ភោជនីយដ្ឋាន Cuisine Wat Damnak របស់កម្ពុជា បង្ហាញសក្ដានុពលម្ហូបខ្មែរលំដាប់ខ្ពស់ ធ្វើឲ្យកក្រើកដល់ តៃវ៉ាន់!

  • 2025-05-06 03:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋានដ៏ល្បីល្បាញ Cuisine Wat Damnak ដែលមានឈ្មោះបោះសំឡេងក្នុងការច្នៃប្រឌិតម្ហូបខ្មែរ បាននាំយករសជាតិ និងវប្បធម៌ខ្មែរទៅអង្រួនឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ និងម្ហូបអាហារដ៏អស្ចារ្យមួយនៅតៃវ៉ាន់ កាលពីពេលថ្មីៗនេះ។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោក ឆាយ សហស្ថាបនិក និងជាដៃគូគ្រប់គ្រង ក្រុមចុងភៅដ៏ឆ្នើមរបស់ Cuisine Wat Damnak ដឹកនាំដោយមេចុងភៅដៃឯក Joannès Rivière រួមជាមួយចុងភៅខ្មែរពីររូបទៀត បានធ្វើដំណើរទៅកាន់តៃវ៉ាន់ ដើម្បីបង្ហាញនូវភាពល្អឯកនៃម្ហូបខ្មែរ ដែលត្រូវបានច្នៃប្រឌិតយ៉ាងសម្រិតសម្រាំង។

ព្រឹត្តិការណ៍ដ៏ពិសេសនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមចុងភៅតៃវ៉ាន់ដ៏មានទេពកោសល្យនៅភោជនីយដ្ឋាន Le Plein ដែលត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋានលំដាប់ខ្ពស់ (Fine Dining) ដ៏ល្អបំផុតមួយនៅ Taichung។ ក្នុងរយៈពេលបីថ្ងៃនេះ ចុងភៅកម្ពុជា និងតៃវ៉ាន់ បានរួមគ្នាបង្កើតនូវមុខម្ហូបដ៏អស្ចារ្យ ដែលមិនត្រឹមតែឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងជាស្ពានចម្លងវប្បធម៌រវាងប្រទេសទាំងពីរតាមរយៈភាសាអាហារ ដោយបានបម្រើជូនភ្ញៀវកិត្តិយសប្រមាណ ១០០ នាក់។

Cuisine Wat Damnak មិនមែនជាឈ្មោះថ្មីថ្មោងក្នុងពិភពអាហារកម្ពុជានោះទេ។ ភោជនីយដ្ឋាននេះល្បីល្បាញដោយសារការច្នៃប្រឌិតខ្ពស់ ដោយបានផ្សារភ្ជាប់រសជាតិខ្មែរដើមជាមួយនឹងបច្ចេកទេសចម្អិនអាហារសម័យថ្មី បង្កើតបានជាបទពិសោធន៍អាហារដ៏ប្លែក និងគួរឲ្យចាប់អារម្មណ៍។ ភាពល្បីល្បាញនេះត្រូវបានអះអាងតាមរយៈពានរង្វាន់ជាច្រើនដែលភោជនីយដ្ឋានទទួលបានក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ និងការចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិល្បីៗជាច្រើន រួមទាំងការទទួលស្គាល់ពី Michelin Guide ផងដែរ។

លោក ឆាយ បានមានប្រសាសន៍ថា៖ «នៅក្នុងសង្គមរីកចម្រើន ដូចជានៅ ហុងកុង សិង្ហបុរី តៃវ៉ាន់ ឬបាងកក អាហារលំដាប់ខ្ពស់ត្រូវបានទទួលស្គាល់ និងលើកទឹកចិត្តឲ្យមានការច្នៃប្រឌិតខ្ពស់។ ប៉ុន្តែនៅកម្ពុជា ខ្ញុំយល់ថា ម្ហូបខ្មែរលំដាប់ខ្ពស់ហាក់ដូចជាមិនទាន់ត្រូវបានគេស្គាល់ ឬទទួលយកទូលំទូលាយនៅឡើយ។ យើងមានទំនោរឲ្យតម្លៃលើផលិតផលនាំចូល។ នេះជាហេតុផលដែលខ្ញុំចង់នាំក្រុមការងារទៅក្រៅប្រទេស ដើម្បីបង្ហាញថា ម្ហូបខ្មែរយើងមានសក្ដានុពលមិនចាញ់ម្ហូប កូរ៉េ ជប៉ុន ឬថៃឡើយ»។

លោកបានបន្ថែមទៀតថា គម្រោងនេះត្រូវការការរៀបចំយ៉ាងល្អិតល្អន់ជាច្រើនខែ ចាប់តាំងពីការជ្រើសរើសដៃគូ រហូតដល់ការផ្លាស់ប្តូរយោបល់ស៊ីជម្រៅអំពីវប្បធម៌ម្ហូបអាហារ និងទស្សនវិជ្ជាធ្វើម្ហូប។

លោក ឆាយ ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូនៅតៃវ៉ាន់ គឺភោជនីយដ្ឋាន Le Plein ដែលបានបើកទ្វារផ្ទះបាយស្វាគមន៍ក្រុមការងាររបស់លោក និងបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ជាពិសេសមេចុងភៅ Joannes Rivière ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការបង្ហាញមុខម្ហូបប៉ុណ្ណោះទេ តែជាការបញ្ជាក់ពីគុណភាព និងសក្ដានុពលនៃម្ហូបខ្មែរនៅលើឆាកអន្តរជាតិ។ លើសពីនេះទៅទៀត Cuisine Wat Damnak ក៏កំពុងតែស្វែងរកឱកាសសក្តានុពលដើម្បីពង្រីកខ្លួន បើកសាខានៅលើទីផ្សារក្រៅប្រទេសនាពេលអនាគត ដែលនេះជាមោទនភាពមួយទៀតសម្រាប់សិល្បៈធ្វើម្ហូបរបស់កម្ពុជា៕

ដោយ ៖ គីម ណារ៉ាក់