កិច្ចសហការឆ្លងដែនដ៏វិសេស! ភោជនីយដ្ឋាន Cuisine Wat Damnak មកពីកម្ពុជា និង Le Plein តៃវ៉ាន់ រួមគ្នាបង្កើតបទពិសោធន៍ធ្វើម្ហូបដ៏អស្ចារ្យ លើឆាកអន្តរជាតិ
- 2025-04-24 06:42:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កិច្ចសហការឆ្លងដែនដ៏វិសេស! ភោជនីយដ្ឋាន Cuisine Wat Damnak មកពីកម្ពុជា និង Le Plein តៃវ៉ាន់ រួមគ្នាបង្កើតបទពិសោធន៍ធ្វើម្ហូបដ៏អស្ចារ្យ លើឆាកអន្តរជាតិ
ចន្លោះមិនឃើញ
ក្រោមការរៀបចំដោយ អ៊ីនហ្វរ៉េស អ៊ិនធើណេសិនណល (InForest International) កិច្ចសហការដ៏មានសារៈសំខាន់មួយបាននាំយកភោជនីយដ្ឋានល្បីឈ្មោះពីរកន្លែងមកជួបគ្នាជាលើកដំបូងនៅតៃវ៉ាន់។ ភោជនីយដ្ឋាន Cuisine Wat Damnak របស់កម្ពុជា ដែលធ្លាប់ទទួលបានពានរង្វាន់ "ភោជនីយដ្ឋានល្អបំផុតទាំង ៥០ ប្រចាំអាស៊ី" (Asia’s 50 Best Restaurants) ពីរដង រួមជាមួយភោជនីយដ្ឋាន ឡឺផ្លាំង (Le Plein) របស់តៃវ៉ាន់ ដែលត្រូវបានណែនាំដោយមីឆេលីន (Michelin-recommended) បួនដង បានចាប់ដៃគ្នាបង្កើតព្រឹត្តិការណ៍ធ្វើម្ហូបដ៏ពិសេសមួយ។
ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះ រៀបចំឡើងក្រោមទម្រង់មុខម្ហូបបារាំងដ៏ប្រណិត បានបញ្ចូលគ្នានូវគ្រឿងផ្សំតាមរដូវកាលរបស់តៃវ៉ាន់ជាមួយនឹងវប្បធម៌គ្រឿងទេសរបស់កម្ពុជា ដោយបង្ហាញពីការផ្សារភ្ជាប់គ្នាយ៉ាងចុះសម្រុងរវាងបច្ចេកទេសធ្វើម្ហូបបារាំងដ៏ល្អិតល្អន់ និងការច្នៃប្រឌិតឆ្លងវប្បធម៌។ លទ្ធផលគឺអាហារដ៏ឈ្ងុយឆ្ងាញ់ ដែលមានតុល្យភាពរវាងភាពទំនើប និងរសជាតិដ៏ជ្រាលជ្រៅ។
បរិយាកាសដ៏ទាក់ទាញរបស់ Le Plein៖ ការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ និងភាពទំនើប
ភោជនីយដ្ឋាន Le Plein មានទីតាំងស្ថិតនៅក្នុងអគារដែលជាអតីតទីបញ្ជាការយោធាសហរដ្ឋអាមេរិក ដែលត្រូវបានជួសជុលឡើងវិញ។ ភោជនីយដ្ឋាននេះនៅតែរក្សាបាននូវរចនាបថឈើ និងបង្អួចកញ្ចក់ពណ៌ដើមរបស់អគារ ព្រមទាំងបានបញ្ចូលជញ្ជាំងបេតុងឆៅបែបសាមញ្ញ រុក្ខជាតិបៃតងខៀវស្រងាត់ និងពន្លឺធម្មជាតិ។ ទីកន្លែងនេះផ្ដល់នូវបរិយាកាសស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយភាពរស់រវើកសម្រាប់ការទទួលទានអាហារ។
ចុងភៅពីររូបដែលទទួលការបណ្ដុះបណ្ដាលពីបារាំង បង្កើតវេទិកាធ្វើម្ហូបលំដាប់ពិភពលោក
ចុងភៅជនជាតិបារាំង លោក Joannès Rivière ដែលបានរស់នៅ និងជ្រួតជ្រាបពីវប្បធម៌ខ្មែរអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ បានផ្តល់និយមន័យថ្មីដល់ម្ហូបខ្មែរដោយប្រើប្រាស់ជំនាញធ្វើម្ហូបបែបបារាំង ដែលធ្វើឱ្យភោជនីយដ្ឋាន Cuisine Wat Damnak ទទួលបានកិត្តិនាមក្នុងបញ្ជីភោជនីយដ្ឋានល្អបំផុតទាំង ៥០ ប្រចាំអាស៊ី។ ចំណែកឯចុងភៅតៃវ៉ាន់ លោក Lin Kai-wei បានបង្កើតភោជនីយដ្ឋាន Le Plein ដោយទាញយកការបំផុសគំនិតពីរសជាតិក្នុងស្រុក និងការហ្វឹកហាត់បែបបារាំង ដែលធ្វើឱ្យភោជនីយដ្ឋាននេះល្បីល្បាញ និងទទួលបានការណែនាំពី Michelin។ ចុងភៅទាំងពីររូបនេះ មានចំណង់ចំណូលចិត្តចំពោះផលិតផលក្នុងស្រុកនៃប្រទេសរៀងៗខ្លួនហើយកិច្ចសហការ "ដៃបួន" (four-hands) របស់ពួកគេសន្យាថានឹងនាំមកនូវការរួមបញ្ចូលគ្នាដ៏គួរឱ្យរំភើបរវាងភាពច្នៃប្រឌិត និងប្រពៃណី។
អាហារឆ្លងដែន៖ បច្ចេកទេសបារាំង ជួបនឹងគ្រឿងផ្សំតៃវ៉ាន់-កម្ពុជា
កម្មវិធីអាហារដែលបានរៀបចំឡើង រួមមាន៖
• អាហារសម្រន់ (Appetizers):
o នំធ្វើពីគ្រាប់ស្វាយចន្ទី និងសណ្តែកសៀង តុបតែងជាមួយពងត្រីសាម៉ុង និងក្រូចម្រាមដៃព្រះ ដែលមានតុល្យភាពរវាងរសជាតិគ្រាប់ធញ្ញជាតិ និងរសជាតិពីសមុទ្រ។
o នំបាញ់ឆែវខ្មែរ ប្រែក្លាយជាតាកូ (tacos) ស្នូរសាច់ជ្រូកអាំង និងបន្លែតាមរដូវកាល ធ្វើឱ្យអាហារតាមផ្លូវក្លាយជាអាហារលំដាប់ខ្ពស់។
o ត្រីទឹកដោះគោ និងម្នាស់ប្រៃ រុំដោយសារ៉ាយសមុទ្រស្រួយ ផ្សំជាមួយផ្លែប៉ោមបៃតងជ្រក់ និងទឹកស៊ីរ៉ូម្រេចកំពត បង្កើតរសជាតិជូរអែម និងហឹរ។
o ប្រហិតមឹក ចម្អិនដោយបច្ចេកទេស sous-vide រួចបំពងជាមួយម្សៅផ្សំពីទឹកខ្មៅរបស់មឹក ពោរពេញដោយគ្រឿងទេសរបស់អាស៊ីអាគ្នេយ៍។
• អាហារដំបូង (Starters):
o គាវប្រេងម្ទេស រៀបចំជាថ្មី ញ៉ាំជាមួយទឹកស៊ុបប៉េងប៉ោះ និងឆៃថាវជ្រក់។
o ត្រីផ្អក ផ្សំរសជាតិជាមួយផ្លែឈើតៃវ៉ាន់ និងត្រី amberjack ចម្អិនដោយបច្ចេកទេស sous-vide បង្កើតតុល្យភាពរសជាតិប្រៃ និងជូរ។
o ហ្គាវបាវ (gua bao) សាច់ក្រកបារាំង ញ៉ាំជាមួយអណ្តាតជ្រូក គ្រាប់ធញ្ញជាតិ និងជី បង្កើតរសជាតិ និងសម្ផស្សដ៏ប្លែក។
o កង្កែបអាំង លាយជាមួយសាច់ជ្រូក សណ្តែកដី និងគ្រឿងទេសខ្មែរ ធ្វើឱ្យនឹកឃើញដល់រសជាតិអាហារតាមផ្លូវដ៏រស់រវើក។
• អាហារចម្បង (Mains):
o ត្រីសមុទ្រតៃវ៉ាន់ ស្រោចដោយការីកម្ពុជា និងខ្ទិះដូងស្រស់ មានរសជាតិឈ្ងុយ និងក្រអូប។
o សាច់ព្រាបបែបបារាំង ចម្អិនជាមួយស្រាក្រហម ស្ករអំពៅ និងទឹកជ្រលក់ម្រេច ធ្វើឱ្យនឹកដល់ម្ហូបខ្មែរឡុកឡាក់ ដ៏ពេញនិយម។
• បង្អែម (Desserts):
o ផ្លែឈើតាមរដូវ ការ៉េមស៊័របេ (sorbet) និងសូកូឡាតៃវ៉ាន់ផ្សំជាមួយក្លិន ឈើអែមខ្មែរ បង្កើតរសជាតិផ្អែមឆ្ងាញ់។
o នំតូចៗ (Petits fours) បែបកម្ពុជា៖ ស្ករគ្រាប់អម្ពិលហឹរ ចេកឆាប និង ម៉ាសម៉េឡូស្លឹកតើយ ជាការទទួលទានលាងមាត់ ជាមួយរសជាតិដ៏ប្លែក។
ការសហការនេះមិនគ្រាន់តែជាអាហារពេលល្ងាចប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើដំណើរឆ្លងវប្បធម៌ ដែលបញ្ចូលភាពល្អឥតខ្ចោះបែបបារាំងជាមួយនឹងភាពរស់រវើកនៃរសជាតិខ្មែរ និងតៃវ៉ាន់។ ជាឱកាសដ៏កម្រដែលអ្នកស្រឡាញ់ម្ហូបអាហារអាចស្វែងយល់ពីការច្នៃប្រឌិត និងមិត្តភាពអន្តរជាតិតាមរយៈចានអាហារដ៏ទាក់ទាញ៕