ធន់ ចាន់តាក់ ទទួល​ស្គាល់​កំហុស​​រឿង​​ឆ្លៀត​វាយ​ដៃ​គូ១​កែង​​ក្រោយ​ចប់​ទឹក​

  • 2025-03-17 01:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធន់ ចាន់តាក់ ​បាន​ធ្វើ​ការ​​ប្រកួត​ក្នុង​ជំនួប​មិត្ត​ភាព​ជាមួយ​ Mbang Hen Eric ដែល​ត្រូវ​​បាន​គេ​​ដាក់​រហស្សនាម​ឲ្យ​ថា កាន់តែ​ខ្មែរ ក្នុង​កម្មវិធី​ប្រកួត​របស់​ស្ថានីយ​ទូរទស្សន៍ CNC កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២៥ ។

​ក្នុង​ការ​ប្រកួត​នោះ​មាន​វីដេអូ​បែក​ធ្លាយ​​មួយ​​គឺ​ពេល​ដែល​ចៅក្រម​ប្រកាស​ចប់​ទឹក ស្រាប់​តែ ធន់​ ចាន់​តាក់ បាន​ដើរ​ទៅ​បម្រុង​ឱប​កាន់​តេ​ខ្មែរ តែ​បែរ​ជា​ឆក់​វាយ​មួយ​កែង​ពេញ​​។ ដ្បិត​តែ​មិន​បង្ក​ឲ្យ​មាន​របួស​ ឬ​ក៏​បណ្ដាល​ឲ្យ​​ កាន់​តែ​សន្លប់​ក្រោយ​ពេល​វាយ​មួយ​កែង​នោះ ប៉ុន្តែ​ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គុនខ្មែរ​ដែល​បានឃើញ​វីដេអូ​នេះ​សម្ដែង​ការ​ហួស​ចិត្ត​មួយ​ខ្លាំង​មែនទែន​។

​ទោះ​បី​ជា​យ៉ាង​ណា សិស្ស​គុន​ខ្មែរ​ក្នុង​ក្លិប​​លោក ធន់ សុភា រូប​នេះ​បាន​ទទួល​​ស្គាល់​ថា វា​ជា​កំហឹង​មួយ​ឆាវ​ដែល​ទប់​អារម្មណ៍​ខ្លួន​ឯង​មិន​បាន​​ទើប​ធ្វើ​​រឿង​មិន​ល្អ​ដល់​គុន​ខ្មែរ​មួយ​នេះ​។ មែនទែន​ទៅ​ពេល​នោះ​ខ្លួន​គេ​ពិត​ជា​ខុស​មែន និង​​ក៏​បាន​ធ្វើ​ការ​សុំទោស​ភ្លាម​ៗទៅ​កាន់ កាន់​តេ​ ដែរ ប៉ុន្តែ​បង​ប្អូន​កម្ពុជា​នៅ​តែ​បន្ត​​ជេរ​មិន​លើក​លេង​។

​រឿង​នេះ​មាន​​បង​ប្អូន​ខ្លះ​ចង់​ឲ្យ​​សហព័ន្ធ​គុន​ខ្មែរ​មាន​ការ​ដាក់​ពិន័យ​​ដល់​ ចាន់​តាក់ ដែល​ធ្វើ​រឿង​មិន​គោរព​ដៃ​គូ ​ព្រោះ​បង​ប្អូន​​​អ្នក​គាំទ្រ​គុន​ខ្មែរ​យល់​ឃើញ​ថា វា​​ពិត​ជា​បាន​ប៉ះពាល់​ដល់​​កិត្តិយស​គុនខ្មែរ ដែល​បង្ហាញ​ពី​អត្តចរិត​មិន​ល្អ​ដល់​​សង្គម និង​ពិភព​លោក​ទាំង​មូល​។ សូម​បញ្ជាក់​ថា កន្លង​មក ចាន់​ចាក់ មិន​ធ្លាប់​ធ្វើ​រឿង​ខុស​ឆ្គង​ធ្ងន់​បែប​នេះ​ទេ គេ​ជា​កីឡាករ​មាន​ចិត្ត​ធ្ងន់​ម្នាក់ និង​ជា​កីឡាករ​ចាស់​វស្សា​ម្នាក់​ក្នុង​វិស័យ​​ឈឺ​សាច់​មួយ​នេះ​៕

​​

Phon Pheaktra