NHK World ៖ ស្ត្រីខ្មែរ កាន់តែច្រើនចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដើម្បីអនាគតភ្លឺស្វាងសម្រាប់គ្រួសារ

  • 2025-04-29 08:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ត្រីខ្មែរកាន់តែច្រើនកំពុងបោះជំហានទៅមុខក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល និងផ្តល់អនាគតកាន់តែប្រសើរសម្រាប់គ្រួសាររបស់ពួកគេ។ យោងតាមវីដេអូឯកសាររបស់ NHK World-Japan ដែលមានចំណងជើងថា “Women Entrepreneurs on the Rise: Cambodia - Asia Insight” ដែលចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ហើយស្ត្រីកំពុងក្លាយជាកម្លាំងចលករថ្មីនៃការអភិវឌ្ឍនេះ។

ជាមួយនឹងការគាំទ្រពីរដ្ឋាភិបាល និងអង្គការផ្សេងៗ ស្ត្រីជាច្រើនបានចាប់ផ្តើមអាជីវកម្មខ្នាតតូច ដើម្បីស្វែងរកជីវិតកាន់តែប្រសើរ។ ស្ត្រីខ្លះទៀតមានមហិច្ឆតាធំជាងនេះ ដោយពួកគេមិនត្រឹមតែបើកអាជីវកម្មផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជួលបុគ្គលិក និងគ្រប់គ្រងសហគ្រាសរបស់ខ្លួនទៀតផង។

កម្មវិធីបណ្តុះបណ្តាល និងការគាំទ្រពីអង្គការដូចជា Cambodia Women Entrepreneurs Association (CWEA) និងគម្រោងអន្តរជាតិបានជួយស្ត្រីកម្ពុជា ឱ្យទទួលបានជំនាញ និងទំនុកចិត្តក្នុងការដឹកនាំអាជីវកម្មរបស់ខ្លួន។

រដ្ឋាភិបាលកម្ពុជាក៏បានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ស្ត្រី ជាសហគ្រិនផងដែរ។ គម្រោងផ្តល់ហិរញ្ញប្បទានខ្នាតតូច និងកម្មវិធីបណ្តុះបណ្តាលជំនាញបានជួយស្ត្រីជាច្រើនឱ្យចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ពួកគេ។ យោងតាម NHK World-Japan ស្ត្រី កំពុងបង្កើតការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់ពួកគេ ដោយមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវជីវភាពគ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

អ្នកជំនាញជឿជាក់ថា ការបន្តគាំទ្រស្ត្រីសហគ្រិនតាមរយៈការអប់រំ ការផ្តល់ហិរញ្ញប្បទាន និងការលើកទឹកចិត្តឱ្យមានការច្នៃប្រឌិតនឹងជួយពង្រឹងតួនាទីរបស់ស្ត្រីនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ជាមួយនឹងការតស៊ូ និងការគាំទ្រ ស្ត្រីខ្មែរអាចសម្រេចបាននូវភាពជោគជ័យ និងនាំមកនូវអនាគតភ្លឺស្វាងសម្រាប់គ្រួសារ និងសហគមន៍របស់ពួកគេ៕

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី