧ ​គីឡូក្រាម​នេះ ​ប្រិយមិត្ត​អ្នក​តាម​ដាន​ប្រដាល់​គុនខ្មែរ​ស្ទើរ​តែ​ទាំង​អស់​​សុទ្ធ​តែ​បាន​ដឹង​​​ នូវ​ការ​លើ​ក​ឡើង​របស់​លោក​ អេ ភូថង គ្រូ​ប្រដាល់​របស់​ក្លិប​ប្រដាល់​អេភូថង​​​កីឡា ដែល​​បាន​​គួស​បញ្ជាក់​ថា​ « ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​នេះ​ ​ស្រុក​ខ្មែរ​ គ្មាន​អ្នក​ណា​ល្អ​ជាង​ សង្ឃឹម​ ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​វាយ​ឈ្នះ​ សង្ឃឹម​ ដែរ​ ក្នុង​កំឡុង​ពេលនេះ​។ ​ពេល​នេះ​ សង្ឃឹម ល្អ​ណាស់​»។

​​​ផ្អែក​លើ​​កា​រប្រកួត​នា​ពេល​បច្ចុប្បន្ន​​យើង​ក៏​អាច​វាយ​តម្លៃ​បាន​ថា សង្ឃឹម បច្ចុប្បន្ន​​​មាន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​អាច​ប៉ះ​បាន ​ក្នុង​ប្រភេទ​ទម្ងន់​នេះ​។​ ក្នុង​នោះ​​គេ​​ឃើញ​ថា លី ចំរើន ​ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​នោះ​ដែល​ធ្លាប់​ឈ្នះ សង្ឃឹម និង​ត្រូវ​បាន​គេ​​ជឿ​ថា ​អាច​​ប៉ះ​គ្នា​លើ​សង្វៀន​បាន​នា​ពេលនេះ​៕

Phon Pheaktra