លោក ត្រាំ ប្រកាសគម្រោងដាក់ពន្ធ ១០០% លើភាពយន្តបរទេស អាចនឹងធ្វើឱ្យសំបុត្រកុនឡើងថ្លៃ
- 2025-05-05 07:23:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ត្រាំ ប្រកាសគម្រោងដាក់ពន្ធ ១០០% លើភាពយន្តបរទេស អាចនឹងធ្វើឱ្យសំបុត្រកុនឡើងថ្លៃ
ចន្លោះមិនឃើញ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអាទិត្យ ទី៤ ឧសភា ២០២៥ ថាលោកនឹងដាក់ពន្ធ ១០០% លើភាពយន្តទាំងអស់ដែលផលិតនៅក្រៅប្រទេស ដែលជាផ្នែកមួយនៃគោលនយោបាយពាណិជ្ជកម្មដ៏តឹងរ៉ឹងរបស់លោក ដែលបានពង្រីកទៅកាន់វិស័យកម្សាន្តជាលើកដំបូង។ ការប្រកាសនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់លើទីផ្សារភាពយន្ត និងសេដ្ឋកិច្ចសកល ខណៈសង្គ្រាមពាណិជ្ជកម្មរបស់លោកជាមួយប្រទេសផ្សេងៗ ជាពិសេសចិន កំពុងតែកើនឡើង។
យោងតាមសេចក្តីថ្លែងការណ៍នៅលើវេទិកា Truth Social របស់លោក ត្រាំ បាននិយាយថា លោកបានណែនាំឱ្យនាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ចាប់ផ្តើមដំណើរការភ្លាមៗក្នុងការដាក់ពន្ធ ១០០% លើ “ភាពយន្តទាំងអស់ដែលនាំចូលមកក្នុងប្រទេសរបស់យើង ដែលផលិតនៅបរទេស”។ លោកបានអះអាងថា ឧស្សាហកម្មភាពយន្តអាមេរិក ជាពិសេសហូលីវូដ កំពុង “រលាយសាបសូន្យយ៉ាងលឿន” ដោយសារតែការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដែលប្រទេសផ្សេងទៀតផ្តល់ជូនដល់អ្នកផលិតភាពយន្ត។ លោកក៏បានហៅការផលិតភាពយន្តបរទេសថាជា “ការគំរាមកំហែងដល់សន្តិសុខជាតិ” ដោយសំដៅថាពួកវាជា “សារផ្សព្វផ្សាយ និងការឃោសនា”។
ផលប៉ះពាល់លើឧស្សាហកម្មភាពយន្ត
ការសម្រេចចិត្តនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមស្ទូឌីយោភាពយន្តធំៗ ដូចជា Walt Disney Company, Paramount Global និង Warner Bros Discovery ដែលអាចរងផលប៉ះពាល់ខ្លាំង ជាពិសេសបន្ទាប់ពីប្រទេសចិនបានកាត់បន្ថយចំនួនភាពយន្តអាមេរិកដែលអនុញ្ញាតឱ្យចាក់បញ្ចាំងនៅក្នុងប្រទេសរបស់ខ្លួន កាលពីខែមុន ដែលជាការសងសឹកចំពោះគោលនយោបាយពន្ធដ៏តឹងរ៉ឹងរបស់លោក ត្រាំ។ យោងតាម The Indian Express សង្គ្រាមពន្ធនៅក្នុងទីផ្សារភាពយន្តនឹងប៉ះពាល់ដល់ស្ទូឌីយោលោកខាងលិច និងអាចនាំឱ្យតម្លៃសំបុត្រកុនកើនឡើង ខណៈជម្រើសភាពយន្តសម្រាប់អ្នកប្រើប្រាស់អាចនឹងត្រូវកាត់បន្ថយ។
លើសពីនេះ អ្នកជំនាញមួយចំនួនបានលើកឡើងថា ការដាក់ពន្ធនេះអាចជួបការលំបាកក្នុងការអនុវត្ត ដោយសារតែភាពយន្តជាច្រើនសព្វថ្ងៃនេះត្រូវបានផលិតដោយការសហការផលិតកម្មអន្តរជាតិ។ លោក Steven Wolfe Pereira អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Univision បាននិយាយថា ការផលិតភាពយន្តភាគច្រើនមានលក្ខណៈសកល ដោយពឹងផ្អែកលើទីផ្សារបរទេសដូចជាចិន ដែលជាទីផ្សារភាពយន្តធំទីពីររបស់ពិភពលោក។ ការដាក់ពន្ធអាចរំខានដល់ការសហការផលិតកម្មទាំងនេះ និងបង្កើនការចំណាយសម្រាប់អ្នកប្រើប្រាស់៕