លេចវត្ដមានតារាចម្រៀង ចាន់ ស្រីខួច យ៉ាងស្រស់ស្អាតក្នុងពិធីសម្ពោធ PLUS 855 MUSIC
- 2025-05-26 06:44:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចវត្ដមានតារាចម្រៀង ចាន់ ស្រីខួច យ៉ាងស្រស់ស្អាតក្នុងពិធីសម្ពោធ PLUS 855 MUSIC
ចន្លោះមិនឃើញ
ប្រឡូកក្នុងវិស័យចម្រៀងជាង ៨ឆ្នាំ ផ្ដើមរចនាខ្លួន និងកេរ្ដិ៍ឈ្មោះតាំងពីប្រឡងដំបូងក្នុងកម្មវិធី The voice kids of Cambodia រដូវកាលទី១ ចាន់ ស្រីខួច ទើបទទួលបានឱកាសជាតារាចម្រៀងអាជីព និងកាន់តែល្បីល្បាញនៅក្នុងផលិតកម្មថ្មីមួយ គឺ PLUS 855 ។
ក្នុងពិធីសម្ពោធបើកជាផ្លូវការរបស់ផលិតកម្ម +855 កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ Oakwood រាជធានីភ្នំពេញ ចាន់ ស្រីខួច បានបង្ហាញវត្ដមាននៅលើឆាកជាមួយសិល្បករ-សិល្បការិនីផ្សេងទៀត នៃក្រុមតារាចម្រៀងឈានមុខរបស់ +855។ ក្រោមក្រសែភ្នែកអ្នកចូលរួមកម្មវិធីរាប់រយនាក់ ស្រីខួច មានសម្រស់ដ៏លេចធ្លោរក្នុងឈុតពណ៌ស ខណៈបទចម្រៀងក្រោមចំណងជើងថា “បណ្ដូលចិត្ដ” ដោយទទួលបានស្នូរទះដៃគាំទ្រយ៉ាងកងរំពង។
កញ្ញា ចាន់ ស្រីខួច៖ “ថ្មីៗនេះ ខ្ញុំទើបបានចូលរួមជាមួយ +855 ចេញចម្រៀងបានមួយបទ ហើយគ្រោងចេញជាបន្ដបន្ទាប់ទៀត ក្នុងគ្រួសារផលិតកម្មថ្មីដែលខ្ញុំទើបចាប់យកនេះ។ ក្រៅពីច្រៀង ខ្ញុំកំពុងបង្កើនសមត្ថភាពខ្លួនឯងរៀន ព្យាណូ ហ្គីតា និងនិពន្ធបទចម្រៀង ដើម្បីខ្ញុំអាចចូលរួមបម្រើអារម្មណ៍មហាជនបានកាន់តែទូលំទូលាយជាមួយTeam ថ្មីរបស់ខ្ញុំ”។
ទាក់ទងនឹងការបង្ហាញវត្ដមានតារាចម្រៀងស្រី ចាន់ ស្រីខួច និងតារាប្រុសជាច្រើនដួងនៅចំពោះមុខមហាជននេះ អគ្គនាយកក្រុមហ៊ុន +855 លោក ស៊ីវ រិទ្ធី បញ្ជាក់ថា +855 នឹងបន្ដបើកឱកាសដល់សិល្បករ-សិល្បការិនីផ្នែកចម្រៀងដែលមានទេពកោសល្យចាប់យកក្ដីស្រមៃរបស់ខ្លួនចង់ក្លាយជាតារាចម្រៀងអាជីព ហើយល្បីកាន់តែច្រើន ចាប់ពីថ្ងៃសម្ពោធបើកជាផ្លូវការ ក្រុមហ៊ុន ផ្លឹស អេជ ហ្វាយ ហ្វាយ ម្ញូហ្សិក ចាប់ពីពេលនេះតទៅ។
បើតាមអគ្គនាយរូបនេះ +855 បានក៏កើតជារូបរាង ហើយមានសន្ទុះគាំទ្រជាបន្ដបន្ទាប់តាំងពីឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមដំបូងដោយរូបលោកផ្ទាល់ និងមិត្ដភក្ដិដែលមានជំនាញលើវិស័យតន្ដ្រីស្រាប់។ ការសម្រេចចិត្ដសម្ពោធបើកក្រុមហ៊ុន ជាផ្លូវការនៅពេលនេះ ក៏ដោយសារតែលោកមើលឃើញសន្ទុះគាំទ្រកាន់តែកើនឡើង ខណៈតារាចម្រៀងវ័យក្មេងដ៏មានសក្ដានុពលប្រចាំផលិតកម្មថ្ពក់យកបេះដូងមហាជនបានកាន់តែច្រើន។
សូមជម្រាបថា ក្រុមហ៊ុន +855 ដែលក្រុមហ៊ុនផលិតបទចម្រៀងថ្មីមានសក្ដានុពល បានសម្ពោធបើកជាផ្លូវការកាលពីយប់មិញ នៅសណ្ឋាគារ Oakwoodដោយមានផលិតករ ឌីជេ តារាចម្រៀងល្បីៗ ចូលរួមអបអរសាទរ។ ក្នុងឱកាសនោះលោក ស៊ីវ រិទ្ធី ក៏ប្រកាសបើកដំណើរការផលិតបទចម្រៀងស្ទើរគ្រប់រសជាតិយ៉ាងសកម្ម ដើម្បីបម្រើអារម្មណ៍មហាជន ទន្ទឹមគ្នានឹងការប្រកាសទទួលយកតារាចម្រៀងថ្មីៗ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនមានឱកាស និងលទ្ធភាពច្រើនក្នុងការផលិតបទថ្មីៗ៕