មន្ទីរវប្បធម៌ខេត្តក្រចេះ អភិរក្សសំណង់ឈើបុរាណកម្រ ៣ កន្លែង ក្លាយជាគោលដៅទេសចរណ៍ថ្មី
- 2025-05-07 03:51:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ទីរវប្បធម៌ខេត្តក្រចេះ អភិរក្សសំណង់ឈើបុរាណកម្រ ៣ កន្លែង ក្លាយជាគោលដៅទេសចរណ៍ថ្មី
ចន្លោះមិនឃើញ
ក្រចេះ៖ សំណង់ឈើបុរាណដ៏ស្រស់ស្អាត និងកម្ររកបានចំនួន ៣ កន្លែង ដែលមានអាយុកាលរាប់សិបទៅរាប់រយឆ្នាំ កំពុងត្រូវបានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ យកចិត្តទុកដាក់អភិរក្ស និងថែទាំយ៉ាងយកចិត្តទុកដាក់ ក្នុងគោលបំណងរក្សាកេរដំណែលដូនតា និងជំរុញវិស័យទេសចរណ៍វប្បធម៌នៅក្នុងខេត្ត។ សំណង់បុរាណទាំងនោះរួមមាន៖ ព្រះវិហារវត្តរកាកណ្ដាល ផ្ទះសសរ ១០០ និងផ្ទះបុរាណមួយខ្នងទៀត ដែលជាអតីតកុដិព្រះសង្ឃ ស្ថិតនៅក្នុងបរិវេណអតីតវត្តរកាកណ្ដាល ក្នុងភូមិរកាកណ្ដាលទី១ សង្កាត់កណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។
តាមការបញ្ជាក់ពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ ព្រះវិហារវត្តរកាកណ្ដាល គឺជាសំណង់បុរាណដែលមានអាយុកាលចំណាស់ខ្លាំង ដោយត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៨៣៨ ក្នុងរាជ្យរបស់ព្រះបាទអង្គឌួង។ ចំណែកឯផ្ទះសសរ ១០០ វិញ គឺជាការបរិច្ចាគរបស់ម្ចាស់ដើមដែលរស់នៅភូមិរកាកណ្ដុរ ឃុំឆ្លូង ស្រុកក្រចេះ។ នៅពេលប្រគល់ឱ្យមន្ទីរ ផ្ទះនេះមានសភាពទ្រុឌទ្រោមខ្លាំង ហើយសសរនៅសល់តែ ៤៨ ដើមប៉ុណ្ណោះ។ តាមប្រភពដដែល ដើមឡើយផ្ទះសសរ ១០០ នេះ មានសសរសរុប ១០០ ដើម រួមមានសសរ ៤៤ ដើមសម្រាប់សំណង់យ៉ខាងមុខនិងចំហៀង សសរ ៤០ ដើមសម្រាប់តួផ្ទះ និង ១៦ ដើមទៀតសម្រាប់ផ្ទះបាយ។ ដោយមើលឃើញពីតម្លៃប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មដ៏ល្អឯកនៃសំណង់ឈើបុរាណទាំងនេះ ទើបមន្ទីរវប្បធម៌សម្រេចធ្វើការអភិរក្ស និងជួសជុលឡើងវិញ។
បច្ចុប្បន្ន សំណង់បុរាណទាំង ៣ នេះ មិនត្រឹមតែក្លាយជាទីចាប់អារម្មណ៍សម្រាប់ការសិក្សាស្រាវជ្រាវពីសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រែក្លាយទៅជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញមួយនៅក្នុងខេត្តក្រចេះផងដែរ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលទស្សនា ថតរូប និងស្វែងយល់ស៊ីជម្រៅអំពីស្ថាបត្យកម្ម និងប្រវត្តិរបស់សំណង់នីមួយៗ។ អ្វីដែលពិសេសជាងនេះទៅទៀត ទីតាំងអភិរក្សនេះមានលក្ខណៈអំណោយផលយ៉ាងខ្លាំង ដោយស្ថិតនៅជាប់ដងទន្លេមេគង្គដ៏ស្រស់ស្អាត ព្រមទាំងមានម្លប់ដើមឈើធំៗត្រឈឹងត្រឈៃ ដែលផ្ដល់នូវបរិយាកាសត្រជាក់ស្រស់ស្រាយសម្រាប់ការមកកម្សាន្តរបស់ភ្ញៀវទេសចរ៕